ទីក្រុងកង់បេរ៉ា៖ ឧស្សាហកម្មចេកអូស្ត្រាលីកំពុងសម្តែងការព្រួយបារម្ភអំពីដំណើរការត្រួតពិនិត្យជាថ្មីឡើងវិញ ដើម្បីពិចារណាលើការចូលផ្លែចេកពីប្រទេសហ្វីលីពីន បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន បានស្នើសុំជាផ្លូវការឱ្យធ្វើបច្ចុប្បន្នភាពចំពោះពិធីសារស្តីពីជីវសុវត្ថិភាព ដែលអូស្ត្រាលីតម្រូវឱ្យវាយតម្លៃក្រោមកាតព្វកិច្ចពាណិជ្ជកម្មអន្តរជាតិ។
ប្រធានក្រុមប្រឹក្សាអ្នកដាំចេកអូស្ត្រាលី បាននិយាយថា ការអនុញ្ញាតឱ្យមានការនាំចូលអាចធ្វើឱ្យឧស្សាហកម្មដំណាំចេកក្នុងស្រុក ដែលមានតម្លៃប្រហែល៨៥០លានដុល្លារអាចជួបបញ្ហានាពេលខាងមុខ។
លោកបានបន្តថា «យើងដាំចេកគ្រប់គ្រាន់ក្នុងប្រទេសអូស្ត្រាលី ដើម្បីផ្គត់ផ្គង់ទីផ្សាររបស់យើង។ យើងទទួលបានកំណត់ត្រាជីវសុវត្ថិភាពដ៏ល្អបំផុតមួយនៅលើពិភពលោក សម្រាប់ប្រទេសអូស្ត្រាលី ហើយមិនមានប្រទេសណាមួយក្នុងពិភពលោក ដែលអាចផ្គូរផ្គងពួកយើងលើជីវសុវត្ថិភាពទាំងនោះបានទេ»។
លោកបាននិយាយបន្ថែមថា ការវាយតម្លៃកន្លងមកបានកំណត់អំពីប្រភេទជំងឺកើតលើដើមចេក មានដូចជា ជំងឺក្រាស៊ី និងជំងឺខ្លោចស្លឹកចេក ដែលជាហេតុផលដើម្បីរឹតបន្តឹងការធ្វើពាណិជ្ជកម្ម ព្រោះអូស្ត្រាលីជាប្រទេសតែមួយគត់ ដែលបានលុបបំបាត់ជំងឺខ្លោចស្លឹក តាំងក្នុងឆ្នាំ២០០៥មកម្លេះ។
នៅក្នុងប្រទេសអូស្ត្រាលី មានកសិករដាំចេកជាង៥០០នាក់ ឬស្មើនឹង៩៤ភាគរយនៃផលិតកម្ម ភាគច្រើនស្ថិតភាគខាងលិចប្រទេស ដោយបង្កើតការងារបានជាង១៨ ០០០កន្លែអ និងបានរួមចំណែកសេដ្ឋកិច្ចជាតិប្រមាណជា៨៥០លានដុល្លារ។
សំណើថ្មីពីប្រទេសហ្វីលីពីនចំពោះប្រទេសអូស្ត្រាលី រួមមានពូជចេកអំបូង និងខេត្តនាំចេញថ្មី ដែលមិនត្រូវបានពិចារណាក្នុងការធ្វើវិភាគរកហានិភ័យនាំចូលឆ្នាំ២០០៨ឡើយ។ ចំណែកមន្ត្រីមកពីក្រសួងកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ នឹងវាយជាតម្លៃថ្មី និងពិគ្រោះយោបល់ជាមួយអ្នកដាំដុះនៅក្នុងតំបន់ភាគខាងជើងប្រទេសអូស្ត្រាលី។
ចំណែកនៅក្នុងសភា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអូស្ត្រាលីវិញ បានបញ្ជាក់ថា មិនមានលទ្ធផលកំណត់ទុកជាមុនចំពោះការពិនិត្យឡើងវិញនោះទេ ដោយលោករំឭកថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងបានណែនាំថា រដ្ឋាភិបាលកំពុងតែវាយតម្លៃតាមបែបវិទ្យាសាស្ត្រ និងភស្តុតាងរបស់សំណើពីប្រទេសហ្វីលីពីន។
លោកបានមានប្រសាសន៍ទៀតថា ក្នុងនាមជានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសមាជិកជាន់ខ្ពស់ផ្សេងទៀតនៃរដ្ឋាភិបាលអូស្ត្រាលី បាននិយាយថា «យើងនឹងមិនសម្របសម្រួលលើស្ថានភាពជីវសុវត្ថិភាព និងបរិស្ថានរបស់យើងទេ»។
សមាជិកព្រឹទ្ធសភាអូស្ត្រាលីម្នាក់ ក៏បានលើកឡើងពីការព្រួយបារម្ភអំពីការពិនិត្យឡើងវិញអំពីការនាំចូលផ្លែចេកពីប្រទេសហ្វីលីពីននេះដែរ ដោយលោកស្រីបានគូសបញ្ជាក់ពីតម្រូវច្បាប់កំណត់ ដែលអ្នកដាំដំណាំចេកក្នុងប្រទេសអូស្ត្រាលី ត្រូវតែអនុវត្តតាម រួមទាំងការធានាគុណភាព ការគ្រប់គ្រងសារធាតុគីមី និងលក្ខខណ្ឌទំនាក់ទំនងនឹងឧស្សាហកម្ម។
លោកស្រីបានមានប្រសាសន៍ដូច្នេះទៀតថា «វាមិនសមហេតុផលទេ ដែលរដ្ឋាភិបាលអូស្ត្រាលីរបស់យើងនឹងតម្រូវឱ្យកសិកររបស់យើងបំពេញតាមស្តង់ដារខ្ពស់ទាំងនេះ ហើយបែរជាគិតនាំចូលផលិតផលពីប្រទេសផ្សេង ដែលមិនបានបំពេញតាមស្តង់ដារនេះសោះ»។
លោកស្រីបានបន្ថែមថា ជំងឺចេកនៅតំបន់អាស៊ីតែងតែគំរាមកំហែងដល់ជីវសុវត្ថិភាពនៅក្នុងប្រទេសអូស្ត្រាលី ដោយលោកស្រីបញ្ជាក់ថា «ឧស្សាហកម្មចេករបស់អូស្ត្រាលីបានអនុវត្តតាមជីវសុវត្ថិភាពឈានមុខគេលើពិភពលោក ដោយការលុបបំបាត់ជំងឺចេក ដែលប្រទេសដទៃមិនដែលគ្រប់គ្រងបានសោះ»។
លោកស្រីសមាជិកព្រឹទ្ធសភា បានអះអាងថា លោកស្រីនឹងសុំឱ្យមានការឆ្លើយបំភ្លឺអំពីរបៀប ដើម្បីរក្សាស្តង់ដារជីវសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារ ដោយលោកស្រីនិយាយថា «ផ្លែចេកអូស្ត្រាលីគេអាចរកបានពេញមួយឆ្នាំ ព្រមទាំងមានតម្លៃទាបសមរម្យ មានសុខភាពល្អ និងមានសុវត្ថិភាព។ យើងមិនអាចប្រថុយអ្វីទាំងអស់។ យើងដឹងថា នៅពេលជំងឺរុក្ខជាតិ និងសត្វល្អិតចង្រៃ ចូលមកទឹកដីអូស្ត្រាលីហើយ គឺពិបាកកម្ចាត់ឱ្យផុតពូជណាស់»៕