សហភាពអឺរ៉ុបផ្តល់ទឹកប្រាក់ពីរលានអឺរ៉ូ សម្រាប់បង្កើតមន្ទីរពិសោធន៍កសិកម្មជាតិ និងដាក់ឱ្យដំណើរការគម្រោងគាំទ្រកសិពាណិជ្ជកម្មកម្ពុជាសម្រាប់នាំចេញ

photo_2026-04-01_13-12-15 (9)

ដោយ៖ នៅ ស៊ីវុត្ថា

ភ្នំពេញ៖ សហភាពអឺរ៉ុប ប្រកាសផ្តល់ទឹក ប្រាក់ ២លានអឺរ៉ូ សម្រាប់ការបង្កើតមន្ទីរពិសោធន៍កសិកម្មជាតិ និងដាក់ឱ្យដំណើរការគម្រោងគាំទ្រកសិពាណិជ្ជកម្មចំនួនបី ដើម្បីគាំទ្រដល់វិស័យកសិពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ដោយជួយផលិតករក្នុងស្រុកក្នុងការផ្លាស់ប្តូរពីផលិតផលឆៅទៅជាការនាំចេញដែលមានគុណភាពខ្ពស់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា បញ្ជាក់ថា មន្ទីរពិសោធន៍ថ្មីនេះ ត្រូវបានផ្តល់មូលនិធិដោយកម្មវិធីភាពជាដៃគូ EU–German Cambodia សម្រាប់កសិកម្មប្រកបដោយនិរន្តរភាព និងប្រព័ន្ធស្បៀងអាហារ (CAPSAFE) ដែលមានកញ្ចប់ថវិកាចំនួន  ២៤.៣ លានអឺរ៉ូ ស្មើនឹង ប្រមាណ ២៨.១ លានដុល្លារអាមេរិក។

ប្រភពដដែលបន្តថា  មន្ទីរធ្វើតេស្តទំនើបនេះ ដែលទទួលស្គាល់តាមស្តង់ដារ ISO នឹងជួយឱ្យការនាំចេញស្បៀងអាហាររបស់កម្ពុជា អនុលោមតាមស្តង់ដារអន្តរជាតិ និងលើកកម្ពស់សមត្ថភាពក្នុងពាណិជ្ជកម្មពិភពលោក។ លើសពីនេះ សហគ្រាសធុនតូច និងមធ្យមកម្ពុជាចំនួន ២៩ មកពីវិស័យស្វាយចន្ទី ម្រេច និងស្វាយ ត្រូវបានជ្រើសរើស ដើម្បីទទួលបានជំនួយបច្ចេកទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។

អាជីវកម្មទាំងនេះបង្ហាញពីសក្តានុពលខ្ពស់ ក្នុងការពង្រឹងផលិតកម្ម បង្កើនប្រាក់ចំណូល បង្កើតការងារ និងឆ្លើយតបតម្រូវការទីផ្សារ ជាមួយនឹងការគាំទ្របន្ថែម។ គំនិតផ្តួចផ្តើមនេះ ជាផ្នែកមួយនៃកម្មវិធី EU–German GATE ដែលគាំទ្រដល់ក្រុមហ៊ុនក្នុងការអនុលោមតាមស្តង់ដារអន្តរជាតិ និងពង្រីកការចូលទៅកាន់ទីផ្សារកម្រិតខ្ពស់ ដូចជា សហភាពអឺរ៉ុប។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ ថ្ងៃនេះ យើងកំពុងបម្លែងយុទ្ធសាស្ត្រកម្រិតខ្ពស់ទៅជាឱកាសជាក់ស្តែងសម្រាប់កសិករ និងសហគ្រិននៅមូលដ្ឋាន។ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាមន្ទីរពិសោធន៍កសិកម្មជាតិ និងការគាំទ្រតាមគោលដៅដល់សហគ្រាសធុនតូច និងមធ្យម យើងកំពុងជួយកម្ពុជាឱ្យឡើងខ្ពស់ក្នុងខ្សែច្រវាក់តម្លៃ។

ឯកឧត្តមទូតបន្ថែមថា  ទីផ្សារពិភពលោកកាន់តែទាមទារផលិតផលដែលមានគុណភាព និងនិរន្តរភាព ហើយកម្ពុជាមានសក្តានុពលក្នុងការឆ្លើយតបតម្រូវការនេះ។ សហភាពអឺរ៉ុបនឹងបន្តគាំទ្រ ដើម្បីធានាថាកំណើននេះ មានលក្ខណៈបៃតង បរិយាបន្ន និងភាពធន់»។

