ដោយ ឡុង សារេត
ភ្នំពេញ៖ សមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) រួមនិងដៃគូសហការបានរៀបចំការតាំងពិព័រណ៍ផលិតផលខ្មែរលើកទី២ ក្រោមប្រធានបទ រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ ក្នុងគោលបំណងដើម្បីពង្រឹងសារតីស្រាលាញ់ជាតិរួមគ្នា ជាសំឡេងតែមួយ។
នៅក្នុងពិធីបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរលើកទី២កាលថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៥, ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ និងជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា(FASMEC)មានប្រសាសន៍ថា កត្តាដែលជំរុញឱ្យសមាគមមូលនិធិសម្តេចតេជោ និង FASMEC ធ្វើការរៀបចំពិព័រណ៍ផលិតផលខ្មែរលើកទី២ គឺដោយសារព្រឹត្តិការណ៍ពិព័រណ៍ដែលបានរៀបចំលើកទី១ទទួលបានការគាំទ្រច្រើនពីបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ជាពិសេសមានការសំណូមពរពីម្ចាស់សហគ្រាសដែលជា SMEឱ្យមានការរៀបចំពិព័រណ៍សារជាថ្មីម្តងទៀត។
ឧកញ៉ា តែ តាំងប៉ មានប្រសាសន៍គូសបញ្ជាក់ថា “ការផ្តួចផ្តើមរៀបចំពិព័រណ៍ផលិតផលខ្មែរនេះឡើងក្នុងគោលបំណង ពង្រឹងស្មារតីស្រលាញ់ជាតិរួមគ្នា ជាសំឡេងតែមួយ ព្រមទាំងជួយជំរុញការគាំទ្រ ពង្រឹងសមត្ថភាពផលិតផលក្នុងស្រុក តាមរយៈរួមគ្នាប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកបានដាក់តាំងបង្ហាញនិងផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន ក៏ដូចជាទាក់ទាញដៃគូអាជីវកម្មនានា”។
បើតាមឧកញ៉ា តែ តាំងប៉, ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាយន្តការបន្ថែមសម្រាប់បង្កើនស្មារតីជាតិឱ្យប្រជាជនចូលរួមប្រើប្រាស់ផលិតផលជាតិឱ្យកាន់តែច្រើនឡើង ដែលជាផ្នែកមួយក្នុងការលើកទឹកចិត្តបន្ថែមដល់សហគ្រាសក្នុងស្រុក ឱ្យខិតខំ ពង្រឹងនិងពង្រីកផលិតផលឱ្យបានកាន់តែល្អ មានគុណភាព មានអនាម័យ សុវត្ថិភាពនិងបរិមាណ។ លើសពីនេះបានអំពាវនាវដល់ម្ចាស់សហគ្រាសក្នុងស្រុកទាំងអស់ លក់ផលិតផលរបស់ខ្លួនក្នុងតម្លៃសមរម្យដើម្បីអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល និងឈានទៅដល់ការនាំចេញទៅក្រៅប្រទេស។
ឧកញ៉ា តែ តាំងប៉ លើកឡើងថា “ពលរដ្ឋខ្មែរគ្រប់រូបត្រូវគាំទ្រនូវអ្វីដែលយើងមាន ទោះនៅក្នុងកាលៈទេសៈបែបណាក៏ដោយ ត្រូវរួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលរបស់ជាតិយើងដោយមិនត្រូវពឹងផ្អែកលើការនាំចូលទំនិញពីបរទេសឡើយ។ ពោលមានតែយើងខ្លាំងទេ ទើបអាចប្រឈមនិងការប្រែប្រួលពីនយោបាយពាណិជ្ជកម្មពិភពលោក ដែលកំពុងមិនមានភាពប្រាកដប្រជានាពេលបច្ចុប្បន្ន។ ខ្ញុំមានជំនឿយ៉ាងមុតមាំក្នុងពិព័រណ៍ផលិតផលខ្មែរលើកទី២នេះ នឹងជួយជំរុញស្មារតីជាតិដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនត្រូវភ្លេចខ្លួនឡើយ មិនត្រូវគាំទ្រតែនៅក្នុងមួយរយៈពេលខ្លី ក៏ដូចជាអ្នកផលិតទាំងអស់ព្យាយាមកាត់បន្ថយថ្លៃដើមផលិត និងរក្សាគុណភាពផលិតផល មិនត្រូវឆ្លៀតតម្លើងថ្លៃ ដោយបន្ថយគុណភាពផលិតផលឡើយ”។
ក្នុងឱកាសនោះផងដែរ, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនៅសេចក្តីសោមនស្សរីករាយក្នុងការចូលរួមការតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥លើកទី២ ក្រោមប្រធានបទ រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ ។លើសពីនេះឯកឧត្តមបានអបអរសាទរចំពោះមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដែលទទួលបានជោគជ័យនៅការរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ ពង្រឹងនិងពង្រីកសមត្ថភាពផលក្នុងស្រុកលើកទី១កាលពីខែកញ្ញាឆ្នាំ២០២៥កន្លងទៅផងដែរ។
ឯកឧត្តម មានប្រសាសន៍ថា ម្ចាស់សហគ្រាស ក្រុមហ៊ុន និងសិប្បកម្មកែច្នៃក្នុងស្រុកយកផលិតផលមកចូលរួមដាក់តាំងនៅក្នុងពិព័រណ៍ផលិតផលខ្មែរពេលនេះ គឺបានបង្ហាញពីភាពសកម្មនិងចង់ចូលរួមឱ្យមានការវិវត្តន៍នៃផលិតផលជាតិ។ ដូចនេះការតាំងពិព័រណ៍ផលិតផលខ្មែរពេលនេះ កាន់តែធ្វើឱ្យការផលិតមានភាពសំបូរបែប៕




