នគរបាលវៀតណាមរឹបអូសសាច់គោជប៉ុនក្លែងក្លាយ៦៥តោន និងចាប់ខ្លួនមនុស្សបួននាក់

ហាណូយ៖ នគរបាលវៀតណាមក្នុងទីក្រុងហាណូយ កាលពីពេលថ្មីៗកន្លងមកនេះ បានចាប់ខ្លួនឈ្មួញទុច្ចរិតបួននាក់ និងរឹបអូសបានសាច់គោជប៉ុនក្លែងក្លាយជាង៦៥តោន ដែលកែច្នែពីសាច់ក្របីតាមរយៈការចាក់បញ្ចូលសារធាតុគីមី។

សារព័ត៌មានវៀតណាម​ អេចប្រេស​ បានចេញផ្សាយកាលពីនៅថ្ងទី១៦ ខែតុលា ឆ្នាំ២០២៥នេះថា នាយកប្រតបត្តិក្រុមវៀតណាម ឈ្មោះ ហីដា ហ្វូដ ជេអេសស៊ី (HIDA FOOD JSC) ឈ្មោះ ង្វៀង ធិហ្វឺងថាវ​ ( Nguyen Thi Phuong Thao) ភេទស្រី និងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនបីនាក់ផ្សេងទៀត ពីបទផលិត និងចែកចាយផលិតផលអាហារក្លែងក្លាយ។

បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនកែច្នៃសាច់គោក្លែងក្លាយនេះ​ មានឈ្មោះ ង្វៀង ធិទ្វីហ៊រ  ( Nguyen Thi Thuy Hoa) ភេទស្រី ជាប្រធានគណនេយ្យ ឈ្មោះ ង្វៀង ធិស៊ុង (Nguyen Thi Dung) ភេទស្រី ជានាយកផ្នែកផលិតកម្ម និងឈ្មោះ ចិន ហ័ងហ្វឺក (Tran Hoang Phuoc) ភេទប្រុស ជានាយកក្រុមហ៊ុន អេសខេ ហ្វូដ (SK FOODS) ដែលនៅពេលនេះត្រូវឃុំបណ្តោះអាសន្ននៅក្នុងពន្ធនាគាររងចាំតុលាការជំនុំជម្រះ ពីបទផលិត និងចែកចាយផលិតផលអាហារក្លែងក្លាយ។

ជនសង្ស័យឈ្មោះ  ចិន ហ័ងហ្វឺក បានបញ្ជាក់ថា តម្រូវការសាច់គោ វ៉ែកគ្យូ (WAGYU) ឬហៅថា សាច់គោ កូបេ (KOBE) របស់ជប៉ុន មានការកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ដូច្នេះទើបសម្រេចចិត្តសហការជាមួយក្រុម ហីដា ហ្វូដ ជេអេសស៊ី ឱ្យផលិតសាច់គោក្លែងក្លាយ ដោយកែច្នៃពីសាច់ក្របី តាមរយៈការលាយផ្សំជាមួយសារធាតុគីមី។

ចំណែកជនសង្ស័យឈ្មោះ ង្វៀង ធិហ្វឺងថាវ​  ជាអ្នកទិញសាច់ក្របីថោកៗ ពីប្រទេសឥណ្ឌាក្នុងតម្លៃ ១២០ ០០០ដុង ឬស្មើនឹង៤,៧០ដុល្លារ ក្នុងមួយគីឡូក្រាម រួចនាំចូលមកក្នុងប្រទេសវៀតណាម ដើម្បីចាក់បញ្ចូលសារធាតុគីមីឱ្យបង្កើតជាសាច់មានជាប់ខ្លាញ់ ដួចសាច់គោជប៉ុនបេះបិទ។