ចំណែក ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានសង្កត់ធ្ងន់ថា៖ «អាល្លឺម៉ង់ប្តេជ្ញាគាំទ្រវិស័យកសិពាណិជ្ជកម្មរបស់កម្ពុជា តាមរយៈផលិតកម្មប្រកបដោយនិរន្តរភាព។ តាមរយៈ កម្មវិធី CAPSAFE និង EU–German GATE ជាមួយនឹងជំនាញបច្ចេកទេសរបស់ GIZ យើងកំពុងកាត់បន្ថយគម្លាតរវាងអ្នកផលិតកម្ពុជា និងអ្នកទិញនៅអឺរ៉ុប»។

ឯកឧត្តមបន្ថែមថា វិធីសាស្ត្រ Team Europe មិនត្រឹមតែបើកទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានសារៈសំខាន់ ដើម្បីធានាថា ការផ្លាស់ប្តូររបស់កម្ពុជាទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យម គឺមានយុត្តិធម៌ ជោគជ័យ និងនិរន្តរភាព»។

ទាក់ទិននឹងបញ្ហានេះដែរ ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ឱ្យដឹងថា  ប្រទេសអាល្លឺម៉ង់កំពុងបង្កើនការគាំទ្រដល់វិស័យកសិពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ដោយជួយផលិតករក្នុងស្រុកក្នុងការផ្លាស់ប្តូរពីផលិតផលឆៅទៅជាការនាំចេញដែលមានគុណភាពខ្ពស់។

ប្រភពដដែលបន្តថា រួមគ្នាជាមួយសហភាពអឺរ៉ុប និងដៃគូ ប្រទេសអាល្លឺម៉ង់កំពុងគាំទ្រគំនិតផ្តួចផ្តើមជាក់ស្តែងតាមរយៈ មន្ទីរពិសោធន៍កសិកម្ម ក្នុងទឹកប្រាក់ ២លានអឺរ៉ូ ដើម្បីជួយឱ្យកសិកម្មសមស្របតាមស្តង់ដារអន្តរជាតិ ដែលគាំទ្រដោយផ្ទាល់ដល់សហគ្រាសធុនតូច និងមធ្យមចំនួន២៩ ក្នុងការពង្រីកខ្លួនទៅកាន់ទីផ្សារថ្មីៗ និងភាពជាដៃគូថ្មីៗ ជាមួយក្រុមហ៊ុនអាល្លឺម៉ង់ក្រោមគម្រោង “មជ្ឈមណ្ឌលផ្គត់ផ្គង់ប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា”។

បើតាមប្រភពដដែល  កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងពង្រឹងខ្សែច្រវាក់តម្លៃក្នុងវិស័យគ្រាប់ស្វាយចន្ទី ម្រេច និងស្វាយ ដើម្បីបង្កើនគុណភាព កាត់បន្ថយការខាតបង់ និងផ្សាភ្ជាប់ផលិតករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប។យើងកំពុងរួមគ្នាកសាងវិស័យកសិពាណិជ្ជកម្មដែលមានការប្រកួតប្រជែង និងប្រកបដោយចីរភាពជាងមុន ដែលបង្កើតការងារ និងផ្តល់ឱកាសពិតប្រាកដសម្រាប់ប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ គម្រោងបន្ថែមពីរត្រូវបានចុះហត្ថលេខា ដោយអាល្លឺម៉ង់ និងហូឡង់។ គម្រោងទី១ មានឈ្មោះថា Responsible Sourcing Hub Cambodia មានគោលបំណងអភិវឌ្ឍកម្ពុជាឲ្យក្លាយជាមជ្ឈមណ្ឌលប្រភពផលិតផលកសិកម្មប្រកបដោយនិរន្តរភាពសម្រាប់ទីផ្សារអឺរ៉ុប។  និង គម្រោងទី២ មានឈ្មោះ Scaling Mango Processing ដែលធន់នឹងអាកាសធាតុ ដឹកនាំដោយក្រុមហ៊ុន Kirirom Food Production នឹងពង្រីកសមត្ថភាពកែច្នៃស្វាយដល់ ៨០,០០០ តោនក្នុងមួយឆ្នាំ បង្កើតផលិតផលថ្មីៗ ដូចជា ទឹកផ្លែឈើ និងទឹកសុទ្ធ ព្រមទាំងគាំទ្រកសិករ តាមរយៈការបណ្តុះបណ្តាល និងកែលម្អធាតុចូល ដើម្បីកាត់បន្ថយការបាត់បង់ក្រោយការប្រមូលផល។

