ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៥ ត្រូវបានលោក កេនីជីរ៉ូ កាស៊ីវ៉ាសេ (Kenichiro Kashiwase) ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF)បានវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថានឹងសម្រេចបានក្នុងរង្វង់ ៤,៨ភាគរយ ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មសកល, ការអនុវត្តអត្រាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ស្របពេលមានស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។
ការបង្ហាញការព្យាករណ៍ទៅលើកំណើនសេដ្ឋកិច្ចកម្ពុជារបស់ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិខាងលើ ត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកប្រធានក្រុមបេសកកម្ម IMF បានមានប្រសាសន៍ថា ផ្អែកតាមការវាយតម្លៃរបស់ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ បើទោះបីជាទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរក្សាបាននូវភាពធន់ និងរក្សាចលនាកំណើនក្នុងឆ្នាំ២០២៥ ក្នុងរយៈពេលមធ្យម កម្ពុជានៅបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន៖ ទី១)-ការបន្តកំណើនយឺតនៃសេដ្ឋកិច្ចសកល, ទី២)-ការថមថយនៃហិរញ្ញប្បទាន ដែលមានកម្រិតសម្បទានខ្ពស់, ទី៣)- ភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលប៉ះពាល់ដល់ចរន្តពាណិជ្ជកម្ម, និងទី៤)-ការកើនឡើងនៃសម្ពាធបំណុលក្នុងវិស័យហិរញ្ញវត្ថុជាដើម ។
លោក កេនីជីរ៉ូ កាស៊ីវ៉ាសេ បានបន្តទៀតថា សេដ្ឋកិច្ចកម្ពុជានឹងបន្តចលនាក្នុងគន្លងនៃកំណើនរឹងមាំសម្រាប់រយៈពេលមធ្យមខាងមុខ ប៉ុន្តែគឺចាំបាច់ត្រូវជំរុញការអនុវត្តការងារកែទម្រង់ និងគោលនយោបាយមុតស្រួច ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ក្នុងនោះ ការកៀរគរចំណូលនៅតែបន្តជាអាទិភាព ក្នុងការបង្កើនឡើងវិញនូវទ្រនាប់ថវិកាជាតិ ស្របពេលរាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខ និងការបន្តលើកកម្ពស់ផលិតភាព និងសមត្ថភាពពលកម្ម, ការបង្កើនភាពប្រកួតប្រជែង, ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយចម្រុះ រវាងគោលនយោបាយសារពើពន្ធ, គោលនយោបាយរូបិយវត្ថុ, និងការកែទម្រង់ជារចនាសម្ព័ន្ធ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកត់សម្គាល់ពីសង្គតិភាពនៃនិន្នាការកំណើន និងការវាយតម្លៃកំណើនតាមវិស័យសំខាន់ៗក្នុងឆ្នាំ ២០២៥ បើទោះជាទំហំនៃការរំពឹងទុកសម្រាប់រយៈពេលខាងមុខនៅមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ មានប្រសាសន៍សង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលបាននិងកំពុងគិតគូរដាក់ចេញនូវវិធានការអន្តរាគមន៍ជាកញ្ចប់ឱ្យចំគោលដៅ និងទាន់ពេលវេលាជាបន្តបន្ទាប់ ពិសេសដល់ក្រុមគ្រួសាររងគ្រោះដោយសារបញ្ហាជម្លោះតាមព្រំដែនកម្ពុជា-ថៃ និងបងប្អូនពលករ ដែលវិលត្រឡប់មកមាតុភូមិវិញ ព្រមទាំងបន្តដោះស្រាយនូវបញ្ហាជារចនាសម្ព័ន្ធដូចជាការបង្កើនផលិតភាព, ការលើកកម្ពស់សមត្ថភាពពលកម្ម, ការពង្រឹងអភិបាលកិច្ច, ការបង្កើនបរិយាកាសទាក់ទាញវិនិយោគ, និងការធ្វើពិពិធកម្មទីផ្សារនាំចេញ សំដៅប្រែក្លាយបញ្ហាប្រឈម ដែលកម្ពុជាកំពុងជួបប្រទះទៅជាកាលានុវត្តភាពក្នុងការជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»៕ ដោយ ឡុង សារេត