វៀតណាម​បង្ក្រាបបណ្តាញផលិត​ និងចែកចាយ​ប្រេង​ឆា​ក្លែងក្លាយ នៅ​ទូទាំង​ប្រទេស

ហាណូយ៖ អាជ្ញាធរវៀតណាម បានបង្ក្រាបបណ្តាញផលិត​ និងលក់ចែកចាយប្រេងឆាក្លែងក្លាយដ៏ធំមួយ ចំណែកអាជ្ញាធរសុវត្ថិភាពចំណីអាហារវៀតណាម កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តី ព្រមាននៅទូទាំងប្រទេសវៀតណាម ឱ្យប្រុងប្រយ័ត្នដល់សុខភាព។

នគរបាលវៀតណាម នៅក្នុងខេត្ត ហុង យ៉េន (Hung Yen) ស្ថិតនៅភាគខាងត្បូងក្រុងហាណូយ បានបំបែកសំណុំរឿងព្រហ្មទណ្ឌបង្ក្រាបរោងចក្រកែច្នៃម្ហូបអាហាររបស់ជនជាតិវៀតណាមមួយ ឈ្មោះ ជីអេហ្វ វៀតណាម ហ្វូដ (GF Vietnam Food) ដែលបានផលិតប្រេងឆាក្លែងក្លាយ និងលកចែកចាយនៅទូទាំងប្រទេសវៀតណាម។

ក្រុមនគរបាលស៊ើបអង្កេត បាននិយាយថា ប្រេងឆាផលិតដោយរោងចក្រ ជីអេហ្វ វៀតណាម ហ្វូដ ពិតជាមិនបានបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ ហើយបានផលិតចែកចាយផលិតផលចំណីអាហារក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ។

ប្រេងឆាក្លែងក្លាយរបស់ក្រុមហ៊ុននេះ ត្រូវបានលក់ចែកចាយជាបណ្តាញទៅដល់បណ្តាខេត្ត និងទីក្រុងនានា នៅទូទាំងប្រទេសវៀតណាម ក្រោមម៉ាកយីហោជាច្រើន រួមមាន ឈីកា តាមីនហ្គោល ហ្គោលម៉ាក តុត និង​មេហ្គាហ្វូដ (Chica, Tamin Gold, Goldmax, Tot​, Megafood)។

ពេលនេះអាជ្ញាធរវៀតណាម បានអំពាវនាវដល់សាធារណជនកុំទិញ ឬប្រើប្រាស់ផលិតផល ដែលមានម៉ាកយីហោខាងលើនេះ ហើយរាយការណ៍ដល់មន្ត្រីមូលដ្ឋានអំពីទំនិញខុសច្បាប់ទាំងនេះ ព្រមទាំងបញ្ជាឱ្យត្រួតពិនិត្យកាន់តែតឹងរ៉ឹង ដើម្បីតាមដានស្តុកនៅសេសសល់ និងទប់ស្កាត់មិនឱ្យទៅដល់អ្នកប្រើប្រាស់។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នគរបាលវៀតណាម​ បានរកឃើញករណីក្លែងបន្លំផលិតផលចំណីអាហារក្នុងទ្រង់ទ្រាយធំជាច្រើនករណី រួមទាំងការរឹបអូសប្រេងឆាក្លែងក្លាយចំនួន៧១ ០០០លីត្រ និងប៊ីចេងក្លែងក្លាយចំនួន៤០តោន នៅក្នុងខេត្ត ហ្វឺថូ (Phu Tho) ភាគខាងលិចទីក្រុងហាណូយ។

ស្របគ្នានេះដែរ​ អាជ្ញាធរវៀតណាម បានលាតត្រដាងរឿងអាស្រូវពុករលួយពាក់ពួន្ធនឹងសុវត្ថិភាពចំណីអាហារដ៏ធំមួយ ដែលប្រេងចំណីសត្វរាប់ម៉ឺនតោន ត្រូវបានលក់ដោយសម្ងាត់ជាប្រេងចម្អិនអាហារទៅកាន់ភោជនីយដ្ឋាន រោងចក្រ និងអ្នកផលិតអាហារនៅទូទាំងប្រទេសវៀតណាម។