សហភាពអឺរ៉ុបអនុវត្តវិធីសាស្ត្រ ៣៦០ ដឺក្រេ ក្នុងការគាំទ្រការអភិវឌ្ឍនៅកម្ពុជា ដោយចូលរួមវិស័យឯកជននៅគ្រប់ដំណាក់កាល ចាប់ពីការកសាងភាពជាដៃគូ កែលម្អការចូលដំណើរការហិរញ្ញវត្ថុ រហូតដល់ការពង្រឹងជំនាញ និងសមត្ថភាព។ វិធីសាស្ត្រនេះធានាថា ការវិនិយោគមាននិរន្តរភាព អាចពង្រីកបាន និងគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។ នៅពេលកម្ពុជាខិតជិតចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ ២០២៩ អន្តរាគមន៍ទាំងនេះជួយដោះស្រាយឧបសគ្គសំខាន់ៗ ដូចជា សមត្ថភាពផលិតកម្ម ការអនុលោមតាមស្តង់ដារ និងភាពធន់នឹងអាកាសធាតុ៕


DSC08046
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្តនាយទាហាន និងពលទាហានកងពលតូចអន្តរាគមន៍លេខ៨ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការរីអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨។ ពិធីចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គឹម ច័ន្ទបញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រីទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោ និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញភារកិច្ច ដោយលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិ បូរណភាពទឹកដី ប្រជាពលរដ្ឋ និងប្រជាជននៅសមរភូមិក្រោយ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខនាយទាហាន និងពលទាហានធ្វើឡើងពីរដងគឺក្នុងឱកាសបុណ្យប្រពៃណីជាតិ ដូចជាបុណ្យភ្ជុំបិណ្ឌ […]

photo_2026-09-27_16-05-34 (3)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានត្រីភាគី តភ្ជាប់ទីផ្សារ និងការផលិត

ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP Development Award) ឆ្នាំ២០២៦ លើកម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិតនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ធនាគារ ARDB ក្នុងការផ្តល់នូវនវានុវត្តន៍ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ពោលគឺអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព សម្រាប់វិស័យកសិកម្មតាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងយន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ARDB, ក្នុងនាមជាស្ថាប័នដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនភាពធន់នៃអាជីវកម្មដល់ប្រជាកសិករ, លើការខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការគាំទ្រ​ប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានចីរភាព៕

tg_image_4034619774
ស្ត្រីវៀតណាមម្នាក់កាប់ដើមទុរេនមួយចម្ការ ដើម្បីកាយរកឆ្អឹងខ្មោចទាហាន ស្លាប់ក្នុងសង្គ្រាម

ហូជីមិញ៖​ ស្ត្រីកសិករជនជាតិវៀតណាមម្នាក់​ អាយុ៥៦ រស់នៅក្នុងខេត្តដុងថាប់​ អតីតខេត្តខ្មែរ ហៅថា ខេត្តផ្សារដែក បានកាប់ចោលដើមទុរេនជាង១០០ដើម ដើម្បីកាយរកឆ្អឹងខ្មោចទាហានវៀតណាម ស្លាប់នៅក្នុងសម័យសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។ ម្ចាស់ចម្ការរូបនេះ មានអារម្មណ៍សោកស្តាយនៅពេលឃើញអាជ្ញាធរវៀតណាម កាប់រំលំចោលដើមទុរេននៅក្នុងចម្ការ ដែកជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែគាត់បានបង្ខំចិត្តយល់ព្រមជាមួយក្រុមទាហានស្រាវជ្រាវរកឆ្អឹងខ្មោច​ ព្រោះគាត់តែងតែឃើញឆ្អឹងមនុស្សនៅពេលក្នុងដីច្រើនពេក។ គាត់បាននិយាយថា «ការរកឃើញអដ្ឋិធាតុបាន គឺមានន័យថា ក្រុមគ្រួសារអាចដឹងថា ធាតុរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួនកប់នៅទីណា ហើយអាចនាំធាតុទៅផ្ទះ ដើម្បីគោរពបូជា និងរំឭកដល់វិញ្ញាណក្ខន្ធពួកគេ»។ ចម្ការទុរេនស្របច្បាប់នេះ កាលពីមុនធ្លាប់ជាទីតាំងកប់ខ្មោងទាហានវៀតណាមស្លាប់ក្នុងសម័យសង្គ្រាម។ ប៉ុន្តែសារព័ត៌មានវៀតណាម មិនបញ្ជាក់ពីការស្លាប់នោះក្នុងសង្គ្រាមជាមួយកម្ពុជា ឬជាមួយទាហានអាម៉េរិកាំងឡើយ។ កាលពីប៉ុន្មានឆ្នាំមុន នៅពេលគ្រួសាររបស់គាត់ជីកធ្វើប្រឡាយទឹក ឬជីកដី ដើម្បីដាំដើមទុរេន គាត់បានរកឃើញអដ្ឋិធាតុមនុស្សបីនាក់ផ្សេងគ្នា ហើយបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលបន្ទាប់មកបានមកប្រមូលយកអដ្ឋិធាតុទាំងនោះទៅរក្សាទុក។ ទោះបីជាយ៉ាងណា គាត់នៅតែមានអារម្មណ៍ថា អាចនៅមានឆ្អឹងទាហានផ្សេងទៀតកប់នៅក្នុងដីចម្ការនេះ។ កសិករម្នាក់នេះបាននិយាយរំឭកថា «ខ្ញុំគិតថា ប្រហែលជានៅមានអដ្ឋិធាតុទាហានផ្សេងទៀតនៅក្នុងចម្ការ ប៉ុន្តែចម្ការនេះធំណាស់ ហើយខ្ញុំមិនដឹងថា ត្រូវស្វែងរកនៅកន្លែងណាទេ។ ពេលនោះគ្មានវិធីណាផ្សេងឡើយ ដូច្នេះខ្ញុំក៏បន្តដាំដើមទុរេន» លើផ្នូរខ្មោចទាំងនោះ។ គាត់បាននិយាយបន្តទៀតថា ការបាត់បង់ដើមទុរេនទាំងនេះ គឺជាការលះបង់ផ្នែកហិរញ្ញវត្ថុដ៏ធំមួយសម្រាប់គ្រួសារ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថា ការស្វែងរក និងនាំយកអដ្ឋិធាតុរបស់ទាហានស្លាប់ […]

