តាកែវ៖ យោងតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវបានឱ្យដឹងថា ចូលមកដល់ខែមករា ឆ្នាំ២០២៥នេះនៅតំបន់វាលទំនាបនៅប៉ែកខាងកើតទីរួមខេត្តតាកែវដែលមានផ្ទៃដីផលិតស្រូវប្រាំងប្រមាណ៨ម៉ឺនហិកតា ប្រជាកសិករកំពុងសម្រុកធ្វើស្រូវប្រាំងរបស់ខ្លួន ហើយនៅតាមតំបន់មួយចំនួនស្រូវប្រាំងរបស់កសិករកំពុងលូតលាស់និងមានការថែទាំយ៉ាងដិតដល់ពីកសិករផងដែរ។
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវបានឱ្យដឹងថា ការធ្វើស្រូវប្រាំងនៅតំបន់វាលទំនាបនៅភាគខាងកើតទីរួមខេត្តតាកែវ ចាប់ផ្តើមដំណើរការទៅតាមទឹកស្រក ហើយនៅតំបន់ខ្លះបានចាប់តាំងពីចុងខែវិច្ឆិកាឆ្នាំ២០២៤រហូតមកដល់សព្វថ្ងៃនេះកំពុងមមាញឹកការធ្វើស្រូវប្រាំងរបស់ខ្លួន។
លោកលើកឡើងថា តំបន់វាលទំនាបនៅប៉ែកខាងកើត ខេត្តតាកែវមានផ្ទៃដីដែលអាចផលិតស្រូវប្រាំងបានមានចំនួន៨ម៉ឺនហិកតា ហើយទទួលបានទិន្នផលស្រូវជាមធ្យម៥,២តោនក្នុងមួយហិកតា ។តួយ៉ាងកាលពីឆ្នាំ២០២៤កន្លងមកនេះការផលិតស្រូវប្រាំងបានចំនួន៥៩០ពាន់តោន។
លោកបន្តថា តំបន់វាលទំនាបនៅខាងកើតទីរួមខេត្តតាកែវ ពិសេសវាលទំនាបលិចទឹកពី៣ទៅ៦ខែនេះ ជាតំបន់ដែលមានសក្តានុពលភាពខ្លាំងជាងគេចំពោះដំណាំស្រូវ ហើយប្រជាពលរដ្ឋធ្វើស្រែប្រាំងនៅតំបន់ទាំងនោះនិយមចូលចិត្តពូជស្រូវ OM 5451និងពូជស្រូវ IR 504ច្រើនជាងពូជស្រូវផ្សេងៗ។
បើតាមប្រធានមន្ទីរកសិកម្មខាងលើ ស្រូវ OM 5451 ជាពូជស្រូវរបស់ប្រទេសវៀតណាម ហើយប្រជាកសិករដែលផលិតស្រូវពូជនេះ ភាគច្រើនតែងតែលក់បានថ្លៃនៅពេលប្រមូលផលនាពេលកន្លងមក។ ដោយឡែកសម្រាប់តម្លៃស្រូវមានការធ្លាក់ចុះនៅតាមតំបន់មួយចំនួននាពេលបច្ចុប្បន្ន ក្រៅពីការប្រែប្រួលនៃបរិមាណផ្គត់ផ្គង់និងតម្លៃស្រូវនៅលើពិភពលោក ឈ្មួញទិញស្រូវរបស់ប្រទេសវៀតណាមបានកាត់បន្ថយការប្រមូលទិញស្រូវពីកសិករកម្ពុជានៅតាមតំបន់ ដោយសារជាប់រៀបចំពិធីចូលឆ្នាំតាមបែបប្រពៃណីវៀតណាមមួយរយៈពេល៕