បន្ទាប់​ពីកែច្នៃសាច់ក្របីឱ្យមានខ្លាញ់ដូចសាច់គោរួចហើយ ក្រុមហ៊ុន​ទាំង​ពីរនេះ ​បាន​វេច​ខ្ចប់ និង​ដាក់​ស្លាក​ផលិតផលថា ​ជា​សាច់គោជប៉ុន ហើយ​ក្រុមហ៊ុន ហីដា ហ្វូដ ជាអ្នក​លក់​ចែកចាយ​នៅ​តាមទីផ្សារ​ក្នុងប្រទេសវៀតណាម​​ មាន​តម្លៃរហូតដល់៦០០ ០០០ដុង ឬស្មើនឹង​២២,៧៨ដុល្លារ ​ក្នុង​មួយ​គីឡូក្រាម។

នគរបាលវៀតណាម បានឱ្យដឹងថា​ ភ្នាក់ងារសម្ងាត់របស់ខ្លួន បានបើកការស៊ើបអង្កេតសំណុំរឿងនេះ តាំងក្នុងខែឧសភា ឆ្នាំ២០២៤មកម្លេះ ប៉ុន្តែទើបចាប់ខ្លួនបានមេក្លោងធំៗ នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៥នេះ បន្ទាប់ជនសង្ស័យទាំងបួននាក់បានផលិតសាច់គោក្លែងក្លាយចំនួន១៤តោន ហើយលក់ចែកចាយនៅទីក្រុងហាណូយ ទីក្រុងដាណាង ទីក្រុងញ៉ាចាង និងទីក្រុងហូជីមិញ។

ពាក់ព័ន្ធករណីនេះដែរ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នគរបាលវៀតណាមក្នុងក្រុងហាណូយ និងមន្ត្រីឃ្លាំមើលទីផ្សារ បានឆ្មក់ចូលឆែកឆេទីតាំងរបស់ក្រុមហ៊ុន ហីដា ហ្វូដ មួយកន្លែង ហើយចាប់ខ្លួនបុគ្គលិកក្រុមហ៊ុន ដែលអ្នកជំនាញខាងចាក់ថ្នាំក្រហមលើសាច់ក្របី ឱ្យក្លាយជាសាច់គោមានស្រទាប់ខ្លាញ់ ហើយដាក់ស្លាកថា ជាសាច់គោ វ៉េកគ្យូ (Wagyu) ម៉ាក ហីដាសាន់ (Hidasan) មានន័យជាភាសាជប៉ុនថា​ លោកហីដា។

នៅក្នុងប្រតិបត្តិការបង្ក្រាបអំពើទុច្ចរិតនេះ នគរបាលវៀតណាម ក៏បានរឹបអូសសាច់ក្របី និងសាច់គោក្លែងក្លាយចំនួនជាង៦៥តោន ព្រមទាំងរឹបអូសសម្ភារៈប្រើសម្រាប់ផលិតសាច់គោក្លែងក្លាយ រួមទាំងសារធាតុគីមីចំនួន ១៧តោន ដែលគេជឿថា ជាសារធាតុខ្លាញ់។

លទ្ធផលនៃការធ្វើតេស្តដោយវិទ្យាស្ថានជាតិគ្រប់គ្រងចំណីអាហាររបស់វៀតណាម បានរកឃើញថា សំណាកសាច់គោ២៤ប្រភេទ ក្នុងចំណោមសំណាក២៩ប្រភេទ គឺជាសាច់ក្របីសុទ្ធសាធតែម្តង។

រហូតមកដល់ពេលនេះ នគរបាលវៀតណាម កំពុងតែរង់ចាំរបាយការណ៍អំពីជាតិពុលរបស់សារធាតុគីមី ដើម្បីកំណត់ថា តើសាច់គោក្លែងក្លាយនេះមានគ្រោះថ្នាក់ដល់សុខភាពមនុស្សកម្រិតណា។