នាយកដ្ឋានសុវត្ថិភាពចំណីអាហារវៀតណាម បានចេញការព្រមានទូទាំងប្រទេស បានបង្ក្រាបប្រតិបត្តិការប្រេងក្លែងក្លាយដ៏ធំមួយរបស់ក្រុមហ៊ុនផលិត និងនាំចេញផលិតផលចំណីអាហារ មានឈ្មោះ ញ៉ាតមិញ (Nhat Minh) ដែលបាននាំចូលប្រេងថោកៗសម្រាប់ចំណីសត្វ ហើយវេចខ្ចប់វាឡើងវិញ ដាក់ម៉ាកយីហោ អូហ្វូដ (OFOOD) និងលក់ចែកចាយជាប្រេងឆាសម្រាប់មនុស្ស។

មន្ត្រី​សុវត្ថិភាព​ចំណីអាហារវៀតណាម ​បាន​និយាយបញ្ជាក់​ថា​ «​ប្រេងឆា​ក្លែងក្លាយទាំង​នេះ​បង្កគ្រោះថ្នាក់ខ្លាំងណាស់​ដល់​សុខភាព​សាធារណៈ​»​។

ប្រេង​សម្រាប់ផលិតចំណី​សត្វ​ភាគច្រើន​តែ​ឆៅ មិនទាន់​ចម្រាញ់ ហើយ​អាច​មាន​ជាតិពុលខ្ពស់ រួមទាំងសារធាតុ​មិន​ស្អាត និង​សារធាតុ​គីមី​ មិន​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស។  ការប្រើប្រាស់រយៈពេលយូរអាចបណ្តាលឱ្យពុល ខូចសរីរាង្គ បង្កើតជាតិពុល និងបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ។

អាជ្ញាធរវៀតណាមបានជំរុញឱ្យគ្រប់ផ្ទះបាយ ភោជនីយដ្ឋាន អ្នកផ្គត់ផ្គង់ចំណីអាហារ និងរោងចក្រទាំងអស់ ត្រូវផ្ទៀងផ្ទាត់ឯកសារអ្នកផ្គត់ផ្គង់យ៉ាងតឹងរ៉ឹង ដោយបន្ថែមថា ធាតុផ្សំណាមួយ ដែលប្រើខុសក្បួន បើទោះបីជាមានឯកសារត្រឹមត្រូវក៏ដោយ នៅតែខុសច្បាប់ និងមានគ្រោះថ្នាក់ដល់សុខភាព។

កាលពីខែមេសា ឆ្នាំ២០២៥នេះ នគរបាលវៀតណាម បានរឹបអូសបានប្រេងឆាក្លែងក្លាយចំនួន៧១ ០០០លីត្រ ប៊ីចេងចំនួន៤០តោន ម្សៅគ្រឿងទេសក្លែងក្លាយ២២តោន និងអំបិលគ្រឿងទេសក្លែងក្លាយចំនួនប្រាំបួនតោន។  ចំណែកនៅទីក្រុងហាណូយវិញ ក្រុមមន្ត្រីបានរឹបអូសសាច់បង្កក សាច់ក្រក គ្រឿងផ្សំ និងសណ្តែកបណ្តុះ មានផ្ទុកសារធាតុគីមីលើសកម្រិត។

នៅក្នុងខែតុលា​ ឆ្នាំ២០២៥នេះដែរ នគរបាលវៀតណាម បានរឹបអូសសាច់ក្របី និងសាច់គោក្លែងក្លាយចំនួនជាង៦៥តោន ព្រមទាំងរឹបអូសសម្ភារៈប្រើសម្រាប់ផលិតសាច់គោក្លែងក្លាយ រួមទាំងសារធាតុគីមីចំនួន១៧តោន ដែលគេជឿថា ជាសារធាតុខ្លាញ់សម្រាប់ផលិតសាច់គោជប៉ុនក្លែងក្លាយ។

រហូតមកដល់ពេលនេះ នគរបាលវៀតណាម កំពុងតែរង់ចាំរបាយការណ៍អំពីជាតិពុលរបស់សារធាតុគីមី ដើម្បីកំណត់ថា តើសាច់គោក្លែងក្លាយនេះមានគ្រោះថ្នាក់ដល់សុខភាពមនុស្សកម្រិតណា។

