ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍ ន៍ជនបទនិងកសិកម្ម ព្រមទាំងសហការី កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល។
នៅក្នុងកម្មវិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ អាជ្ញាធរមូលដ្ឋានក្នុងស្រុកពញាឮ ដែលមានអ្នកចូលរួមសរុបប្រមាណ៥៩៤នាក់។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានគូសរំលេចអំពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករយើង ដែលកន្លងមកតែងតែជួបប្រទះពីមួយឆ្នាំទៅមួយឆ្នាំទាក់ទងនឹងបញ្ហាតម្លៃកសិផល ខណៈពេលការព្រួយបារម្ភដូចៗគ្នា (១) លើការប្រែប្រួលអាកាសធាតុ (២) បញ្ហាតម្លៃ និងគុណភាពនៃធាតុចូលកសិកម្មជីថ្នាំ (៣) ផលិតផលគ្មានទីផ្សារ (៤) កម្ចីដែលមានអត្រាការប្រាក់ខ្ពស់និង(៥)តម្លៃកសិផលមិនមានស្ថិរភាព ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានចង្អុលបង្ហាញពីរបៀបនៃការកាត់បន្ថយថ្លៃដើម ដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពនោះ គឺការបង្កើនទិន្នផល តាមរយៈការប្រេីប្រាស់ពូជមានទិន្នផលខ្ពស់ និងកសិករត្រូវយកចិត្តទុកដាក់ថែទាំដំណាំដូចថែទាំមនុស្ស និងត្រូវយល់ដឹងថា ពេលវេលា ឬម៉ោងណាដំណាំត្រូវការទឹកឬជី និងប្រេីប្រាស់ថ្នាំកម្ចាត់សត្វល្អិតឱ្យចំពេលវេលា ជាដេីម។
ឯកឧត្តមបណ្ឌិតប្រតិភូបានពន្យល់ បង្ហាញពីបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ ដោយបញ្ហានេះមិនមែនជាបញ្ហាក្នុងស្រុកទេ តែជាបញ្ហាជាសកលនៅលើទីផ្សារអង្ករអន្តរជាតិតែម្តង។ យោងតាមរបាយការណ៍អាកាសធាតុពិភពលោក ដែលបានព្យាករណ៍ថា ក្នុងឆ្នាំ២០២៥ នឹងមានគ្រោះធម្មជាតិបង្កឱ្យប្រទេសមួយចំនួនមានការព្រួយបារម្ភចំពោះបញ្ហាសន្ដិសុខស្បៀង ហើយបានបញ្ជាទិញអង្ករក្នុងឆ្នាំ២០២៤យ៉ាងច្រើន ទើបការប្រើប្រាស់ក្នុងឆ្នាំ២០២៥ មិនទាន់អស់ ឧទាហរណ៍ដូចជាប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនជាដើម។
ឯកឧត្តមបណ្ឌិតប្រតិភូបានមានអនុសាសន៍ទៀតថា របរកសិកម្មជារបរប្រកបដោយភាពថ្លៃថ្នូរ មានកិត្ដិយស ព្រោះកសិករយកញើសឈាមមកប្តូរ។ របរកសិកម្មអាចបម្រើ និងចិញ្ចឹមប្រជាជនកម្ពុជាមួយប្រទេស និងមនុស្សក្នុងពិភពលោក ដែលកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រមាណជាង៦០ប្រទេស។ ហេតុដូច្នេះ យើងពិតជាមានមោទនភាព ដែលបានចាប់យករបរកសិកម្មនេះ។ បន្ដទៅមុខ ប្រជាកសិករមានភារៈកិច្ចផលិតឲ្យមានគុណភាព សុវត្ថិភាព និងថ្លៃដេីមផលិតទាប ដែលនាំឱ្យមានភាពប្រកួតប្រជែងខ្ពស់ ហេីយអាចលក់ចេញបានក្នុងតម្លៃសមរម្យ និងទទួលបានប្រាក់ចំណេញ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានចង្អុលបង្ហាញពីសារៈសំខាន់នៃរបៀបក្នុងការធ្វើកសិកម្មបែបសហគ្រិនភាព ដែលបងប្អូនប្រជាកសិករគួរផ្លាស់ប្តូរទម្លាប់តាមបែបថ្មី ដែលត្រូវសិក្សាពីថ្លៃដើមផលិតឱ្យច្បាស់លាស់ ទើបយើងអាចរកផលចំណេញឃើញ។ ជាពិសេសការពង្រឹងផលិតផលរបស់ខ្លួនឱ្យមានគុណភាព មានបច្ចេកទេសត្រឹមត្រូវ និងតម្លៃទាប ដើម្បីប្រកួតប្រជែងលើទីផ្សារ។
ចុងក្រោយ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអំពាវនាវឱ្យបងប្អូនកសិករ ចូលរួមជាសមាជិកសមាគមបណ្តាញកសិករតេជោ ឱ្យក្លាយជាបណ្ដាញដ៏ធំមួយ ជួយគ្នាទៅវិញទៅមកដើម្បីប្រជាកសិករទូទាំងប្រទេស។
សមាគមបណ្ដាញកសិករតេជោ បង្កើតឡើងដើម្បី ទី១ ជាស្ពានផ្ដល់ឱ្យប្រជាកសិករនូវព័ត៌មានផ្នែកហិរញ្ញវត្ថុ ទីផ្សារ និងការទទួលបានបច្ចេកទេស ទី២ ចម្លងសំឡេងប្រជាកសិករទៅស្ថាប័ន ដែលមានសមត្ថកិច្ច និងទី៣ជាខែល ឬឆ័ត្រសម្រាប់ប្រជាកសិករជ្រក ពោលគឺជួយការពារផលប្រយោជន៍ប្រជាកសិករមិនឱ្យការរំលោភបំពាន គៃចំណេញឡើយ៕