សូមរំឭកថា កាលពីដើមខែឧសភា ឆ្នាំ២០២៥នេះ​ នគរបាលវៀតណាម បានចាប់ខ្លួនអតីតប្រធានរដ្ឋបាលសុវត្ថិភាពចំណីអាហារវៀតណាម និងមន្ត្រីជំនាញផ្នែកសុវត្ថិភាពចំណីអាហារបួននាក់ផ្សេងទៀត ពីបទស៊ីសំណូក ក្នុងរឿងអាស្រូវផលិតអាហារបំប៉នក្លែងក្លាយដ៏ធំមួយ បន្ទាប់ពីភ្នាក់ងារសម្ងាត់មកពីនាយកដ្ឋានប៉ូលិសប្រឆាំងអំពើពុករលួយ នៃក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសវៀតណាម បាន​ឆ្មក់​ចូល​ឆែកឆេបាន​រក​ឃើញ​ថ្នាំ​បំប៉ន​ក្លែងក្លាយ​ចំនួន១០០តោន៕


image_2026-01-26_13-00-18
ឥណ្ឌូណេស៊ីពង្រឹងឧស្សាហកម្មផលិតជី តាមរយៈចាប់ដៃគូជាមួយអាល់ហ្សេរី

ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយប្រទេសអាល់ហ្សេរី ដើម្បីលើកកម្ពស់គុណភាពជី និងលទ្ធភាពទទួលបានជីសម្រាប់កសិករក្នុងស្រុក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិសុខស្បៀង តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានចុះហត្ថលេខា នៅទីក្រុងអាល់ហ្សេរី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ រវាងមេដឹកនាំនៃក្រុមហ៊ុនផលិតជីរបស់រដ្ឋ ឈ្មោះ ភីធី ពូពុក ឥណ្ឌណេស៊ី (PT Pupuk Indonesia) និងក្រុមហ៊ុនរុករករ៉ែផូស្វាត អាល់ហ្សេរី ឈ្មោះ សូមីផុស (Somiphos)។ ទាក់ទិននឹងបញ្ហានេះ លោក ស៊ូដារីយ៉ូណូ (Sudaryono) អនុរដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ី ដែលបានធ្វើជាសាក្សីក្នុងពិធីការចុះហត្ថលេខា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការផូស្វាត ដែលគាំទ្រដោយអាល់ហ្សេរីនេះ គឺជំហានជាក់ស្តែងឆ្ពោះទៅរកការពង្រឹងផ្នែកឧស្សាហកម្មផលិតជីសម្រាប់ប្រទេសជាតិ ដើម្បីធ្វើឱ្យជីកាន់តែមានតម្លៃសមរម្យសម្រាប់ប្រជាជនឥណ្ឌូនេស៊ី។ លោកបានកត់សម្គាល់ទៀតថា អនុស្សរណៈនៃការយោគយល់គ្នានេះផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ប្រទេសឥណ្ឌូណេស៊ីក្នុងការទទួលបានផូស្វាតរបស់ប្រទេសអាល់ហ្សេរី ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ឧស្សាហកម្មផលិតជី។ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការថ្មីនេះ ប្រទេសទាំងពីរក៏បានបើកឱកាសវិនិយោគលើការជីកយករ៉ែ និងការកែច្នៃផូស្វាតផងដែរ។ លោក ស៊ូដារីយ៉ូណូ បានឱ្យដឹងទៀតដូច្នេះថា « តាមរយៈការពង្រីកលទ្ធភាពទទួលបានប្រភពវត្ថុធាតុដើម និងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ដែលមានផ្តល់ផលប្រយោជន៍ទៅវិញទៅមក យើងមិនត្រឹមតែគាំទ្រនិរន្តរភាពនៃឧស្សាហកម្មផលិតជីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តសេចក្តីណែនាំរបស់លោកប្រធានាធិបតី […]

photo_2026-01-26_11-07-38
សាកលវិទ្យាល័យជាតិបាត់ដំបង ចុះកិច្ចព្រមព្រៀងវិនិយោគបង្កើតកសិដ្ឋាន​ និងគ្រប់គ្រងកសិដ្ឋាន​ ជាមួយសហគមន៍កសិកម្មតាសីសាមគ្គី

