ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងសហការី នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកម្មវិធី «ច្រូតស្រូវស្រែគំរូ» ដែលប្រើប្រាស់ជីធម្មជាតិ មានទីតាំងស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ការអញ្ជើញចុះពិនិត្យមើលការច្រូតស្រូវស្រែគំរូរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ខាងលើនេះ គឺស្ថិតនៅរោងម៉ាស៊ីនកិនស្រូវរបស់លោក ឈិត ប៊ុនថន ដែលបានដាំដុះស្រូវជាស្រែគំរូ ពូជសែនក្រអូប ដើម្បីបង្ហាញដល់កសិករអាចយកជាបទពិសោធន៍ សម្រាប់ជាគំរូយកទៅអនុវត្តបន្តឱ្យទទួលបានទិន្នផលចន្លោះពី៧ទៅ៨តោនក្នុងមួយហិកតា។
ស្រែគំរូរបស់លោក ឈិត ប៊ុនថន ខាងលើគឺផលិតស្រូវជារៀងរាល់ឆ្នាំ ជាប្រភេទពូជក្នុងស្រុក ដាំដុះលើផ្ទៃដីចំនួន១០ហិកតា ជាពូជសែនក្រអូប០១ និងពូជជាតិយើង ដែលបានដាំដុះមិនប្រើប្រាស់ជីគីមីនោះទេ៕