ដោយ ឡុង សារេត
កំពង់ស្ពឺ៖ កញ្ញា សាំង សារ៉ង មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតផ្សេងទៀត ដែលចាប់យកមុខជំនាញវិទ្យាសាស្ត្រជលផលនិងវារីវប្បកម្ម បើទោះដឹងថាប្រឈមនិងការលំបាកសម្រាប់មនុស្សស្រី ក៏នៅតែមិនបោះបង់ការតស៊ូរហូតទទួលបានជោគជ័យ។
កញ្ញាលើកឡើងថា មុខជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្មមួយនេះ សម្រាប់និស្សិត ឬកូនអ្នកចង់ស្រួលអាចថា វាពិបាកបើប្រៀបធៀបនិងមុខជំនាញផ្សេងៗ ដោយសារមុខជំនាញជលផលនេះ គឺទាមទារឱ្យយើងខិតខំប្រឹងប្រែងខ្លាំង។
សម្រាប់និស្សិតជាស្ត្រីទីមួយត្រូវលះលះបង់រូបសម្រស់ ព្រោះត្រូវការចុះទឹក ចូលព្រៃ ចុះសមុទ្រ នៅហាលវាលហាលក្តៅអត់ធ្វើការនៅក្នុងម្លប់ ឬកន្លែងត្រជាក់ដូចមុខជំនាញផ្សេងៗទៀតនោះទេ។ ដូច្នេះមុខជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្មសម្រាប់អ្នកដែលធ្វើការស្រួលៗ វាជួបលំបាកបន្តិច។ ប៉ុន្តែវាសប្បាយសម្រាប់អ្នកស្រលាញ់ និងចូលចិត្តជំនាញមួយនេះ។
បើតាមកញ្ញាសាំង សារ៉ង អះអាងទៀតថា នៅក្នុងការសិក្សាអស់រយៈពេលបួនឆ្នាំកន្លងមក កញ្ញាមិនធ្លាប់នឹកដល់រឿងធុញធប់និងមុខជំនាញនេះទេ។ តែផ្ទុយទៅធ្វើឱ្យកញ្ញាកាន់តែស្រលាញ់ និងចូលចិត្តថែមទៀត។ តួយ៉ាងសារណាបញ្ចប់ការសិក្សាទាក់ទងនិងស្មៅសមុទ្រ នាងបានចំណាយពេលបួនខែស្នាក់នៅលើកោះមួយនៅក្នុងខេត្តកែប ទោះបីក្តៅក៏ដោយនៅតែពេញចិត្ត។
កញ្ញាបានលើកឡើងថា ក្រោយពីទទួលសញ្ញាបត្របញ្ចប់ការសិក្សាជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្មនេះ។ កញ្ញាមានគោលបំណងចង់ធ្វើការ ជាងការបង្កើតអាជីវកម្មដោយខ្លួនឯង ដោយសារបងប្រុសរបស់ខ្លួនបានបង្កើតកសិដ្ឋានចិញ្ចឹមត្រី និងដាំបន្លែរួចហើយ។ ដូច្នេះបើមានឱកាសចង់ធ្វើការច្រើនជាង៕