ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកាលពេលថ្មីៗនេះថា ក្រសួងបរិស្ថានមានកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈពាក់ព័ន្ធនឹងបរិស្ថាន បញ្ហាការប្រែប្រួលអាកាសធាតុ និងការគាំទ្រហិរញ្ញប្បទានបៃតងដល់សហគមន៍ មូលដ្ឋាននៅកម្ពុជា។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានចាត់ទុក ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន និងអនាគត។ ពិភពលោកទាំងមូល បានសម្ដែងនូវក្ដីព្រួយបារម្ភ អំពីបញ្ហាជាសកលនេះ។
លើសពីនេះ ឯកត្តមបណ្ឌិតរដ្ឋមន្ត្រី បញ្ជាក់ថា ភស្ដុតាងកាន់តែច្រើនបង្ហាញថា សកម្មភាពមនុស្ស គឺជាមូលហេតុ ចម្បង ដែលបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលងាយរងគ្រោះខ្លាំងដោយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ហើយកន្លងមក យើងបានទទួលរងនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ទ្រាក់ធ្ងន់ធ្ងរ កំណើនកម្ពស់ទឹកសមុទ្រ ជាពិសេស នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តាមរយៈគម្រោង Cambodian Climate Financing Facility ដែលផ្តល់មូលនិធិពីមូលនិធិអាកាសធាតុបៃតង (GCF) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដៃគូពាក់ព័ន្ធ នឹងជួយដល់ វិនិយោគគិនរបស់យើង ក្នុងការជំនះបានលើកង្វះហិរញ្ញវត្ថុ សម្រាប់ការ វិនិយោគបៃតង។
ក្រសួងបរិស្ថាន ក្នុងនាមជាស្ថាប័នជាតិនៃមូលនិធិអាកាសធាតុបៃតង (NDA) សូមគាំទ្រលើគម្រោង Cambodian Climate Financing Facility និងត្រៀមខ្លួនជាស្រេចផ្តល់កិច្ចសហការជាមួយ ARDB និងភាគីពាក់ព័ន្ធ ដើម្បីធានាបានជោគជ័យការអភិវឌ្ឍបៃតងនៅកម្ពុជា។
ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដោយផ្តោតលើយុទ្ធសាស្រ្តសំខាន់បីគឺ ភាពស្អាត បៃតង និងនិរន្តរភាព ដែលមានគោលដៅ ដើម្បីប្រែក្លាយសក្តានុពល វិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍បម្រើជូនប្រជាជាតិកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើងនូវកិត្យានុភាពប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។
ដើម្បីសម្រេចបានជោគជ័យ ក្នុងការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលលើវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ គឺទាមទាឱ្យមានការចូលរួមទាំងអស់គ្នា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន។
ធនាគារក៏បានផ្តល់សេវាផ្សេងទៀតជូនអតិថិជនគោលដៅ ដោយអនុលោមតាមគោលការណ៍អភិបាលកិច្ចល្អ និងការទទួលខុសត្រូវសង្គម និងបរិស្ថាន។ ក្នុងបរិបទនេះ ធនាគារចាំបាច់មានកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ក្នុងនោះ ក្រសួងបរិស្ថានជាក្រសួងដែលដើរតួនាទីយ៉ាងសំខាន់លើកិច្ចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដោយផោ្តតលើកិច្ចគាំពារបរិស្ថាននៅកម្ពុជា និងការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០ ដែលមានចក្ខុវិស័យបៃតង ធ្វើឱ្យមានសមភាព តុល្យភាព និងវឌ្ឍនភាព រវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌។
ធនាគារ ARDB និងក្រសួងបរិស្ថាន បានឈានដល់ការចុះអនុស្សរណៈយោគយល់គ្នា នាថ្ងៃនេះ ក្នុងគោលបំណងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋទាំងពីរ ដែលមានតួនាទីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុដោយផ្អែកលើសកម្មភាព (Mitigation) និងការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ (Adaptation) ដូចមានចែងក្នុងការរួមចំណែករបស់ជាតិ (Nationally Determined Contributions-NDCs) ដែលក្នុងនោះ វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យផ្សេងៗទៀត។