សូមរំឭកថា កាលពីដើមខែឧសភា ឆ្នាំ២០២៥នេះ​ នគរបាលវៀតណាម បានចាប់ខ្លួនអតីតប្រធានរដ្ឋបាលសុវត្ថិភាពចំណីអាហារវៀតណាម និងមន្ត្រីជំនាញផ្នែកសុវត្ថិភាពចំណីអាហារបួននាក់ផ្សេងទៀត ពីបទស៊ីសំណូក ក្នុងរឿងអាស្រូវផលិតអាហារបំប៉នក្លែងក្លាយដ៏ធំមួយ បន្ទាប់ពីភ្នាក់ងារសម្ងាត់មកពីនាយកដ្ឋានប៉ូលិសប្រឆាំងអំពើពុករលួយ នៃក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសវៀតណាម បាន​ឆ្មក់​ចូល​ឆែកឆេបាន​រក​ឃើញ​ថ្នាំ​បំប៉ន​ក្លែងក្លាយ​ចំនួន១០០តោន៕


595442719_1302684205235198_7102795294843413817_n
ឯកឧត្តមបណ្ឌិត កៅ ថាច បានឆ្លៀតពេលចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ, សំណេះសំណាល និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី ដែលទទួលបានការគាំទ្រផ្នែកឥណទានពីធនាគារ ARDB ដើម្បីផលិតកម្មដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ឥណទានពីធនាគារ  ARDB នេះ បានរួមចំណែកគាំទ្រដល់សហគមន៍កសិកម្មនេះ ដែលមានសមាជិក៤៦គ្រួសារ មានផ្ទៃដី២៧ហិកតា និងសាងសង់ផ្ទះសំណាញ់បានចំនួន៩ខ្នង ហើយកំពុងសាងសង់ផ្ទះសំណាញ់៥១ខ្នងបន្ថែមទៀត ដែលអាចផលិតបានប្រភេទបន្លែរួមមាន៖ ខាត់ណាដើម, ស្ពៃក្រញាញ់, ស្ពៃចង្កឹះ, ស្ពៃក្តោប និងស្ពៃជើងទា។ ជាមួយនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់សមាជិកសហគមន៍បន្តពង្រីកការផលិតបន្លែសុវត្ថិភាព និងបានផ្តាំផ្ញើដល់បងប្អូន ដែលជាសមាជិកសហគមន៍បន្តយកចិត្តទុកដាក់ខ្ពស់ និងប្រកាន់ភ្ជាប់ដោយអនុលោមតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP) ក្នុងដំណើរការដាំដុះបន្លែ ដើម្បីធានាគុណភាព, សុវត្ថិភាព, អនាម័យខ្ពស់ និងធានាបាននូវការជឿជាក់ពីអតិថិជន។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់សហគមន៍ឱ្យរៀបចំផែនការដាំដុះ ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារ។ ជាមួយគ្នានេះដែរ, ឯកឧត្តមបណ្ឌិតក៏បានណែនាំឱ្យសហគមន៍សិក្សាលទ្ធភាពពង្រីកការចិញ្ចឹមមាន់យកស៊ុត ដើម្បីបំពេញចំណូលបន្ថែមដល់សហគមន៍។ […]

Sample Front
ក្រុមតស៊ូមតិជំរុញឱ្យអាម៉េរិកហាមប្រើថ្នាំពុលសម្លាប់សត្វល្អិត ដែលជាថ្នាំអង់ទីប៊ីយ៉ូទិកលើដំណាំហូបផ្លែ

