ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

ស្រុកខ្សាច់កណ្ដាល ខេត្កកណ្ដាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅថ្ងៃអាទិត្យទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុនសែន រ៉ូតា ខ្សាច់កណ្ដាល។

នៅក្នុងពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប្រធានក្រុមប្រឹក្សាឃុំទាំង១២ មន្ត្រីកសិកម្មឃុំ សរុបទាំងអស់ចំនួន៥០០នាក់ ក្នុងនោះមានប្រជាកសិករចំនួន៤៦២នាក់។

ឯកឧត្តមបណ្ឌិត កៅ ថាច  បានមានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ ក្នុងនាមជាកូនកសិករម្នាក់ចេញមកពីតំបន់ជនបទរស់នៅឯជាយដែន ពិតជាមានមោទនភាពលើវិស័យកសិកម្ម ដែលជាមុខរបរស្នូលមួយបានចិញ្ចឹមប្រជាជនរាប់លាននាក់រស់នៅប្រកបដោយឥស្សរភាព សេចក្តីថ្លៃថ្នូរ និងសុខភាពល្អ ដែលនេះជាកេរិ៍មរតកតាំងពីដូនតាយើងមក។ កសិករជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់មនុស្ស ហើយក៏ជាឆ្នាំងបាយរបស់មនុស្សជាតិ ជាពិសេស ជាឆ្នាំងបាយរបស់ប្រជាជាតិខ្មែរចាប់ពីពេលក៏កើតទឹកដីខ្មែរមកម៉្លេះ។ ដូច្នេះ យើងពិតជាមានមោទនភាព ដែលបានចាប់យករបរកសិកម្មនេះ។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានមានប្រសាសន៍ថា ការបង្កើតបណ្ដាញកសិករតេជោនេះឡើង​ គឺកើតចេញពីការស្រឡាញ់ពេញចិត្តលើការងារកសិកម្ម និងយល់ច្បាស់ពីគុណតម្លៃរបស់កសិករ ដែលជាសសរស្តម្ភមួយសម្រាប់ទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាជនយើង ពីព្រោះកសិករជាបេះដូងរបស់ប្រទេសជាតិយើង ជាពិសេសបើនិយាយពីមោទនភាពជាតិខ្មែរ គឺយើងទាំងអស់គ្នាតែងតែមើលឃើញក្នុងរូបារម្មណ៍ភ្លាម នូវវាលស្រែពណ៌មាស ដើមត្នោត និងបឹងទន្លេសាប ដែលផ្តល់អាហារដ៏សំខាន់ដល់ជាតិខ្មែរទាំងមូលតាំងពីដូនតាមក មិនមែនអគារខ្ពស់នៅទីក្រុងធំៗនោះទេ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានពន្យល់ដល់កសិករទៀតថា រឿងកសិកម្ម តម្លៃស្រូវ ដែលបញ្ហានេះមិនមែនជួបតែកម្ពុជាយើងនោះទេ  តាមការអង្កេតតម្លៃអង្ករនៅទីផ្សារអន្តរជាតិ​ បានទាញតម្លៃស្រូវយើងធ្លាក់ចុះ ហើយម្យ៉ាងទៀត  ដោយសារការស្តុកអង្ករពិភពលោកឆ្នាំមុន (២០២៤) នៅសល់ច្រើន ហើយបន្តប្រើប្រាស់ និងលក់ក្នុងឆ្នាំនេះ (២០២៥) ជាពិសេស ប្រទេសធំៗ រួមមាន ឥណ្ឌា ឥណ្ឌូណេស៊ី និងប្រទេសហ្វីលីពីន ដែលការណ៍នេះ ធ្វើឱ្យតម្រូវការអង្ករមានការថយចុះ សង្ឃឹមថា តម្លៃអង្ករនឹងល្អវិញនៅចុងឆ្នាំនេះ។

