ការ៉ាជី៖ សមាគមអ្នកនាំចេញផ្លែឈើ និងបន្លែប៉ាគីស្ថាន បានប៉ាន់ប្រមាណថា ទឹកជំនន់នាពេលថ្មីៗកន្លងមកនេះ ធ្វើឱ្យប៉ាគីស្ថានខាតបង់យ៉ាងហោចណាស់ពី១០០ ទៅ១៥០លានដុល្លារ ក្នុងការនាំចេញបន្លែ និងផ្លែឈើ ដែលកាលពីឆ្នាំ២០២៤ ការនាំចេញរកចំណូលបានចំនួន៧៥០លានដុល្លារ។
លោកប្រធានសមាគម បានជំរុញឱ្យរដ្ឋាភិបាលប៉ាគីស្ថានប្រកាសទឹកជំនន់ជាភាពអាសន្នរបស់ជាតិ ដោយព្រមានថា ការបំផ្លិចបំផ្លាញចម្ការ និងវាលស្រែ កំពុងតែគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាជនតាមជនបទ និងបង្កអសន្តិសុខស្បៀង។
លោកបានមានប្រសាសន៍ថា «ភាពអសកម្មរៀងរាល់ឆ្នាំ មានន័យថា វាលស្រែនឹងស្ងួតហួតហែង ហើយចម្ការនឹងត្រូវបំផ្លាញធ្វើឱ្យកសិករឱ្យជួបទុក្ខធំ។ ដូច្នេះអ្វីដែលត្រូវការនៅថ្ងៃនេះ គឺការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ព្រោះទំហំខូចខាតធំហួសពីគ្រោះមហន្តរាយធម្មតា»។
លោកបានសង្កត់ធ្ងន់ថា ការខូចខាតនេះលាតសន្ធឹងលើសពីការប្រមូលផលមួយរដូវ។ ការបំផ្លិចបំផ្លាញមិនអាចវាស់វែងបានក្នុងប្រមូលផលមួយរដូវទេ ព្រោះវាត្រូវការពេលវេលាច្រើនឆ្នាំ ដើម្បីបង្កើតចម្ការឡើងវិញ ហើយកសិករត្រូវបង្ខំចិត្តចាប់ផ្តើមពីចំណុចសូន្ស។ រដ្ឋត្រូវតែចាត់វិធានការផ្តល់ជំនួយហិរញ្ញវត្ថុដោយផ្ទាល់ ដើម្បីជួយគ្រួសារកសិករឱ្យរួចផុតពីភាពអាសន្ននាពេលបច្ចុប្បន្ននេះ បើមិនដូច្នេះទេ សហគមន៍ជនបទនឹងមិនត្រឹមតែប្រឈមមុខនឹងបញ្ហាខ្វះខាតស្បៀងអាហារប៉ុណ្ណោះ ប៉ុន្តែប្រឈមមុខនឹងគ្រោះថ្នាក់អន្តរាយដល់សេដ្ឋកិច្ចផងដែរ។
លោកប្រធានសមាគមអ្នកនាំចេញផ្លែឈើ និងបន្លែប៉ាគីស្ថាន បានស្នើសុំឥណទានគ្មានការប្រាក់ពីរដ្ឋាភិបាល ដើម្បីពង្រីកជំនួយដល់ការដាំដើមឈើឡើងវិញ និងធ្វើរោងសំណាញ់ការពារជាំទឹក និងការកែលម្អប្រព័ន្ធលូ។ លោកបានលើកឡើងពីការធានារ៉ាប់រងដំណាំរបស់ប្រទេសឥណ្ឌាសម្រាប់ការពារទឹកជំនន់តាមផ្កាយរណប និងគម្រោងជំនួយសាច់ប្រាក់ ដែលប្រទេសប៉ាគីស្ថានគួរពិចារណាយកគំរូតាម។
គ្រាន់តែផលប៉ះពាល់ដោយទឹកជំនន់ ធ្វើឱ្យខាតបង់រាប់ពាន់លានដុល្លាររួចទៅហើយ ពីការនាំចេញបន្លែ និងផ្លែឈើ ដែលធ្វើឱ្យមានការព្រួយបារម្ភចំពោះសុវត្ថិភាពស្បៀងកាន់តែខ្លាំងឡើង។
លោកបាននិយាយព្រមានថា ផលិតកម្ម និងការនាំចេញផ្លែក្រូវខ្វិច អាចរងផលប៉ះពាល់ ដោយសារទឹកជំនន់បង្កឱ្យកើតជំងឺដល់ដំណាំ។ លោកក៏បានកត់សម្គាល់ផងដែរអំពីការកើនឡើងតម្លៃទំនិញនាំចូលដូចជា ខ្ញី និងខ្ទឹម ដែលមិនទាក់ទងនឹងទឹកជំនន់ ហើយបានជំរុញឱ្យអាជ្ញាធរទប់ស្កាត់ការឡើងថ្លៃមិនសមហេតុផល។
លោកប្រធានសមាគមក៏បានគូសបញ្ជាក់ពីតម្រូវការសម្រាប់ធ្វើកសិកម្ម ដែលធន់នឹងអាកាសធាតុ។ ចម្ការឈើហូបផ្លែ ដែលមានអាយុច្រើនឆ្នាំ ជាពិសេសដើមស្វាយ អាចទប់ទល់នឹងអាកាសធាតុអាក្រក់បានយ៉ាងមានប្រសិទ្ធភាពជាងដំណាំ ដែលមានអាយុខ្លី។ ការផ្តល់ការលើកទឹកចិត្តដល់ការដាំដំណាំចម្ការអាចជួយធានាដល់ជីវភាពកសិករ និងធានាបាននូវសន្តិសុខស្បៀងក្នុងរយៈពេលវែង៕