កូឡាឡាំពួរ៖ ផ្លែទុរេនរបស់ប្រទេសម៉ាឡេស៊ីកំពុងទទួលបានប្រជាប្រិយភាពនៅទូទាំងទីផ្សារពិភពលោក ដោយការនាំចេញបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលតម្រូវការផ្លែឈើនៅតែបន្តកើនឡើងនៅអាស៊ី អឺរ៉ុប និងអាម៉េរិកខាងជើង។
យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី បានឱ្យដឹងកាលទី៣០ ខែតុលា ឆ្នាំ២០២៥នេះថា បើគិតត្រឹមចន្លោះឆ្នាំ២០២០ និង២០២៤ ការនាំចេញផ្លែទុរេនរបស់ប្រទេសម៉ាឡេស៊ីទៅកាន់ទីផ្សារក្នុងទ្វីបអឺរ៉ុប បានកើនឡើង១៦២ភាគរយ ខណៈការដឹកជញ្ជូនទៅកាន់ប្រទេសក្នុងទ្វីបអាម៉េរិកខាងជើង និងតំបន់មជ្ឈិមបូព៌ា បានកើនឡើង៥,២ភាគរយ និង៨,៨ភាគរយ។
លោកបានមានប្រសាសន៍ថា កំណើននេះកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីអភិវឌ្ឍទីផ្សារនាំចេញ និងលើកកម្ពស់ពូជទុរេនលំដាប់ខ្ពស់របស់ប្រទេសម៉ាឡេស៊ី ជាពិសេសពូជ មូសាង ឃីង ដែលនៅតែមានតម្រូវការខ្ពស់នៅលើឆាកអន្តរជាតិ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ដូច្នេះថា «ប្រទេសចិននៅតែជាគោលដៅនាំចេញដ៏សំខាន់ ដោយមានការនាំចេញក្នុងតម្លៃទឹកប្រាក់ចំនួន២៤៧,៧លានដុល្លារ នៅឆ្នាំ២០២៣ បន្ទាប់មក គឺទីក្រុងហុងកុង ក្នុងទំហំទឹកប្រាក់ចំនួន២១លានដុល្លារ សិង្ហបុរី១៥,៨លានដុល្លារ ឥណ្ឌូនេស៊ី១២,១លានដុល្លារ និងសហរដ្ឋ៧,៤លានដុល្លារ»។
ជារួម ការនាំចេញផ្លែទុរេនរបស់ប្រទេសម៉ាឡេស៊ី បានកើនឡើងពី១១៩លានដុល្លារ នៅឆ្នាំ២០២០ ដល់៣១៤,៥លានដុល្លារ នៅឆ្នាំ២០២៣ មុនពេលធ្លាក់ចុះបន្តិចមកនៅត្រឹម២៤៥លានដុល្លារ កាលពីឆ្នាំ២០២៤។ ផ្លែទុរេនម៉ាឡេស៊ី ឥឡូវនេះត្រូវបាននាំចេញទៅកាន់ប្រទេសជាង៤០ រួមមានប្រទេសកាណាដា ជប៉ុន កូរ៉េខាងត្បូង កាតា អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ចក្រភពអង់គ្លេស ហូឡង់ អ៊ីតាលី បារាំង និងប្រទេសអេស្ប៉ាញ។
ដើម្បីគាំទ្រដល់កំណើននាំចេញផ្លែទុរេននេះ ក្រសួងកសិកម្មម៉ាឡេស៊ីកំពុងជួយម្ចាស់ចម្ការផ្លែទុរេនឱ្យទទួលបានវិញ្ញាបនបត្របញ្ជាក់ការអនុវត្តកសិកម្មល្អរបស់ម៉ាឡេស៊ី ដែលជាតម្រូវការសម្រាប់ដំណើរការនាំចេញផ្លែទុរេន។ រហូតមកដល់បច្ចុប្បន្ន ម្ចាស់ចម្ការទុរេនចំនួន ១៩៣៣ នៅទូទាំងប្រទេសម៉ាឡេស៊ី ទទួលបានវិញ្ញាបនបត្របញ្ជាក់រួចរាល់អស់ហើយ។ តាមរយៈផែនការម៉ាឡេស៊ីលើកទី១២ ថវិកាប្រមាណ៩,៣លានដុល្លារ ត្រូវបានបម្រុងទុកសម្រាប់ជួយដល់គម្រោងដាំដុះថ្មី និងដាំឡើងវិញ ដែលគ្របដណ្តប់លើផ្ទៃដីទំហំជាង៩៤០០ហិកតា ដើម្បីរក្សាកម្រិតផលិតកម្ម។
អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី កំពុងតែអភិវឌ្ឍបណ្តាញពាណិជ្ជកម្មអន្តរជាតិជាមួយភ្នាក់ងារទីផ្សារក្រៅប្រទេសចំនួន១០ ហើយបានផ្តួចផ្តើមការដឹកជញ្ជូនសាកល្បងទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម ចក្រភពអង់គ្លេស និងប្រទេសកាណាដា។
ក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី បានបញ្ជាក់ថា ការវេចខ្ចប់ ការផ្សព្វផ្សាយម៉ាកយីហោ និងយុទ្ធនាការផ្សព្វផ្សាយដូចជា “ម៉ាឡេស៊ីល្អដាច់គេ Malaysia’s Best” និង “រសជាតិរបស់ម៉ាឡេស៊ី Taste of Malaysia” នៅតាមផ្សារទំនើបធំៗលើពិភពលោក ដោយបានបង្កើនការយល់ដឹងអំពីផ្លែទុរេនម៉ាឡេស៊ី។ ក្រសួងបានបន្ថែមថា គំនិតផ្តួចផ្តើមទាំងនេះបានជួយរក្សាតម្រូវការ និងពង្រឹងជំហររបស់ប្រទេសម៉ាឡេស៊ី នៅក្នុងទីផ្សារផ្លែទុរេនបែបប្រពៃណី និងទីផ្សារផ្លែទុរេនកំពុងតែរីកចម្រើនថ្មីៗ៕

 
                 
                



 
		