បន្ទាប់ពីបានស្តាប់មតិលើកឡើងរបស់កសិករមកពីតាមបណ្តាឃុំ ក្នុងស្រុកខ្សាច់កណ្តាល ជុំវិញបទពិសោធន៍ផលិតស្រូវរួចមក ឯកឧត្តមបណ្ឌិតប្រតិភូក៏បានផ្តល់អនុសាសន៍ថា ការធ្វើកសិកម្ម និងដាំដុះដំណាំគ្រប់ប្រភេទក៏ដោយ គឺត្រូវរកឱ្យឃើញតម្លៃដើមផលិតក្នុងមួយឯកតា ឧទាហរណ៍ ផលិតស្រូវមួយគីឡូក្រាម ត្រូវចំណាយប្រាក់អស់ប៉ុន្មានរៀល ឬចិញ្ចឹមមាន់មួយក្បាលរហូតដល់ថ្ងៃចាប់លក់ ចំណាយអស់ប៉ុន្មានរៀល ទើបយើងរកផលចំណេញឃើញ។ និយាយបែបនេះ គឺដើម្បីប្រែក្លាយបងប្អូនទៅជាកសិករសហគ្រិន។  ម្យ៉ាងទៀត ការចងក្រងជាបណ្តាញ ឬជាក្រុមអ្នកផលិតក្នុងស្រុកខ្សាច់កណ្តាលឱ្យបានកាន់តែច្រើន​ គឺជារឿងសំខាន់សម្រាប់ផ្គត់ផ្គង់ឱ្យបានជាប់ជាប្រចាំលើទីផ្សារប្រកបដោយគុណភាព តម្លៃសមរម្យ ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងមានភាពប្រកួតប្រជែងខ្ពស់។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូបានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយនឹងសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ខែល ឬឆ័ត្រ សម្រាប់កសិករជ្រក​ គឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារមិនឱ្យមានការំលោភបំពាន គៃចំណេញលើកសិករ និង(២) សមាគមធ្វើជាស្ពានឱ្យបងប្អូនដើរ ឬក៏តភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាឱកាសទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានសម្រាប់តភ្ជាប់សំឡេងរបស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមជាតិ និងអន្តរជាតិ ដោយមិនត្រូវទុកសំឡេងរបស់កសិករណាម្នាក់ចោលឡើយ។

សមាគមបណ្តាញកសិករតេជោ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម ចូលរួមសម្របសម្រួលធ្វើពិពិធកម្មកសិកម្ម និងកសិពាណិជ្ជកម្ម ដោយផ្តល់សេវាបច្ចេកទេស ការផ្សព្វផ្សាយកសិផល និងការផ្តល់ព័ត៌មានទីផ្សារផលិតផលកសិកម្ម៕


Photo-2025-12-24T150616.200
កសិករឥណ្ឌាវ័យក្មេងម្នាក់ ចាប់ផ្តើមពីមេគោពីរក្បាលរហូតមានមេគោ៣៥ក្បាល

រដ្ឋប៉ុនចាប់៖ នៅអាយុត្រឹមតែ២៧ឆ្នាំ ស្ត្រីកសិករឥណ្ឌាម្នាក់ សម្រេចបាននូវស្នាដៃដ៏កម្រនៅក្នុងភូមិរបស់នាង។ ជានិស្សិតបញ្ចប់ការសិក្សាផ្នែករដ្ឋបាលពាណិជ្ជកម្ម នៅរដ្ឋប៉ុនចាប់ (Punjab) ប្រទេសឥណ្ឌា នាង អាម៉ានឌីប គូរ (Amandeep Kaur) កំពុងទទួលបានជោគជ័យតាមរយៈកសិដ្ឋានចិញ្ចឹមមេគោយកទឹកដោះរបស់នាង ដែលឥឡូវនេះមានមេគោសរុបចំនួន៣៥ក្បាល និងផលិតទឹកដោះគោបានប្រហែល២០០លីត្រជារៀងរាល់ថ្ងៃ។ លោកាស្រី អាម៉ានឌីប គូរ ដែលមានដើមកំណើតមកពីគ្រួសារសាមញ្ញ និងជាកូនពៅក្នុងចំណោមបងប្អូនស្រីបីនាក់ គឺជាអ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមគោតែម្នាក់ឯង ហើយជាកសិករចិញ្ចឹមគោសកម្មម្នាក់នៅក្នុងស្រុកកំណើត។ លោកបាននិយាយថា «អ្វីៗមិនដែលស្រួលសម្រាប់គ្រួសារយើងទេ។ ក្រៅពីការធ្វើស្រែចម្ការលើដីជួលគេ គ្រួសារខ្ញុំបានចិញ្ចឹមមេគោពីរក្បាលដើម្បីរកប្រាក់ចំណូលបន្ថែម។ បន្ទាប់ពីបងប្រុសរបស់ខ្ញុំបានទទួលមរណភាព ខ្ញុំត្រូវទទួលខុសត្រូវកាន់តែច្រើនឡើងដើម្បីជួយឪពុកម្តាយរបស់ខ្ញុំ»។ ដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់នាង មន្ត្រីជាន់ខ្នស់ម្នាក់របស់រដ្ឋប៉ុនចាប់ បានមានប្រសាសន៍ថា «នាង អាម៉ានឌីប គូរ បានក្លាយជាកសិករគំរូមួយរូបមិនត្រឹមតែសម្រាប់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បុរសផងដែរ។ នាងបានធ្វើជាកសិករស្ត្រីគំរូផងដែរ ហើយក៏ជាគំរូមួយសម្រាប់កសិករបុរសចិញ្ចឹមគោ ដែលអាចសុំរៀនជំនាញផ្នែកគ្រប់គ្រងសត្វពីនាងដែរ»។ លោកបានមានប្រសាសន៍ថា លោកស្រី អាម៉ានឌីប គូរ បានចាប់ផ្តើមអាជីវកម្មរបស់នាង កាលពីបីឆ្នាំ២០២៤ ដោយមានមេគោតែពីរក្បាលប៉ុណ្ណោះ។ សព្វថ្ងៃនេះ នាងមានមេគោរហូតដល់៣៥ក្បាល នៅក្នុងកសិដ្ឋានរបស់នាង ហើយមេគោខ្លះអាចផ្តល់ទិន្នផលទឹកដោះគោ រហូតដល់ពី៤០ ទៅ៤៥លីត្រ ជារៀងរាល់ថ្ងៃ។ នៅពេលសម្រេចចិត្តចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន […]

