ទីក្រុងខេបថោន៖ ម្ចាស់កសិដ្ឋានដាំប៉េងប៉ោះ ផ្លែប័រ និងទំពាំងបាយជូនៅក្នុងប្រទេសណាមីប៊ី បាននិយាយថា បុគ្គលិកជាងមួយពាន់នាក់ត្រូវបានបញ្ឈប់ពីការងារ ចំណែកផ្លែប៉េងប៉ោះចំនួន ៣០០០តោន អាចត្រូវបំផ្លាញចោល ដោយសារតែប្រទេសអាហ្វ្រិកខាងត្បូង បានបិទព្រំដែនរបស់ខ្លួនមិនឱ្យនាំចូលផលិតផលកសិកម្មរបស់ប្រទេសណាមីប៊ី។
យោងតាមគេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១៨ ខែកញ្ញា រហូតមក ពាណិជ្ជករណាមីប៊ី មិនបាននាំចេញផលិតផលអ្វីទាំងអស់។ ទិន្នផលផ្លែប៉េងប៉ោះមានគុណភាពល្អរបស់ណាមីប៊ី រាប់ពាន់តោនត្រូវបោះចោល នៅឆ្នាំ២០២៥នេះ ព្រោះមិនមានទីផ្សារ។
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឡានដឹកកសិផលសម្រាប់នាំចេញត្រូវបានសមត្ថកិច្ចអាហ្វ្រិកខាងត្បូងស្ទាក់ចាប់នៅតាមព្រំដែន ដោយប្រាប់ថា ពួកគេមិនគោរពតាមបទប្បញ្ញត្តិភួតគាមអនាម័យអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
កសិករណាមីប៊ី ធ្លាប់បានលើកឡើងផងដែរថា ប្រទេសអាហ្រ្វិកខាងត្បូងមិនបានអនុវត្តឱ្យត្រឹមត្រូវតាមនីតិវិធីទេ ដោយមិនបានចេញសេចក្តីជូនដំណឹងជាមុនដល់ប្រទេសគីណាមីប៊ី ដែលផ្ទុយនឹងច្បាប់ស្តីពីការលើកកម្ពស់យុត្តិធម៌។
អ្នកនាំពាក្យក្រសួងកសិកម្មណាមីប៊ី បាននិយាយថា រដ្ឋាភិបាលណាមីប់ី កំពុងតែរង់ចាំសេចក្តីជូនដំណឹងពីប្រទេសអាហ្វ្រិកខាងត្បូង អំពីមូលហេតុពិតប្រាកដនៃការបិទច្រកព្រំដែនមិនឱ្យនាំចូលផ្លែប៉េងប៉ោះ។
ទោះបីមានការហាមឃាត់ជាបន្ទាន់ក៏ដោយ ឈ្មួញមួយចំនួនបានបន្តការនាំចេញផ្លែប៉េងប៉ោះណាមីប៊ីទៅកាន់ខេត្តចំនួនប្រាំមួយ របស់ប្រទេសនៅអាហ្វ្រិកខាងត្បូង ដែលចំណែកទីផ្សារប៉េងប៉ោះរបស់ពួកគេ បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ ដែលកើនឡើងដល់ជិត១៣ភាគរយ។ ក្រោយមកទៀត លិខិតអនុញ្ញាតនាំចេញរបស់ពួកគេ ត្រូវបានអាជ្ញាធរអាហ្វ្រិកខាងត្បូងលុបចោលម្តងទៀត កាលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។
ចាប់តាំងពីថ្ងៃនោះមក រាល់ការអនុញ្ញាតឱ្យនាំចេញផលិតផលបន្លែផ្លែឈើស្រស់ៗទាំងអស់របស់ប្រទេសណាមីប៊ី ត្រូវបានលុបចោលរហូតមកដល់សព្វថ្ងៃនេះ។ ចំណែកការនាំចេញផ្លែទំពាំងបាយជូររបស់ណាមីប៊ី ត្រូវជាប់គាំងនៅក្នុងជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ រីឯការប្រមូលផលផ្លែទំពាំងបាយជូររបស់ប្រទេសណាមីប៊ី គ្រោងចាប់ផ្តើមនៅក្នុងរយៈពេលប្រហែលមួយខែទៀតប៉ុណ្ណោះ។
អង្គការអ្នកដាំទំពាំងបាយជូរណាមីប៊ី បានឆ្លើយតបថា «យើងមិនមានយោបល់អ្វីទេនៅដំណាក់កាលនេះ ព្រោះយើងកំពុងរង់ចាំដំណឹងពីអាហ្វ្រិកខាងត្បូង ក្នុងការអនុញ្ញាតឱ្យនាំចូលផ្លែឈើ និងបន្លែពីប្រទេសណាមីប៊ី»។
ពាណិជ្ជកម្មផលិតផលបន្លែផ្លែឈើស្រស់ៗរវាងប្រទេសទាំងពីរ បានកើតឡើងជាយូរមកហើយ ដោយមានពេលខ្លះត្រូវបិទព្រំដែន ដើម្បីជំរុញផលិតកម្មក្នុងស្រុក ដែលអ្នកដាំដំណាំនៅក្នុងប្រទេសណាមីប៊ី ក៏មានជនជាតិអាហ្វ្រិកខាងត្បូងចូលរួមផងដែរ។ នៅពេលនេះ ប៉េងប៉ោះ ខ្ទឹមបារាំង ស្ពៃក្តោប ត្រសក់អង់គ្លេស និងការ៉ុត ដែលដាំនៅក្នុងអាហ្រ្វិកខាងត្បូង ត្រូវបានហាមឃាត់មិនឱ្យនាំចូលទៅប្រទេសណាមីប៊ីវិញដែរ៕