វ៉ាស៊ីនតោន៖ ក្រុមសម្ព័ន្ធសុខភាពសាធារណៈ ការអភិរក្ស និងក្រុមតស៊ូមតិដើម្បីកសិករ បានដាក់ញត្តិមួយច្បាប់ជំរុញឱ្យទីភ្នាក់ងារការពារបរិស្ថាន ចេញបម្រាមហាមឃាត់គ្រឿងផ្សំជាថ្នាំពុលសម្រាប់សម្លាប់សត្វល្អិតជាច្រើនប្រភេទ ដែលប្រើក្នុងការផលិតដំណាមហូបផ្លែ និងបន្លែរបស់សហរដ្ឋអាម៉េរិក។ ញត្តិនេះផ្តោតលើថ្នាំសម្លាប់សត្វល្អិតប្រឆាំងមេរោគ ដែលបង្កហានិភ័យនៃភាពធន់នឹងឱសថក្នុងវេជ្ជសាស្ត្រសម្រាប់ព្យាបាលមនុស្ស និងសត្វ។ សំណើដែលដាក់ដោយមជ្ឈមណ្ឌលការពារជីវសាស្រ្តចម្រុះ និងជាតំណាងឱ្យក្រុមចំនួនប្រាំបួន បានស្នើសុំឱ្យទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាម៉េរិក ហាមឃាត់ការប្រើប្រាស់ឱសថប្រភេទអុកស៊ីតេត្រាស៊ីគ្លីន (Oxytetracycline) និងស្ទ្រិបតូមីស៊ីន (Streptomycin) ដែលជាថ្នាំអង់ទីប៊ីយ៉ូទិក និយមប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងចម្ការដំណាំ។ ថ្នាំអង់ទីប៊ីយ៉ូទិកទាំងពីរនេះ ត្រូវគេប្រើដើម្បីគ្រប់គ្រងជំងឺបាក់តេរីនៅក្នុងចម្ការដំណាំ មានដូចជាដំណាំក្រូច និងដំណាំប៉ោម ហើយក៏ត្រូវបានចាត់ចំណាត់ថ្នាក់ដោយអង្គការសុខភាពពិភពលោកថា ជាថ្នាំមានសារៈសំខាន់សម្រាប់សុខភាពមនុស្សផងដែរ។ ញត្តិនេះក៏រួមបញ្ចូលទាំងថ្នាំសម្លាប់មេរោគផ្សិត មានដូចជា ហ្គេនតាមីស៊ីន (Gentamicin)​ កាស៊ូហ្គាមីស៊ីន (Kasugamycin) អ៊ីបហ្វ្លូហ្វេណូឃ្វីន (Ipflufenoquin) និងថ្នាំទ្រីយ៉ាហ្សូល (Triazole) ដែលមួយចំនួនទាក់ទងនឹងថ្នាក់ថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំប្រឆាំងផ្សិត គេប្រើក្នុងពីធីព្យាបាលបែបវេជ្ជសាស្ត្រ។ ខ្លឹមសារក្នុងញត្តិដដែលនេះ បានបញ្ជាក់ថា «ការស្រាវជ្រាវ គឺច្បាស់ណាស់ថា ការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក និងថ្នាំប្រឆាំងផ្សិតជាថ្នាំសម្លាប់សត្វល្អិត គឺបង្កការគំរាមកំហែងដល់សុខភាពសាធារណៈ ពីព្រោះវារួមចំណែកដល់ការវិវត្តនៃភ្នាក់ងារបង្កឱ្យរោគធន់នឹងថ្នាំ»។ ក្រុមដាក់ញត្តិបានអះអាងទៀតទៀតថា ការប៉ះពាល់នឹងថ្នាំប្រឆាំងមេរោគនៅក្នុងបរិស្ថានអាចបង្កផលប៉ះពាល់ដល់គុណភាពដី គុណភាពទឹក និងប៉ះពាល់ដល់ជីវិតសត្វព្រៃ រួមទាំងបង្កការព្រួយបារម្ភដល់សុខភាពមនុស្សផងដែរ។ ឱសថប្រភេទអុកស៊ីតេត្រាស៊ីគ្លីន និងស្ទ្រីបតូមីស៊ីន ត្រូវបានប្រើប្រាស់ក្នុងការផលិតជាថ្នាំសម្លាប់សត្វល្អិត […]

photo_2025-12-03_13-32-39
ក្រុមហ៊ុន​កែច្នៃនឹង​បង្កើនការផលិតសក្តានុពល​ក្នុងវិស័យកសិកម្ម សម្រាប់នាំចេញ​​នៅឆ្នាំ​២០២៦

