ដោយ ឡុង សារេត
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ ADBបានអនុម័តវិធីសាស្រ្តកម្មវិធី និងកម្ចីផ្អែកលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជាដោយផ្តោតលើទាំងគ្រឹះស្ថានធនាគារនិងគ្រឹះស្ថានដែលមិនមែនជាធនាគារព្រមទាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងសមត្ថភាពហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។
យោងតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីមួយនេះបានគូសបញ្ជាក់ថាកម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននិងនិរន្តរភាពនេះ មានគោលបំណងលើកកម្ពស់សមត្ថភាព ស្ថិរភាព និង ការអនុវត្តប្រតិបត្តិការរបស់វិស័យនេះ សំដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប្រកបដោយបរិយាបន្ន និងភាពធន់។
នាយកស្តីទីរបស់ ADB ប្រចាំប្រទេសកម្ពុជា លោក Anthony Gill មានប្រសាសន៍ថា “ដំណើររបស់កម្ពុជា ឆ្ពោះទៅរកកំណើនប្រកបដោយបរិយាបន្ននិងនិរន្តរភាពបានចាក់ឫសក្នុងចក្ខុវិស័យរបស់ប្រទេសដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តាមរយៈការវិនិយោគលើកម្មវិធីនេះ ADB គាំទ្រកម្ពុជាក្នុងការពង្រឹងសមត្ថភាព ស្ថិរភាព និងការអនុវត្តប្រតិបត្តិការវិស័យហិរញ្ញវត្ថុរបស់ប្រទេសកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនដែលធន់ ពង្រីកបរិយាបន្នហិរញ្ញវត្ថុ និង ជំរុញសក្តានុពលវិស័យឯកជន។ តាមរយៈការពង្រឹងប្រព័ន្ធអេកូហិរញ្ញវត្ថុប្រកបដោយថាមពល និង បរិយាបន្ន ADB មានគោលបំណងផ្តល់អំណាចដល់ ស្ថានប័នអាជីវកម្ម ទាក់ទាញការវិនិយោគ និងធានាថាវិបុលភាពគ្របដណ្តប់គ្រប់ជ្រុងនានាក្នុងសង្គម”។
បើយោងតាម ADB,ស្របពេលដែលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ការអភិវឌ្ឍបន្ថែមគឺចាំបាច់ដើម្បីជំរុញសក្តានុពលពេញលេញរបស់ប្រទេស។ បញ្ហាប្រឈមដូចជា សកម្មភាពទីផ្សារមិនទាន់ខ្លាំងក្លា ការទទួលបានសេវានៅមានកម្រិត និង ចន្លោះប្រហោងក្នុងការការពារអ្នកវិនិយោគនៅតែមាន ទន្ទឹមនឹងក្របខ័ណ្ឌបទប្បញ្ញត្តិដែលមិនទាន់បានអភិវឌ្ឍពេញលេញ ចំណេះដឹងផ្នែកហិរញ្ញវត្ថុទាប និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលមិនទាន់គ្រប់គ្រាន់។ លើសពីនេះ អវត្ដមាននៃក្របខ័ណ្ឌនិរន្តរភាពរួម រារាំងវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអាកាសធាតុនិងហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន។
ដំណាក់កាលដំបូងនៃកម្មវិធីដែលបានអនុម័តនេះ ផ្តោតលើការពង្រឹងបរិយាកាសបទប្បញ្ញត្តិ ស្ថិរភាពហិរញ្ញវត្ថុ សកម្មភាពទីផ្សារ និង ការការពារអ្នកប្រើប្រាស់ ជាមួយនឹងការបង្កើតផែនការយុទ្ធសាស្រ្តសម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ទ្រព្យឌីជីថល និងរូបិយប័ណ្ណគ្រីបតូ និងការផ្តល់ហិរញ្ញប្បទានទៅវិញទៅមកតាមវិស័យ។ ការអនុវត្តយុទ្ធសាស្ត្រអប់រំផ្នែកហិរញ្ញវត្ថុ នឹងជួយបង្កើតបរិយាកាស អំណោយផលសម្រាប់ហិរញ្ញវត្ថុដែលមានបរិយាបន្ន និងគាំទ្រដោយបច្ចេកវិទ្យា។ ដើម្បីបង្កើនក្របខ័ណ្ឌនិរន្តរភាពនៅទូទាំងវិស័យហិរញ្ញវត្ថុ ការបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ការចេញគោលការណ៍ណែនាំសម្រាប់ការចែករំលែកព័ត៌មានអំពីនិរន្តរភាពសាជីវកម្ម និង ការបង្កើតយន្តការសម្រាប់ការចេញសញ្ញាបណ្ណនិរន្តរភាពសម្រាបវិស័យសាធារណៈក៏គោលដៅនៃការវិនិយោគលើកម្មវិធីនេះដែរ៕






