ទីក្រុងអូក្លិន នូវ៉ែលហ្សេឡង់៖ ឯកឧត្តមបណ្ឌិត កៅ ថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និងជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងគណៈប្រតិភូ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ គឺការរៀបចំពិធីប្រកាសបើកជាផ្លូវការនូវការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់។
ព្រឹត្តិការណ៍នេះ គឺជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រក្នុងការពង្រីកបណ្តាញសេដ្ឋកិច្ចរបស់កម្ពុជា ទៅកាន់តំបន់ប៉ាស៊ីហ្វិក និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនូវ៉ែលហ្សេឡង់។
ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ និងតំណាងធុរជនសំខាន់ៗ ក្នុងនោះរួមមាន៖
* ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលជាតំណាងដ៏ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា។
* ឯកឧត្តម ហេង ស៊ីនឿន ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
* ភ្ញៀវកិត្តិយសពិសេស រួមមាន វិនិយោគិន និងធុរជនដើមកំណើតខ្មែរ សញ្ជាតិនូវ៉ែលហ្សេឡង់ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ចប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានប្រកាសលទ្ធផលបោះឆ្នោត ដែលបានជ្រើសរើសលោក ឃួយ ម៉ៃខល ជាផ្លូវការ និងទទួលបានការអនុម័តជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានគួសរំលេចពីសារៈសំខាន់នៃការបង្កើតការិយាល័យតំណាងនៅទីក្រុងអូក្លិន ដោយមានប្រសាសន៍ថា «នៅវេលានេះ ម៉ោងនេះ គឺត្រូវបានគេមើលឃើញថា ជាការវិនិយោគទុនការទូតសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។ នូវ៉ែលហ្សេឡង់ ត្រូវបានទទួលស្គាល់ថា ជាមហាអំណាចមួយក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាកសិកម្មទំនើប និងការកែច្នៃចំណីអាហារ ដែលជាវិស័យអាទិភាពក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ការិយាល័យថ្មីនេះនឹងដើរតួនាទីជាទីប្រឹក្សា និងជាស្ពានតភ្ជាប់ដ៏មានប្រសិទ្ធភាពក្នុងការ៖
* ផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគជាកន្លែង ផ្តល់ព័ត៌មានលម្អិតអំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌតំបន់ និងសកល (RCEP) និងសក្តានុពលនៃការវិនិយោគទៅលើវិស័យកែច្នៃកសិផល ឧស្សាហកម្ម និងបច្ចេកវិទ្យា។
* ជំរុញការនាំចេញ ដោយបង្កើតវេទិកាសម្រាប់ផលិតផលកសិកម្ម និងសិប្បកម្មរបស់កម្ពុជា ឱ្យអាចជ្រៀតចូលទៅក្នុងទីផ្សារនូវ៉ែលហ្សេឡង់ ដែលផ្តោតលើគុណភាពខ្ពស់ និងសុវត្ថិភាពម្ហូបអាហារ។
* ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ភ្ជាប់ទំនាក់ទំនងរវាងធុរជន និងធុរជន (B2B) និងស្វែងរកឱកាសបណ្តុះបណ្តាលដើម្បីផ្ទេរបច្ចេកវិទ្យាទំនើបៗមកកម្ពុជា។
ក្នុងកម្មវិធីដ៏ឧឡារិកនោះដែរ ឯកឧត្តមបណ្ឌិត ជឺន បូរាណ ច័ន្ទបូរី បានថ្លែងសុន្ទរកថាគន្លឹះ និងបានផ្តល់នូវសារណែនាំដ៏មានសារៈសំខាន់ ដែលជាត្រីវិស័យសម្រាប់ដឹកនាំការិយាល័យតំណាងថ្មី។
ឯកឧត្តមបណ្ឌិតអគ្គរាជទូត បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងបានណែនាំដល់លោក ឃួយ ម៉ៃខល និងសហការីត្រូវផ្តោតជាចម្បង ដោយមានប្រសាសន៍ដូច្នេះថា “ការិយាល័យតំណាងនេះ គឺជាដៃគូយុទ្ធសាស្ត្ររបស់ស្ថានទូត ក្នុងការអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ច។ លោកប្រធានត្រូវបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូត ដើម្បីធានាបាននូវការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព។ ភារកិច្ចចម្បង គឺការផ្សព្វផ្សាយទីផ្សារសក្តានុពល ជាពិសេសលើកសិផល និងទំនិញកែច្នៃរបស់កម្ពុជា ទៅកាន់ទីផ្សារនូវ៉ែលហ្សេឡង់ ដើម្បីពង្រីកចំណែកទីផ្សារឱ្យបានទូលំទូលាយ។”
ជាការឆ្លើយតបពីមតិផ្តាំផ្ញើរបស់គណៈអធិបតី លោក ឃួយ ម៉ៃខល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទុកចិត្តរបស់ថ្នាក់ដឹកនាំ និងបានប្រកាសពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់លោកថា “ខ្ញុំសូមប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងប្រើប្រាស់បទពិសោធន៍ ជំនាញ និងបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួនទាំងអស់ ដើម្បីធ្វើឱ្យការិយាល័យតំណាងរបស់យើងនៅអូក្លិននេះ ក្លាយជាស្ពានតភ្ជាប់ប្រកបដោយប្រសិទ្ធភាពបំផុត។ ខ្ញុំនឹងជំរុញការផ្សព្វផ្សាយអំពីសក្តានុពល ‘កសិកម្មស្អាត’ និង ‘ទំនិញមានគុណភាព’ របស់កម្ពុជា ទៅកាន់ទីផ្សារនូវ៉ែលហ្សេឡង់ និងតំបន់ប៉ាស៊ីហ្វិក ដោយឈរលើគោលការណ៍តម្លាភាព។ ខ្ញុំនឹងខិតខំធ្វើការជាមួយវិនិយោគិនដើមកំណើតខ្មែរនៅទីនេះ ដើម្បីបង្វែរមនោសញ្ចេតនាមាតុភូមិ ឱ្យក្លាយជា ទុនវិនិយោគពិតប្រាកដ ត្រឡប់ទៅបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចជាតិមាតុភូមិវិញ។ ខ្ញុំនឹងមិនទុកឱ្យការទុកចិត្តដ៏ឧត្តុង្គឧត្តមនេះខកបំណងឡើយ!”៕










