បើទោះបីជាបច្ចុប្បន្នការបរិភោគត្រីទីឡាព្យាមិនសូវមានការពេញនិយមដូចទៅនឹងត្រីក្នុងស្រុកផ្សេងទៀត ប៉ុន្តែសង្កេតឃើញថាការចិញ្ចឹមត្រីប្រភេទមួយនេះ មានការចាប់ផ្តើមកើនឡើងជាសន្សឹមៗតាមកសិដ្ឋានភ្ញាស់កូនត្រីនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
យោងតាម ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះត្រីទីឡាព្យា លក់នៅលើទីផ្សារទូទៅមានពលរដ្ឋនិយមបរិភោគមានចំនួនតិចតួច ហើយលក់បានគឺនៅតាមកន្លែងរោងចក្រដែលមានកម្មករធ្វើការច្រើន និងមាននៅតាមកសិដ្ឋានចិញ្ចឹមត្រីទីឡាព្យា ដែលអនុវត្តតាមបែបបច្ចេកទេស។ ទន្ទឹមនឹងត្រីទីឡាព្យាលក់នៅលើទីផ្សារមិនទាន់មានការគំាំទ្រច្រើន ប៉ុន្តែនៅការចិញ្ចឹមត្រីប្រភេទមួយនេះនៅតាមបណ្តាខេត្តមួយចំនួនឃើញថាប្រជាពលរដ្ឋបានចាប់ផ្តើមចិញ្ចឹម។
លោក ឡែមផូ វរិទ្ធិ បានអះអាងថា “បើតាមខ្ញុំសាកសួរនៅខាងកសិដ្ឋានភ្ញាស់កូនត្រីទីឡាព្យាក្នុងស្រុកបានប្រាប់មកថាការកម្ម៉ង់កូនត្រីទីឡាព្យាយកទៅចិញ្ចឹមគឺមានការកើនឡើង ដែលនៅក្នុងនោះមានដូចជានៅ ខេត្តសៀមរាប បាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ចាម។ ពិសេសខេត្តនៅជាប់ព្រំដែន ពេលប្រជាពលរដ្ឋទទួលបានព័ត៌មានពីបងប្អូនរបស់ខ្លួនធ្វើការនៅប្រទេសថៃ ពេលមកលេងស្រុកកំណើតម្តងៗថា ហូបត្រីទីឡាព្យាឆ្ងាញ់ ហើយល្អសម្រាប់សុខភាព មិនដូចទៅនឹងពាក្យចចាមអារាមដែលថាបរិភោគត្រីទីឡាព្យាធ្វើឱ្យប៉ះពាល់សុខភាពដូចកាលពីមុននោះទេ” ។
លោក អ៊ឹង គឹមលី ម្ចាស់កសិដ្ឋានភ្ញាស់កូនត្រីនៅខេត្តបាត់ដំបង មួយកន្លែងបានឱ្យដឹងថានៅក្នុងរយៈពេលកន្លងមកនេះ ការផលិតកូនត្រីចែកចាយនៅលើទីផ្សារនៅមានចំនួនតិចតួច ប៉ុន្តែចាប់ពីឆ្នំា២០២៤ទៅ លោកមានផែនការផលិតត្រីទីឡាព្យាក៏ដូចកូនត្រីពូជផ្សេងបានជាង១លាន ទៅ ២លានកូន ហើយក្រៅពីភ្ញាស់ លោកនឹងធ្វើការចិញ្ចឹមត្រីទីឡាព្យាផ្ទាល់ខ្លួនផងសម្រាប់ផ្គត់ផ្គង់ទីផ្សារ ខណៈតម្លៃនៅលើទីផ្សារក្នុងតំបន់ពេលខ្លះត្រីទីឡាព្យា១គីឡូក្រាមអាចបានថ្លៃពី៨ពាន់ ទៅ១ម៉ឺនរៀល។
លោកបណ្ឌិត ង៉ោ ប៉េងប៊ុន ព្រឹទ្ធបុរសនៃមហាវិទ្យាល័យជលផល និង វារីវប្បកម្មនៃសកលវិទ្យាល័យភូមិន្ទកសិកម្មយល់ឃើញថា ពលរដ្ឋមិនសូវនិយមបរិភោគត្រីទីឡាព្យា ដោយសារប្រទេសកម្ពុជាជាប្រទេសមួយសំបូរទៅដោយត្រីទឹកសាបច្រើនជាងគេ សឹងតែនៅលើពិភពលោក ហើយប្រពៃណីជនខ្មែរតាមទម្លាប់ចាស់គឺពឹងទៅលើត្រីធម្មជាតិ។ តែមកដល់សម័យកាលថ្មីពលរដ្ឋ មានអារម្មណ៍ខ្លាចប៉ះពាល់សុខភាព តែការពិតជាក់ស្តែងមិនមែនបែបនេះទេ បើការចិញ្ចឹមអនុវត្តតាមគោលការណ៍ល្អ តាមក្បូនខ្នាតវាមិនជាបញ្ហាអ្វីនោះទេ។
លោកបណ្ឌិត មានប្រសាសន៍ថា “ខ្ញុំជឿថាបញ្ហា បារម្ភភ័យខ្លាចរបស់ពលរដ្ឋក្នុងស្រុកនេះវានិងត្រូវបានកាត់បន្ថយនៅពេលអ្នកប្រើប្រាស់ អ្នកចិញ្ចឹមព្យាយាមស្វែងយល់ និងធ្វើការផ្សព្វផ្សាយអំពីត្រីទីឡាព្យានេះឱ្យពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ ដើម្បីបង្កើនការជឿជាក់ កុំឱ្យគាត់ចេះតែស្មានដោយគ្មានមូលដ្ឋានច្បាស់លាស់ ព្រោះត្រីទីឡាព្យានេះអាចជាប្រភេទត្រីដែលមានតម្រូវការច្រើនជាងគេ នៅលើពិភពលោកមិនត្រឹមតែយកសាច់សម្រាប់បរិភោគប៉ុណ្ណោះទេ គេយកស្បែកវាយកទៅធ្វើជាកាបូប និង ធ្វើជាគ្រឿងសំអាងមួយចំនួនបានថែមទៀតផង”។
ព្រឹទ្ធបុរសនៃមហាវិទ្យាល័យជលផល និងវារីវប្បកម្មនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម បច្ចុប្បន្នសាលាបានភ្ញាស់ពូជត្រីទីឡាព្យាបានមួយរយៈហើយ តែមិនទាន់បានចែកចាយទៅខាងក្រៅនោះទេ ព្រោះសាលាចង់ទុកសិក្សាស្រាវជ្រាវឱ្យបានច្បាស់មុននឹងធ្វើការផ្សព្វផ្សាយ៕