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះកិច្ចព្រមព្រៀងជាមួយសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីវិនិយោគបង្កើតកសិដ្ឋាន​ និងគ្រប់គ្រងកសិដ្ឋាន​។ ពិធីចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាងឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិបាត់ដំបង និងលោក​ ណុប នុន​ ប្រធានក្រុមប្រឹក្សាភិបាល​ តំណាងសហគមន៍កសិកម្មតាសីសាមគ្គី ។ គោលបំណងនៃកិច្ចព្រមព្រៀងនេះ​ ក័បានកំណត់នូវតួនាទី សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធក្នុងការប្រើប្រាស់ធនធាន បច្ចេកទេស និងដើមទុនវិនិយោគប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់គុណភាពអប់រំក្នុងវិស័យកសិកម្ម ផលិតភាព គុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្ម ស្របតាមតម្រូវការទីផ្សារ  ដើម្បីបង្កើនប្រាក់ចំណូល ប្រាក់ចំណេញប្រកបដោយចីរភាព ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច​ ផ្តល់ឱកាសអនុវត្តជាក់ស្តែងក្នុងកសិដ្ឋានផ្ទាល់របស់សាកលវិទ្យាល័យជាតិបាត់ដំបង ផ្តល់ឱកាសការងារដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងសុខុមាលភាពសហគមន៍ ស្របតាមគោលការណ៍នៃកសិកម្មប្រកបដោយចីរភាព៕

image_2026-01-26_09-23-28
ការនាំចេញផ្លែក្រូចឃ្វិចរបស់ប៉ាគីស្ថានរកចំណូលបាន៤០លានដុល្លារ ក្នុងរយៈពេល៤៥ថ្ងៃ

ការ៉ាជី៖ ការនាំចេញផ្លែក្រូចឃ្វិចរបស់ប្រទេសប៉ាគីស្ថានបានបន្តកើនឡើងយ៉ាងខ្លាំង ទោះបីជាទីផ្សារអាហ្វហ្គានីស្ថានបានបិទក៏ដោយ ព្រមទាំងទទួលបានប្រាក់ចំណូលពីការនាំចេញប្រមាណ៤០លានដុល្លារ ក្នុងរយៈពេលត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ ដែលគ្របដណ្ដប់លើរយៈពេលនាំចេញខ្ពស់បំផុតក្នុងខែធ្នូ ឆ្នាំ២០២៥ និងពាក់កណ្តាលខែមករា ឆ្នាំ២០២៦។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីសប្តាហ៍មុន ក្រសួងពាណិជ្ជកម្មរបស់ប៉ាគីស្ថាន បានលើកឡើងថា ទោះបីជាមានការរំខានខ្លះចំពោះគោលដៅនាំចេញមួយចំនួនក៏ដោយ តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន ក្រសួងបានផ្លាស់ប្តូរយ៉ាងលឿន ដើម្បីជួយសម្រួលដល់អ្នកនាំចេញ និងបង្វែរទំនិញទៅកាន់គោលដៅទីផ្សារផ្សេងទៀត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះធានាបាននូវនិរន្តរភាពក្នុងការដឹកជញ្ជូន ព្រមទាំងការពារអ្នកដាំដុះ និងអ្នកនាំចេញឱ្យរួចផុតពីការខាតបង់។ យោងតាមទិន្នន័យរបស់ក្រសួងបានបង្ហាញថា ការនាំចេញបានរក្សាល្បឿនថេរពេញមួយខែធ្នូ ឆ្នាំ២០២៥ បន្ទាប់មកមានសន្ទុះថេរក្នុងរយៈពេល១៥ថ្ងៃដំបូងនៃខែមករា​ ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន លោក ចាំ កាម៉ាល់ខាន់ (Jam Kamal Khan) បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារក្រសួងពាណិជ្ជកម្ម អាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន បេសកកម្មពាណិជ្ជកម្មរបស់ប៉ាគីស្ថាននៅបរទេស អ្នកនាំចេញ អ្នកដាំដុះ និងដៃគូផ្នែកដឹកជញ្ជូន ដោយទទួលស្គាល់ថា សមិទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាលទ្ធផលនៃការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៀតថា ការយកឈ្នះលើផលប៉ះពាល់នៃការបិទទីផ្សារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តម្រូវឱ្យមានដំណោះស្រាយរួមរបស់រដ្ឋាភិបាល និងគ្រប់វិស័យពាក់ព័ន្ធទាំងអស់ ហើយបានកោតសរសើរចំពោះការលះបង់របស់មន្ត្រី និងអ្នកពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ដើម្បីរក្សាច្រកនាំចេញឱ្យបើកចំហ និងប្រកបដោយការប្រកួតប្រជែង។ មន្ត្រីរបស់ប៉ាគីស្ថានបានសន្មតថា ការអនុវត្តនេះ គឺផ្តោតលើការផ្សព្វផ្សាយទីផ្សារ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម […]

