អ៊ីស្លាម៉ាបាដ៖ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងរដ្ឋាភិបាលប៉ាគីស្ថាន បានផ្តួចផ្តើមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះពន្ធទ្វេភាគីមួយ ដើម្បីកាត់បន្ថយពន្ធនាំចេញសម្រាប់ទំនិញកសិកម្មសំខាន់ៗចំនួនប្រាំបីមុខ ដែលប្រទេសទាំងពីរតែងតែលក់ឱ្យគ្នាទៅវិញទៅមក។
យោងតាមការផ្សាយរបស់គេហទំព័របន្លែ និងផ្លែឈើ បានឱ្យយដឹងថា កិច្ចព្រមព្រៀងនេះមានគោលបំណងកាត់បន្ថយអត្រាពន្ធគយលើការនាំចេញកសិផលរបស់ប្រទេសអាហ្វហ្គានីស្ថានចំនួនបួនមុខទៅកាន់ប្រទេសប៉ាគីស្ថាន មានដូចជា ផ្លែទំពាំងបាយជូ ផ្លែទទឹម ផ្លែប៉ោម និងផ្លែប៉េងប៉ោះ ចំណែកកសិផលនាំចេញរបស់ប្រទេសប៉ាគីស្ថានចំនួនមុខ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន មានដូចជាផ្លែស្វាយ ផ្លែក្រូច ផ្លែចេក និងដំឡូង។
អត្រាពន្ធលើទំនិញកសិផលទាំងប្រាំបីមុខខាងលើនេះ កាលពីមុនត្រូវបានកំណត់ត្រឹមជាង៦០ភាគរយ ប៉ុន្តែក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មមី ត្រូវបានទម្លាក់មកនៅត្រឹម២៧ភាគរយប៉ុណ្ណោះ។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលគាំទ្រដោយមន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអាហ្វហ្គានីស្ថាន និងមន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មប៉ាគីស្ថាន ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ដោយមានសុពលភាពរយៈពេលមួយឆ្នាំ ប៉ុន្តែមានជម្រើសអាចបន្តទៀតបាន។
គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងចំពេលមានភាពតានតឹងផ្នែកនយោបាយ និងសន្តិសុខតាមព្រំដែន ដែលកំពុងតែបន្តកើតមានរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ប៉ុន្តែរដ្ឋាភិបាលប្រទេសទាំងពីរ បានទទួលស្គាល់ការពឹងពាក់គ្នាទៅវិញទៅមកផ្នែកពាណិជ្ជកម្មផ្លូវគោក ជាពិសេសពាក់ព័ន្ធនឹងការនាំចេញផ្លែឈើឡើងវិញ ក្នុងរដូវប្រមូលផលនីមួយៗ។
យោងតាមតួលេខពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៥នេះ បានបង្ហាញពីការផ្លាស់ប្តូរទំនិញទ្វេភាគី ក្នុងទំហំទឹកប្រាក់ជិតមួយពាន់លានដុល្លារ ដោយការនាំចេញកសិផលរបស់ប្រទេសអាហ្វហ្គានីស្ថាន មានទឹកប្រាក់ចំនួន២៧៧លានដុល្លារ ចំណែកការនាំចេញកសិផលរបស់ប៉ាគីស្ថានវិញ មានទឹកប្រាក់ចំនួន៧១២លានដុល្លារ។
ការកើនឡើងនៃទំហំពាណិជ្ជកម្មនេះ ត្រូវបានផ្សារភ្ជាប់មួយផ្នែកទៅនឹងការកើនឡើងនៃការនាំចេញរបស់ប៉ាគីស្ថាន មានដូចជាការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត អង្ករសម្រូប និងស្ករស។ ទោះជាយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងការប៉ាន់ប្រមាណអាចមានសក្តានុពលយ៉ាងហោចណាស់ចាប់ពី៨ ០០០ ទៅ១០ ០០០លានដុល្លារ សម្រាប់ប្រាក់ចំណូលរបស់ប្រទេសទាំងពីរ ក្នុងមួយឆ្នាំៗ។
ឧបសគ្គផ្នែកពាណិជ្ជកម្មរវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន នៅតែបន្តកើតមានជាហូរហែ ដែលភាគច្រើនបង្កឡើងដោយបញ្ហាទំនាស់ព្រំដែន និងសន្តិសុខ រួមជាមួយនឹងការរឹតបន្តឹងថែមទៀតក្នុងការសម្របសម្រួលពាណិជ្ជកម្ម។
ការបិទចំណុចព្រំដែនជាទៀងទាត់ នៅតាទីតាំងមួយចំនួន ដែលបង្កឡើងដោយបញ្ហានយោបាយ ឬសន្តិសុខ ហើយជារឿយៗបានរំខានដល់ការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចលើអង្គភាពពាណិជ្ជកម្ម។ លើសពីនេះ ភាពស្មុគ្រស្មាញទាក់ទងនឹងពិធីសារពន្ធគយ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បានបន្តរារាំងដល់ការដឹកទំនិញឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ៕