ខេត្តកណ្ដាល ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី កាលពីថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជេីញធ្វើទស្សនកិច្ចនៅកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ ស្ថិតនៅភូមិខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
នៅក្នុងឱកាសអញ្ជើញទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលជាអ្នកវិនិយោគក្នុងស្រុកត្រូវតែគិតគួរ ពង្រឹងការផលិតទឹកដោះគោឲ្យបានច្រើន ដោយរៀបចំគ្រួសារកសិករអ្នកចិញ្ចឹមឲ្យបានច្បាស់លាស់ ថែទាំឲ្យបានល្អ ដើម្បីឆ្លើយតបនឹងការផ្គត់ផ្គង់លើទីផ្សារ ដែលកំពុងតែមានតម្រូវការខ្ពស់។
លើសពីនេះ ដើម្បីជួយដល់កសិករនៅតំបន់អរិយក្សត្រ ក្នុងស្រុកល្វាឯមនេះ មានប្រាក់ចំណូល ម្ចាស់កសិដ្ឋានខាងលើគួរតែចងក្រងកសិករ និងតភ្ជាប់ការផលិត ឬប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដូចជាគ្រាប់ពោត និងកសិផលផ្សេងៗទៀត ដែលកសិករបានដាំដុះ គួរប្រមូលទិញពីពួកគាត់យកមកប្រើប្រាស់ឲ្យអស់លទ្ធភាពតែម្តង។
បច្ចុប្បន្នកសិដ្ឋាន មូមូ ហ្វាម បានបំពាក់ដោយបច្ចេកវិទ្យាទំនើប សម្រាប់កែច្នៃទឹកដោះគោ។ សព្វថ្ងៃនេះ កសិដ្ឋានមានគោផលិតទឹកដោះប្រមាណ២០០ក្បាល ដោយក្នុងមួយថ្ងៃ គោអាចផលិតទឹកដោះបានចំនួន២០០០លីត្រផងដែរ៕