ដោយ ឡុង សារេត​ ភ្នំពេញ៖ស្របពេល​វិធានការ​នៃគោលនយោបាយ​លើកទឹកចិត្ត​​ពន្ធដារ​ចំពោះវិស័យកសិកម្ម​របស់រាជរដ្ឋាភិបាលកំពុងឈាន​ទៅ​​រក​ការ​អនុវត្តជាផ្លូវការ​នៅថ្ងៃទី​១ខែធ្នូឆ្នាំ​២០២៦ខាងមុខ​ ត្រូវបាន​ក្រុមអ្នកជំនាញក្នុងវិស័យកសិកម្ម​មើលឃើញថាក្រុមហ៊ុន​កែច្នៃ​នឹងបង្កើនការផលិតនូវ​ផលិតផល​ដែលសក្តានុពល​ក្នុងវិស័យ​​​កសិកម្ម​សម្រាប់នាំចេញ​នៅឆ្នាំ​២០២៦។​ សូមជម្រាបជូនថា កាលថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​កន្លងមកនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​បានចេញប្រកាស​មួយស្តីពីការ​ “លើកទឹកចិត្ត​ពន្ធដា​រ​ចំពោះវិស័យកសិកម្ម​” ដោយ​​​បានគូសបញ្ជាក់ថា​ ប្រកាសនេះ​មានវិសាលភាព​អនុវត្ត​ចំពោះការដាំដុះ ការផលិត​ ការផ្គត់ផ្គង់​ក្នុងស្រុក ឬការនាំចេញ​ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូង​មី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេង​ក្នុងស្រុក​ដែលជាវត្ថុធាតុ​ដើមសម្រាប់ផលិតជាចំណីសត្វ​។​​ ទាក់ទងនិងការលើកទឹកចិត្ត​ពន្ធដាររបស់រាជរដ្ឋាភិបាលនេះដែរ អ្នកស្រី សួន ជុឡា ប្រធានប្រតិបត្តិ​នៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា​បានឱ្យដឹង​ថា​ កម្មវិធីគោលនយោបាយ​លើកទឹកចិត្ត​​ពន្ធដារ​ចំពោះវិស័យកសិកម្ម​របស់រាជរដ្ឋាភិបាល​គឺជារឿងមួយល្អ​ ​សម្រាប់ក្រុមហ៊ុនដែលធ្វើការកែច្នៃ​នៅក្នុងស្រុក។ ព្រោះ​ការលើកទឹករបស់រាជរដ្ឋាភិបាល​​ជួយឱ្យក្រុមហ៊ុនពាក់ព័ន្ធ​​ប្រឹងប្រែងបន្ថែម​ទៀត​នៅក្នុងអាជីវកម្ម​របស់ខ្លួន​​​។​ ​​អ្នកស្រីមានប្រសាសន៍ថា នៅ​ក្នុង​ខ្សែច្រវាក់ផលិតកម្ម​​របស់​ក្រុមហ៊ុនកែច្នៃមួយ​​ នៅពេល​​ទទួលបានការលើកទឹក​ពន្ធដា​រពីរាជរដ្ឋាភិបាល​ ​ក្រុមហ៊ុន​នឹង​បង្កើនការកែច្នៃ និងបង្កើនការនាំចេញឱ្យបានកាន់តែច្រើន​ផ្អែកលើ​សមត្ថភាព​ជាក់ស្តែងរបស់ខ្លួន​ ។ដូចនេះ​ការលើកទឹកចិត្តពន្ធដារវាជាផលវេជ្ជមានមួយ​សម្រាប់ក្រុមហ៊ុន​ ក៏​ដូច​បានទៅដល់កសិករ​ ព្រោះវាស្ថិតនៅក្នុងសង្វាក់ផលិតកម្មតែមួយ ដោយសារកសិករ​មានតួនាទី​ផលិតនៅកសិផល​ឱ្យមានគុណភាព សុវត្ថិភាព​និងមានស្តង់ដារ​សម្រាប់ធ្វើការកែច្នៃនាំចេញ​។ ​ បើតាម​ប្រធានប្រតិបត្តិ​ខាងលើ​ មានការរំពឹងទុកថានៅក្នុងវិស័យម្រេច​នៅពេល​មានការកែច្នៃ​ផលិតផលបានកាន់តែ​ល្អ ការនាំចេញ​នូវត្ថុធាតុដើម​និងលែងមានច្រើន​ដូចពេល​មុនៗទៀតហើយ​ ងាកមក​ផ្តោការនាំចេញផលិតផលដែលមាន​ម៉ាកយីហោ​ជាផលិតផលរបស់ខ្មែរ​​ ហើយមានច្រើន​​នៅលើទីផ្សារ​អន្តរជាតិ​និងលក់បាន​តម្លៃល្អប្រសើរ បើប្រៀបធៀបនិង​ពេលបច្ចុប្បន្នបាន​ធ្វើការនាំចេញជាវត្ថុធាតុដើម​។ ​​ចំណែកប្រធានសមាគមស្វាយចន្ទី​កម្ពុជា​បានបង្ហាញការយល់ឃើញស្រដៀងគ្នា​ថា​​ […]

photo_2025-12-04_10-37-13
ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងជាង៦៣ភាគយ ប្រកបមុខបរ​ក្នុងវិស័យកសិកម្ម