photo_2025-12-24_15-52-02
បន្លែព្រៃ និងបន្លែដាំតាមសហគមន៍ កំពុងពេញនិយមដល់ភ្ញៀវទេសចរនៅតំបន់ ទឹកធ្លាក់ថ្មក្រាល

ដោយ ជិន ម៉ាដេប៉ូ កំពង់ឆ្នាំង៖ បន្លែព្រៃ និងបន្លែដែលដាំដោយផ្ទាល់ពីប្រជាពលរដ្ឋរស់នៅតំបន់ទឹកធ្លាក់ថ្មក្រាល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានក្លាយជាទីពេញនិយមចូលចិត្តទិញពីសំណាក់ភ្ញៀវទេសចរ ជាពិសេសភ្ញៀ់វទេសចរខ្មែរ ដែលទៅកម្សាន្តនៅទីនោះតែងមិនភ្លេចទេក្នុងការទិញមកផ្ទះសម្បែងវិញ។ គួរបញ្ជាក់ថា ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយ​ប្រមាណ៥៧ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេស​ចរ​អាចទៅទស្សនា និងលំ​ហែ​កាយ នៅពេលសម្រាកពីការ​ងារ ឬថ្ងៃចុងសប្តាហ៍ ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួប​ជុំ​មិត្ត​ភក្តិ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កម្សាន្តជាមួយ​នូវទឹក​ធ្លាក់​​ដ៏សែ​នត្រជាក់ ជាពិសេស ក្រៅពីបានភ្លក្សរសជាតិអាហារជាបន្លែព្រៃភ្នំ និងបន្លែដាំតាមសហគមន៍យ៉ាងឆ្ងាញ់ពិសាហើយ នៅអាចទិញប្រភេទជាបន្លែស្រស់ៗសម្រាប់ទុកមកធ្វើម្ហូបពេលត្រឡប់មកផ្ទះសម្បែងវិញផងដែរ។ លោក អ៊ឺត អូន ប្រធានសហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលៀង ដែលស្ថិតនៅតំបន់ទឹកធ្លាក់ថ្មក្រាល បានបញ្ជាក់ប្រាប់ ARDB TVឱ្យដឹងថា៖បច្ចុប្បន្ន សមាជិកសហគមន៍មានចំនួន៨៤គ្រួសារ ស្មើនឹង៣៤៨ នាក់។ ផ្ទៃដីតំបន់ទេសចរមានសរុបចំនួនជាង៥៣០ហិកតា ក្នុងនោះដីព្រៃឈើជាង២០០ហិកតា។សហគមន៍របស់លោកមួយនេះបានបង្កើតឡើងនៅអំឡុងឆ្នាំ២០០៦ ហើយបានអភិវឌ្ឍន៍ជាបណ្តើរៗរហូតបានក្លាយជាតំបន់ទេសចរណ៍មានឈ្មោះបោះសំឡេងក្នុងស្រទាប់អ្នកទេសចរទាំងជាតិ និងអន្តរជាតិ។ លោកបានប្រាប់ថា ក្នុងចំណោមពលរដ្ឋក្នុងសហគមន៍នេះភាគច្រើនបានបម្រើលើវិស័យទេសចរ ក្នុងនោះបានធ្វើម្ហូបអាហារសម្រាប់លក់ជូនភ្ញៀវទេសចរតែម្តង។ ក្រៅពីនេះ ពួកគាត់ជាច្រើននាក់តែងដើររកបន្លែតាមព្រៃភ្នំ ដូចជា ស្លឹកបាស់ ទំពាំង ស្លឹកងប់ […]

