ហ្សាការតា៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក ដើម្បីចាប់ផ្តើមដំណើរការនាំចេញឡើងវិញ នូវផលិតផលបង្គាឥណ្ឌូនេស៊ីទៅកាន់សហរដ្ឋអាម៉េរិក។
ប្រធានទីភ្នាក់ងារគ្រប់គ្រង និងត្រួតពិនិត្យគុណភាពផលិតផលសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យកុងតឺន័ររាប់ពាន់គ្រឿងដឹកបង្គារឥណ្ឌូណេស៊ី ដែលកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក អាចចូលចតបាន បើទោះបីជាបទប្បញ្ញត្តិនាំចូលថ្មីនឹងចូលជាធរមាននៅចុងខែតុលា ឆ្នាំ២០២៥នេះ។
លោកស្រីបាននិយាយទៀតថា រដ្ឋបាលចំណីអាហារ និងឱសថ របស់សហរដ្ឋអាម៉េរិកបានផ្តល់ការលើកលែងពិសេសសម្រាប់កុងតឺន័រដឹកបង្គារាប់ពាន់គ្រឿង ដែលនឹងទៅដល់សហរដ្ឋអាម៉េរិក នៅចុងខែតុលា ឬដើមវិច្ឆិកា។
ការនាំចូលថ្មីនេះ ត្រូវស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុត លើការដឹកជញ្ជូនបង្គាពីប្រទេសឥណ្ឌូនេស៊ី ជាពិសេសផលិតផលបង្គាមានប្រភពមកពីកោះជ្វា និងកោះឡាំពុង ដើម្បីធានាថា គ្មានសារធាតុវិទ្យុសកម្មសេស្យូម១៣៧ (Cesium-137)។ ផលិតផលបង្គាទាំងអស់ក៏តម្រូវឱ្យមានវិញ្ញាបនបត្រផ្លូវការពីប្រទេសឥណ្ឌូណេស៊ី ដែលបញ្ជាក់បន្ថែមថា មិនមានសារធាតុវិទ្យុសកម្មឡើយ។
កាលពីខែកញ្ញា ឆ្នាំ២០២៥ អាជ្ញាធរអាម៉េរិកបានបដិសេធការនាំចូលបង្គាឥណ្ឌូណេស៊ី ជាបណ្ដោះអាសន្ន បន្ទាប់ពីបានរកឃើញមានសារធាតុវិទ្យុសកម្ម ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកនាំចេញ និងបង្កឱ្យមានការចរចាជាបន្ទាន់រវាងរដ្ឋាភិបាលប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងចុងក្រោយបំផុតបានបន្ធូរបន្ថយការភ័យខ្លាចនៅក្នុងឧស្សាហកម្មនេះ ដោយសារអ្នកនាំចេញជាច្រើនបានបញ្ជូនកុងតឺន័ររួចហើយ ដែលនឹងទៅគោលដៅនាពេលឆាប់ៗនេះ ប៉ុន្តែដោយសារគ្មានវិញ្ញាបនប័ត្របញ្ជាក់បន្ថែម ដែលតម្រូវដោយរដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក។
លោកស្រីបាននិយាយថា «យើងបានបញ្ចុះបញ្ចូលដោយជោគជ័យនូវរដ្ឋបាលចំណីអាហារ និងឱសថថា កុងតឺន័រជាងមួយពាន់បានឆ្លងកាត់ប្រព័ន្ធបញ្ជាក់គុណភាពដ៏តឹងរឹងរបស់ប្រទេសឥណ្ឌូណេស៊ី ហើយត្រូវបានបញ្ជាក់រួចហើយនៅក្រោមក្របខណ្ឌត្រួតពិនិត្យគុណភាពជលផលថ្នាក់ជាតិរបស់យើង»។
លោកស្រីបានបន្ថែមថា នៅពេលកុងតឺន័រទាំងនោះមកដល់សហរដ្ឋអាម៉េរិក ក្រុមត្រួតបិនិត្យនៃរដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក នឹងត្រួតពិនិត្យរកសារធាតុវិទ្យុសកម្មម្តងទៀត ដោយមិនគិតពីកាលបរិច្ឆេទចេញដំណើររបស់ទំនិញឡើយ ដើម្បីធានាបាននូវការអនុលោមពេញលេញតាមស្តង់ដារសុវត្ថិភាពរបស់អាម៉េរិក។
ការស៊ើបអង្កេតដោយអាជ្ញាធរឥណ្ឌូណេស៊ី កាលពីដើមឆ្នាំ២០២៥នេះ បានតាមដានការចម្លងរោគ របស់សារធាតុវិទ្យុសកម្មសេស្យូម ចំពោះផលិតផលបង្គាមានប្រភពមកពីតំបន់ក្បែរតំបន់ឧស្សាហកម្ម ដែលជាកន្លែងរក្សាទុកសារធាតុវិទ្យុសកម្ម៕