616380035_1341949161296403_1028050424500917689_n
គម្រោងស្រូវមិត្តក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត មានសមាជិកកាន់តែច្រើន

ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖អង្គការជីវិតធម្មជាតិនៅកម្ពុជា​បានឱ្យដឹងថា រហូតមក តាមរយៈគំនិតផ្តួចផ្តើមគម្រោងកសិករស្រូវមិត្តក្រៀល ចាប់តាំងពីឆ្នាំ២០២១សមាជិកបានកើនឡើងពី៤១គ្រួសារ ឬមានផ្ទៃដីដាំដុះ៣៥ហិកតា ហើយមកដល់ក្នុងឆ្នាំ២០២៥ បានកើនឡើងដល់១៤១គ្រួសារ និងមានផ្ទៃដីទំហំ១៨៥ហិកតា។ ក្រៅពីនេះកសិករក៏បានស្ម័គ្រចិត្តចូលរួមអនុវត្តកសិកម្មនិរន្តរភាព ដែលបានពង្រីកតំបន់មេត្រីភាពសម្រាប់សត្វក្រៀល និងសត្វស្លាបសំខាន់ៗផ្សេងទៀតសរុបចំនួន៤០៤ហិកតា ​ស្ថិតនៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។ គួរបញ្ជក់ថា គម្រោងស្រូវមិត្តក្រៀល ក្នុងខេត្តកំពត បានលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សសត្វស្លាបទេសន្តប្រវេសន៍ រួមទាំងសត្វក្រៀលផងដែរ។ គម្រោងស្រូវមិត្តក្រៀល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ការធ្វើកសិកម្មមេត្រីភាពជីវចម្រុះ និងដើម្បីជួយការពារទីជម្រក និងចំណីអាហាររបស់សត្វក្រៀល ព្រមទាំងពង្រឹងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមី និងការពារប្រព័ន្ធអេកូឡូស៊ីនៃតំបន់ដីសើម។ អង្គការជីវិតធម្មជាតិនៅកម្ពុជា កាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ តាមរយៈរបាយការណ៍ បានបង្ហាញថា ៩៧ភាគរយនៃកសិករជាសមាជិកបានស្ម័គ្រចិត្តអនុញ្ញាតឱ្យមានបទសម្ភាសន៍ និងការត្រួតពិនិត្យទីតាំងវាលស្រែ ដែលពួកគាត់អនុវត្តនៅក្រោមគម្រោង។  ជាមួយគ្នានេះដែរ តាមរយៈកិច្ចសហការជាមួយមន្ត្រីឧទ្យានុរក្ស និងក្រុមជីវចម្រុះរបស់គម្រោង បានដើរល្បាតសរុបចំនួន ១៧៤លើក ប៉ុន្តែមិនឃើញមានករណីបរបាញ់សត្វព្រៃ ការកាប់ឈើ ឬការនេសាទខុសច្បាប់ក្នុងតំបន់ និងក្នុងវាលស្រែកសិករស្រូវមិត្តក្រៀលឡើយ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងបន្ថែមថា ចំពោះវត្តមានសត្វក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីង ជាអតិបរមារហូតដល់៨៧ក្បាល ត្រូវបានកត់ត្រា ក្នុងនេះលទ្ធផលជំរឿន កាលថ្ងៃទី៣១ […]

កាលវិភាគផ្សព្វផ្សាយ