photo_2024-09-18_16-27-07
ការបង្កើតមុខរបរកសិកម្មបានកំពុងជួយរកចំណូលបន្ថែមយ៉ាងសំខាន់របស់ប្រជាពលរដ្ឋតាមសហគមន៍ នៅដែនជម្រកសត្វព្រៃកែវសីមា

ដោយ ជិន ម៉ាដេប៉ូ មណ្ឌលគិរី៖ របរកសិកម្មតាមសហគមន៍មូលដ្ឋានមិនត្រឹមជួយឱ្យប្រជាពលរដ្ឋបង្កើតមុខរបរដូនតាខ្មែរទេ ប៉ុន្តែក៏បានចូលរួមចំណែកជួយឱ្យប្រជាពលរដ្ឋអាចរកប្រាក់ចំណូលសម្រាប់គ្រួសាររបស់គាត់បានល្អប្រសើរជាបន្តបន្ទាប់។ ជាងនេះទៅទៀត នៅពេលមុខរបរគាត់រឹងមាំ ហើយជីវភាពធានាបាននូវភាពល្អប្រសើរនោះការចូលរួមអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី​ទាំង​រូបី និងអរូបិយក្នុងសហគមន៍របស់គាត់ក៏ល្អប្រសើរទៅតាមនោះថែមទៀត។ លោក ខៀវ សំណាង ទីប្រឹក្សាទទួលបន្ទុក​លើក​ស្ទួយ​ជីវភាព​សហគមន៍​របស់​អង្គការ​សមាគមន៍អភិរក្ស​សត្វព្រៃ​កម្ពុជា ​បាន​ឱ្យ​ដឹងថាចាប់តាំងតែពីមុនមក និងបច្ចុប្បន្ននេះ គម្រោងអង្គការរបស់លោកបានជួយផ្នែកកសិកម្ម មានដូចជាដំណាំស្រូវ ដាំបន្លែ និងចិញ្ចឹមសត្វ ក្នុងនេះដូចជាចិញ្ចឹមជ្រូក មាន់ និងត្រី។ ក្នុងនេះក៏មានក្រុមគាំទ្រទៅលើក្រុមសន្សំ ដែលមានចំនួនសរុប២១ក្រុម ដោយមានថវិការជាង១៧ម៉ឺនដុល្លារ។ ថវិការទាំងនេះសមាជិកក្នុងសហគមន៍អាចមកខ្ចី ដើម្បីបង្កើតមុខនៅតាមភូមិឃុំ ក្នុងនេះការខ្ចីមានភាពងាយស្រួល ហើយការប្រាក់ក៏ទាបដែរ។ ក្រៅពីនេះក៏មានក្រុមស្រ្តីតម្បាញក្រមា ក្រុមផលិតទឹកត្រឡាច ទឹកសណ្តែក ទឹកល្ពៅ ជាពិសេសក្រុមប្រមូលអនុផលព្រៃឈើ ប្រមូលជ័រទឹក ប្រមូលទឺកឃ្មុំជាដើម។ គម្រោងនេះបានចាប់ផ្តើមពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្ប​ន្ន។ លោកបានបញ្ជាក់ប្រាប់ដែរថា មុខរបរដែលបង្កើតដោយសហគមន៍កាន់តែមានច្រើន និងការពង្រីកទីផ្សារកាន់តែទូលំទូលាយ។ ក្នុងចំណោមមុខរបរបង្កើតឡើងដោយប្រជាពលរដ្ឋ នៅដែនជម្រកសត្វព្រៃកែវសីមា ដែលជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះ ដ៏កម្រ ជាច្រើនពិសេស ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។ មុខរបរទាំងនោះមានដូចជាការបង្កើតសម្ភារៈប្រើប្រាស់ធ្វើពីឫស្សី សិប្បកម្មតម្បាញក្រមា ការធ្វើនំស្រួយ ភេសជ្ជះធ្វើពីបន្លែ ផ្លែឈើ […]