ដោយ ឡុង សារេត ភ្នំពេញ៖ ខេត្តកំពង់ឆ្នាំង ស្ថិតនៅទិសពាយ័ព្យ​នៃប្រទេសកម្ពុជា​ មានចំម្ងាយ​៩១គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ​ ក្រៅពីសំបូរទៅដោយរមណីយដ្ឋានទេសចប្រវត្តិសាស្ត្រនិងធម្មជាតិ​​ ខេត្តកំពង់ឆ្នាំង​មានប្រជាពលរដ្ឋ​ប្រកបមុខរបរធ្វើកសិកម្មជាចម្បងមានជាង​៦៣ភាគរយ​នៃចំនួន​ប្រជាពលរដ្ឋសរុបចាប់​ពីអាយុ១៨ឆ្នាំ​ឡើងទៅ​ជាង​​៣៩៥ពាន់នាក់​។ លោកស្រី ប៊ន សុភី អភិបាល​រង​នៃគណៈអភិបាល​ខេត្តកំពង់ឆ្នាំងកន្លងមកថ្មីៗមានប្រសាសន៍បញ្ជាក់ថា “ខេត្តកំពង់ឆ្នាំង​មាន​ប្រជាជនអាយុ១៨ឆ្នាំឡើងមានចំនួនជាង៣៩៥ពាន់នាក់ ក្នុងនោះស្រីមាន២១១ពាន់នាក់មានមុខរបរកសិកម្មជាចម្បងប្រមាណ៦៣,៨ភាគរយ មុខរបរសេវាកម្ម កម្មកររោងចក្រសហគ្រាសមាន៣៥,៥ភាគរយ និងមុខរបរសិប្បកម្មចំនួន០,៧ភាគរយ”។ លោកស្រីលើកឡើង​ថា បច្ចុប្បន្នរបាលខេត្តកំពង់ឆ្នាំ​ងបាននិងកំពុង​យកចិត្តទុកដាក់ និងខិតខំជំរុញការអភិវឌ្ឍលើគ្រប់វិស័យ​ និងលើកផែនការអភិវឌ្ឍន៍​ថ្មីៗសម្រាប់ខេត្ត ស្របតាម​ផែនការអភិឌ្ឍន៍ជាតិ​របស់រាជរដ្ឋាភិបាល​ដើម្បីរួមចំណែកសម្រេចឱ្យបាន​ជោគជ័យតាមកម្មវិធីនយោបាយ​ យុទ្ធសាស្ត្របញ្ចកោណ​របស់រាជរដ្ឋាភិបាល​នីតិកាលទី​៧ និងតាមស្ថានភាពជាក់ស្តែងរបស់ខេត្ត​ និងការដោះស្រាយតម្រូវការ ក៏ដូចជាសំណូមពរនានារបស់ប្រជា​ពលរដ្ឋ​ប្រកបដោយប្រសិទ្ធភាព និងគុណភាព​។ លោកស្រីបន្តទៀតថា កម្មវិធី​អភិវឌ្ឍន៍​មូលដ្ឋាន​របស់រដ្ឋបាលខេត្ត​ គឺ​ផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និងការបញ្ចូលកិច្ចសហ​ប្រតិបត្តិការផ្នែកសង្គមកិច្ច​ ការពារនិងអភិរក្សបរិស្ថាន វប្បធម៌​ សុខាភិបាល ការបណ្តុះបណ្តាល​ធនធានមនុស្ស ការធានា​សុវត្ថិភាព​ សន្តិសុខ និងទប់ស្កាត់ឧក្រិដ្ឋកម្ម​ឆ្លងដែននិងការរក្សាតុល្យភាពរវាង​ការអភិវឌ្ឍ និងការអភិរក្សបរិស្ថាន​។ បើតាមលោកស្រី ប៊ន សុភី ​​​ខេត្តកំពង់ឆ្នាំង គឺជាមជ្ឈមណ្ឌលទេសចរណ៍​ដ៏សំបូរបែបនៅទូទាំងខេត្ត​មានរមណីយដ្ឋានទេសចរណ៍ចំនួន​៣៥កន្លែង​ ទេសចរណ៍ប្រវត្តិសាស្ត្រចំនួន​១៤កន្លែង​ ទេសចរណ៍ធម្មជាតិ​១៥កន្លែង រមណីយដ្ឋានកែច្នៃចំនួន​៦កន្លែង ក្នុងនោះរមណីយដ្ឋាន​ទេសចរណ៍ និងសហគមន៍ទេសចរណ៍​ដែលមានសកម្មភាពទទួលទេសចរកម្សាន្ត​ប្រចាំឆ្នាំ​ចំនួន១៣កន្លែង​ រមណីយដ្ឋានទេសចរណ៍ភ្នំព្រះធាតុ […]

កាលវិភាគផ្សព្វផ្សាយ