News & អន្តរជាតិ
Japanese-Rice-–-Everything-You-Need-to-Know-5864
តម្លៃអង្ករនៅប្រទេសជប៉ុន បន្តឡើងថ្លៃ ធ្វើឲ្យភោជនីយដ្ឋាន និងផ្សារទំនើបងាករកអង្ករនាំចូល
អន្តរជាតិ៖ ទីភ្នាក់ងារ ស៊ីនហួរ បានរាយការណ៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានឱ្យដឹងថា តម្លៃអង្ករជាមធ្យមនៅផ្សារទំនើបទូទាំងប្រទេសគឺ៤០៧៧ យ៉េន ឬប្រមាណ២៧ដុល្លារអាមេរិកក្នុងទម្ងន់៥គីឡូក្រាម កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥កន្លងមក ដែល​ក្នុង​ឆ្នាំ​២០២៤ អង្ករបានឡើងថ្លៃខ្ពស់ ហើយបង្កការព្រួយបារម្ភចំពោះអ្នកបរិភោគ។​ តម្លៃអង្ករជាមធ្យមនាពេលថ្មីៗនេះបានកើនឡើងចំនួន១២៥យ៉េន ឬប្រមាណ០,៨ដុល្លារអាមេរិក ពីសប្តាហ៍មុន ដែលនេះ​បានធ្វើឲ្យ​តម្លៃ​អង្ករ​ឡើង​ថ្លៃ​ក្នុង​សប្តាហ៍​ទី​១០​ជាប់ៗ​គ្នា។ វាជាលើកទីមួយនៅក្នុងប្រទេសជប៉ុន ដែលតម្លៃអង្ករជាមធ្យមបានឡើងលើសពី៤០០០យ៉េន ឬប្រមាណជាង២៦ដុល្លារអាមេរិក។ រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ចប់​ការ​ដេញ​ថ្លៃអង្ករ​បម្រុងទុក ​លើក​ដំបូង​របស់​ខ្លួននាសប្តាហ៍មុន ដោយគ្រោងនឹងបញ្ចេញទុនអង្ករបម្រុងទៅកាន់ផ្សារទំនើបទូទាំងប្រទេសក្នុងខែមីនា ឆ្នាំ២០២៥នេះ។ ដោយសារ​តែតម្លៃ​អង្ករក្នុង​ស្រុកនៅប្រទេស​ជប៉ុន​ឡើងថ្លៃធ្វើឱ្យភោជនីយដ្ឋាន និងហាងកាន់​តែច្រើន​នៅ​ជប៉ុន កំពុង​ងាក​ទៅទិញ​អង្ករដែល​នាំចូល​ពីបរទេស​វិញ​។ តម្លៃស្រូវជប៉ុនឡើងថ្លៃដោយមូលហេតុ​ការផលិត​ស្រូវ​នៅក្នុងប្រទេសជប៉ុន បានថយចុះ​យ៉ាងគំហុក។ ការថយចុះ​នៃការផលិត​នេះ បាន​កើតមានឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ជប៉ុន បានបញ្ចប់​ជំនួយជា​ថវិកាលើការ​ដាំស្រូវកាលពីឆ្នាំ​២០១៣ និងបាន​លើកទឹកចិត្ត​ឱ្យកសិករ​ដាំស្មៅជា​ចំណីគោ​វិញ​ ព្រមនឹងការកើនឡើងខ្លាំងនៃចំនួនភ្ញៀវទេសចរបរទេស និងស្របពេល​ដែលរដ្ឋាភិបាល​ជប៉ុនផ្តល់​កូតា​នាំចូលស្រូវចំនួន​១សែនតោន​ក្នុង១​ឆ្នាំ នាំឱ្យក្រុមហ៊ុន​ផ្សារទំនើប បានចាប់ផ្តើម​នាំចូលអង្ករ​ពីប្រទេស​អូស្ត្រាលី ចាប់តាំងពីខែ​មីនាមក ដោយ​បានចាប់​ផ្តើមលក់អង្ករ​នេះ នៅតាម​ហាងជាង១៤០​កន្លែង​ទូទាំង​ប្រទេស​ជប៉ុន​។ គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនមានស្តុកអង្ករចំនួន៩១០,០០០តោន ស្មើនឹងជាង២០ភាគរយនៃទុនបម្រុង៕ ​        
កាលវិភាគផ្សព្វផ្សាយ