iC7HBvohbJqExqvbKcV3pP
ជប៉ុនរកឃើញសត្វល្អិត២១ប្រភេទ  លើដំឡូងបារាំងស្រស់នាំចូលពីអាម៉េរិក អាចឆ្លងដល់ដំណាំក្នុងស្រុក

តូក្យូ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានរកឃើញសត្វល្អិតចង្រៃចំនួន២១ប្រភេទ នៅលើដំឡូងបារាំងស្រស់នាំចូលពីសហរដ្ឋអាម៉េរិក ស្របពេលអាម៉េរិកសុំឱ្យជប៉ុនលុបចោលការរឹតបន្តឹងបែបនេះ។ កសិករជប៉ុន អង្គការចែកចាយ និងអ្នកស្រាវជ្រាវប្រមាណ៧០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសជប៉ុន ស្តីពីការរកឃើញមេរោគឆ្លងនៅក្នុងដំឡូងបារាំងស្រស់ នាំចូលពីអាម៉េរិក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ​បានឱ្យដឹងថា ពពួកសត្វល្អិតនេះ គឺជាប្រភេទដង្កូវស៊ីឫសដំឡូងបារាំង (Globodera rostochiensis) និងពពួកដង្កូវស៊ីមើមដំឡូងបារាំង (Globodera pallida) ដែលសុទ្ធតែជាប៉ារ៉ាស៊ីតរស់នៅលើដំឡូងបារាំងនាំចូលពីអាម៉េរិក។ អគ្គនាយកការិយាល័យកិច្ចការអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បាននិយាយថា​ ការធានាឱ្យមានវិធានការគ្រប់គ្រងហានិភ័យ ដើម្បីទប់ស្កាត់ការនាំចូលសត្វល្អិត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំរបស់ជប៉ុន គឺជាមូលដ្ឋានរឹងមាំសម្រាប់ការលុបចោលនាំចូលដំឡុងបារាំង។ សហរដ្ឋអាម៉េរិកបានស្នើជាលើកដំបូងនៅឆ្នាំ២០២០ ឱ្យជប៉ុនអនុញ្ញាតនាំចូលដំឡូងបារាំងស្រស់ សម្រាប់លក់នៅផ្សារទំនើប និងប្រើប្រាស់ក្នុងវិស័យសេវាកម្មម្ហូបអាហារ នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន ជប៉ុនអនុញ្ញាតឱ្យនាំចូលផលិតផលដំឡូងបារាំងក្លាសេ និងកែច្នៃពីប្រទេសជាច្រើន ប៉ុន្តែក្រោមច្បាប់ការពាររុក្ខជាតិ ការនាំចូលដំឡូងបារាំងស្រស់ នៅតែត្រូវបានហាមឃាត់ដាច់ខាត ដោយសារខ្លាចមានសត្វល្អិតចង្រៃ។ ចំណែកនៅកោះតៃវ៉ាន់វិញ ដែលសម្ពន្ធមិត្តរបស់អាម៉េរិក ចាក់ទឹកមិនលិចដូចជប៉ុនដែរ បានរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដែលសូម្បីតែដំបូងបារាំងអាម៉េរិកមានដុះពន្លក ក៏ហាមមិនឱ្យនាំចូលដែរ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