ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថានៅឆ្នាំ២០២៥នេះសេដ្ឋកិច្ចកម្ពុជារំពឹងថាបន្តរក្សាបានចលនារឹងមាំជាមួយនិងអត្រាកំណើនក្នុងរង្វង់៦,៣% ដែលបន្តទ្រទ្រង់ដោយវិស័យបម្រើដល់ការនាំចេញ តួយ៉ាងដូចជាវិស័យកាត់ដេរ និងការមន្តសាល មិនមែនកាត់ដេរ, ការបន្តនិន្នាការឡើងវិញនៃវិស័យទេសចរណ៍ និងសេវាគាំទ្រ គួបផ្សំជាមួយនិងការបន្តស្ថិរភាពនៃកំណើននៃកំណើនវិស័យកសិកម្ម។
សម្តេចធិបតីមានប្រសាសន៍បែបនេះ ធ្វើឡើងនៅក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥៖ “យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងនិរន្តរភាព” កាលថ្ងៃទី៤ខែមីនាឆ្នាំ២០២៥។
សម្តេចធិបតីមានប្រសាសន៍លើកឡើងថា នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលនៅតែបន្តមានសុទិដ្ឋិនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចនូវមានលទ្ធភាពបន្តអាចសម្រេចបានជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៦,៥%។ យ៉ាងណាមិញកំណើននេះនឹងមិនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែទាមទារការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ មិនត្រឹមតែពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ នៅក្នុងការពង្រឹងការអនុវត្តគោលនយោបាយ និងការកែទម្រង់គន្លឹះៗ ហើយការវាយតម្លៃនេះក៏មានសង្គតិភាពទៅនិងរបាយការណ៍សិក្សារបស់វិទ្យាស្ថាន CDRIដែលត្រូវផ្សព្វផ្សាយនៅក្នុងសិន្និសីទថ្ងៃនេះដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍សង្កត់ធ្ងន់ថា “ខ្ញុំបានលើកឡើងថា កម្ពុជាអាចសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៦,៤% នៅក្នុងទសវត្សរ៍ ខាងមុខក្នុងករណីមានការរៀបចំគោលនយោបាយជាក់លាក់ចំៗ និងជាក់ស្តែងនិយម អមជាមួយការអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយអ្វីទាំងនោះជាអ្វីដែលខ្ញុំសង្ឃឹមថានិងទទួលចេញជាលទ្ធផលនៅក្នុងសន្និសីទពេលនេះផងដែរ”។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍លើកឡើងថា ក្រោយពីបានយកឈ្នះលើសមភូមិនៃជំងឺកូវីដ១៩ ដែលកាលនោះកម្ពុជាមិនត្រឹមតែប្រយុទ្ធក្នុងសមភូមិសុខភាពសាធារណៈប៉ុណ្ណោះទេ ក៏បានប្រយុទ្ធជាមួយសមភូមិគាំទ្រសង្គម ហិរញ្ញវត្ថុក៏ដូចជាសេដ្ឋកិច្ចដែលកម្ពុជាបានបើកប្រទេសទាំងស្រុងឡើងវិញនៅចុងឆ្នាំ២០២១ និងបានអនុញ្ញាតឱ្យសកម្មភាពសង្គម សេដ្ឋកិច្ចវិលទៅរកភាពប្រក្រតីឡើងវិញបន្តិចម្តងៗ។ ជាក់ស្តែងកំណើនសេដ្ឋកិច្ចកម្ពុជាបានវិលត្រឡប់ទៅរកគន្លងសក្តានុពលវិញជាសន្សឹមៗក្នុងអត្រា ៣,១% ៥,៤% ៥% និង៦%នៅក្នុងឆ្នាំ២០២១, ឆ្នាំ២០២២, ឆ្នាំ២០២៣ និងឆ្នាំ២០២៤ រៀងគ្នា៕