Benguet-frost-30December2025
អាកាសធាតុចុះត្រជាក់ខ្លាំងរហូតកកដំណាំបន្លែក្នុងប្រទេសហ្វីលីពីន

ឡាទ្រីនីដាត៖ សីតុណ្ហភាពនៅតែបន្តចុះត្រជាក់ខ្លាំងនៅតំបន់ភ្នំក្នុងប្រទេសហ្វីលីពីន ជាពិសេសនៅក្នុងខេត្ត បេងហ្គេត (Benguet) ត្រូវបានរាយការណ៍ថា ធ្វើឱ្យចំហាយទឹកនៅក្នុងខ្យល់ប្រែទៅជាទឹកកក ធ្វើឱ្យប៉ះពាល់ និងខូចខាតដំណាំនៅក្នុងចម្ការបន្លែរបស់កសិករ។ កសិករដាំបន្លែនៅក្នុងតំបន់នេះ បាននិយាយថា ពួកគាត់បានកត់សម្គាល់ឃើញទឹកកក នៅលើដំណាំរបស់គាត់។ នៅពេលគាត់បានពិនិត្យមើលកសិដ្ឋាននៅពេលព្រឹក បានឃើញស្លឹកបន្លែរបស់គាត់គ្របដណ្តប់ដោយទឹកកក។ លោក​បានបន្ត​ថា អាកាសធាតុ​ចុះត្រជាក់រហូតដល់ធ្វើឱ្យកកនេះ ​បាន​បង្ក​ក្តី​បារម្ភ​ដល់​ ​កសិករ​ហ្វីលីពីន ព្រោះ​ទឹកកក​អាច​បំផ្លាញ​ដំណាំ និង​ប៉ះពាល់​ដល់​ការ​ប្រមូល​ផល។ ការតាមដានសីតុណ្ហភាពរបស់ការិយាល័យអាកាសធាតុ រដ្ឋនៅសាកលវិទ្យាល័យខេត្តបេងហ្គេត បានកត់ត្រាសីតុណ្ហភាពទាបបំផុត គឺ១២,១អង្សា។ ចំណែកយោងតាមមន្ត្រីមូលដ្ឋាន បានឱ្យដឹងថា តំបន់ខ្ពស់ៗទំនងជាជួបប្រទះនឹងការចុះត្រជាក់ខ្លាំងពេករហូតដល់កកតែម្តងនៅរដូវកាលនេះ។ ពួកគេបានណែនាំកសិករឱ្យចាត់វិធានការសាមញ្ញៗ ដើម្បីការពារដំណាំរបស់ខ្លួន ដូចជាការគ្របបន្លែនៅពេលសីតុណ្ហភាពទាប និងតាមដានស្ថានភាពអាកាសធាតុជាប្រចាំ។ ចំែណកការិយាល័យកសិកម្ម ក្នុងខេត្តបេងហ្គេត បាននិយាយថា កសិករអាចប្រោះទឹកលើកសិដ្ឋានរបស់ខ្លួន ឬធ្វើរោងគ្របពីលើបន្លែ ដើម្បីកាត់បន្ថយោលប៉ះពាល់ដោយសីតុណ្ហភាពចុះត្រជាក់ខ្លាំង។ ទីប្រជុំជន​ភាគខាងជើង​នៃ​ទីក្រុង បេងហ្គេត នៅតែជា​អ្នកផលិត​បន្លែ​ តំបន់ខ្ពង់រាប​ធំជាងគេ​របស់ប្រទេសហ្វីលីពីន ដោយផ្គត់ផ្គង់​យ៉ាងហោចណាស់បាន៨៥ភាគរយ​នៃតម្រូវការ​ទីផ្សារនៅក្នុងតំបន់៕

កាលវិភាគផ្សព្វផ្សាយ