ញូវដេលី៖ ការស្ទះផ្លូវឆ្លងកាត់តំបន់កាស្មៀរយៈពេលមួយសប្តាហ៍កន្លងមកនេះ បានធ្វើឱ្យអ្នកដាំផ្លែឈើនៅក្នុងតំបន់នេះ ខាតបង់ប្រាក់ចំណូលយ៉ាងច្រើន ដោយសាររថយន្តដឹកផ្លែប៉ោម និងផ្លែសារី ជាង១ ០០០គ្រឿង មិនអាចធ្វើចរាចរឆ្លងកាត់បាន។
ការស្ទះផ្លូវនេះបានកើតឡើងបន្ទាប់ពីមានព្យុះភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានការរអិលបាក់ដី ធ្វើឱ្យខូចផ្លូវជាតិមួយខ្សែ ដែលតភ្ជាប់តំបន់កាស្មៀរទៅទីផ្សារនានាក្នុងប្រទេសឥណ្ឌា។
ទោះបីជាផ្លូវខ្លះនៅតែបើកចំហក៏ដោយ ក៏អាជ្ញាធរមិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់ធ្វើចរាចរឆ្លងកាត់ឡើយ ដែលរថយន្តនីមួយៗត្រូវបានគេប៉ាន់ស្មានថា អាចដឹកផ្លែឈើមានតម្លៃពី ១ ៨០០ ទៅ៣ ៦០០ដុល្លារ។
អ្នកដាំប៉ោម និងសារី បានប៉ាន់ប្រមាណថា មានឡានដឹកទំនិញប្រហែល៥០០ ទៅ៨០០គ្រឿង ត្រូវជាប់គាំងនៅតាមដងផ្លូវ។
មន្ត្រីចរាចរណ៍នៅតំបន់កាស្មៀរ បានបញ្ជាក់ថា ខណៈផ្លូវជាតិមួយចំនួនត្រូវបានជួសជុលឡើងវិញក៏ដោយ ការងារជួសជុលនៅតែបន្តធ្វើតាមទីតាំងជាច្រើនកន្លែអ។ ពួកមន្ត្រីចរាចរណ៍ បានរាយការណ៍ថា ចរាចរណ៍នៅលើផ្លូវមួយចំនួនត្រូវបានបើកឱ្យចរាចរឆ្លងកាតើ ប៉ុន្តែបានណែនាំដល់អ្នកធ្វើដំណើរឱ្យពិនិត្យមើលស្ថានភាពផ្លូវឱ្យបានច្បាស់លាស់មុនពេលចាប់ផ្តើមការធ្វើដំណើរទៅមុខទៀត។ អាជ្ញាធរមូលដ្ឋានបាននឹងកំពុងបោសសម្អាតកម្ទេចកម្ទី និងបង្កើតផ្លូវឆ្លងកាត់ជំនួស ដើម្បីស្តារផ្លូវនេះឡើងវិញ។
អ្នកនាំពាក្យនៅក្នុងតំបន់បានសម្តែងការព្រួយបារម្ភអំពីឥទ្ធិពលលើវិស័យសាកវប្បកម្មផងដែរ។ លោកបានបន្តថា រថយន្តដឹកផ្លែប៉ោម និងផ្លែសារីជាង១ ០០០គ្រឿងនៅតែជាប់គាំង យូរពេក ធ្វើផ្លែឈើចាប់ផ្តើមខូចគុណភាពជាបន្តបន្ទាប់។
លោកបាននិយាយថា ការកកស្ទះចរាចរណ៍នេះគឺជាគ្រោះមហន្តរាយក្នុងពេលប្រមូលផលធំ។ វាមិនមែនគ្រាន់តែជាការរលួយផ្លែឈើនោះទេ វាជាការដួលរលំនៃសេដ្ឋកិច្ច ដែលទ្រទ្រង់ជីវភាពគ្រួសារកសិកររាប់សែននាក់។ លោកបានជំរុញឲ្យអាជ្ញាធរក្នុងមូលដ្ឋានដោះស្រាយបញ្ហាយានយន្តកកស្ទះជាបន្ទាន់ ហើយពិចារណាអនុញ្ញាតឲ្យរថយន្តធុនធ្ងន់ប្រើប្រាស់ផ្លូវជាតិឡើងវិញ។
អ្នកដាំដំណាំហូបផ្លែ និងអ្នកជំនួញ បានព្រមានថា ការពន្យារពេលបន្តទៀតធ្វើឱ្យខូចគុណភាពផ្លែឈើ ហើយទីផ្សារមិនទទួលយក ជាពិសេសសម្រាប់ផ្លែប៉ោម និងផ្លែសារី ដែលត្រូវប្រមូលផលនៅដើមរដូវ ដើម្បីបរិភោគស្រស់ៗតែម្តង។ រយៈពេលនៃការប្រមូលផលសម្រាប់ផ្លែឈើទាំងមុខនេះ មានរយៈពេលខ្លីណាស់ ហើយការយឺតយ៉ាវក្នុងចែកចាយនឹងបង្កហានិភ័យដល់ប្រាក់ចំណូលរបស់អ្នកផលិតក្នុងតំបន់៕