តាកែវ៖ កសិដ្ឋានមុន្នី មានទីតាំងស្ថិតនៅភូមិព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ដែលបានបង្កើតឡើងក្នុងកំឡុងពេលកម្ពុជា និងពិភពលោកជួបវិបត្តិជំងឺកូវីដ១៩ បច្ចុប្បន្នបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការផលិត នៅផលិតផលក្នុងវិស័យវារីវប្បកម្មដើម្បីឆ្លើយតបទៅនិងតម្រូវការបរិភោគរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក និងក្លាយជាទីតាំងមួយផ្តល់ឱកាសទៅដល់និស្សិត ក៏ដូចជាក្រុមវារីវប្បករក្នុងតំបន់ ឱ្យទទួលបាននូវបទពិសោធន៍ និងការអនុវត្តផ្ទាល់ពីបច្ចេកទេសផ្តល់ចំណី គ្រប់គ្រងទឹក និងការគ្រប់គ្រងកសិដ្ឋាន។
លោក ថាយ សុមុន្នី ម្ចាស់កសិដ្ឋានខាងលើបានឱ្យដឹងថា ក្តីស្រម៉ៃ ក៏ដូចជាគោលបំណងសំខាន់ក្នុងការបង្កើតកសិដ្ឋាន មុន្នីនេះឡើង គឺដើម្បីចូលរួមផលិតនូវផលិតផលក្នុងវិស័យវារីវប្បកម្មក្នុងស្រុក ឱ្យមានត្រី បង្កងសម្រាប់ឆ្លើយតបតម្រូវការបរិភោគរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក។ កសិដ្ឋានមុន្នីរៀបចំបង្កើតឡើងជាគំរូកសិដ្ឋានចម្រុះ ឬកសិវារីវប្បកម្ម ដោយប្រើប្រាស់ដីស្រែ ប្រែក្លាយទៅជាកន្លែងចិញ្ចឹមបង្កងបែបធម្មជាតិ ត្រី និងដំណាំដូងក្រអូប និងដាំប្រភេទដើមឈើមានតម្លៃ។
លោកបន្តថា «យើងបានរៀបចំកែច្នៃទីកន្លែងនេះ តាំងពីមិនទាន់មានអ្វីសោះ រហូតមកដល់សព្វថ្ងៃនេះ យើងដាំដូងក្រអូបបានជាង៣០០ដើម យើងបានផ្សាំកូនត្រីប្រា ឱ្យក្លាយជាកូនត្រីពូជដើម្បីលក់ជូនអតិថិជន ដែលចូលចិត្តចិញ្ចឹមត្រីប្រានៅក្នុងស្រុក ឱ្យទទួលបានកូនត្រីមានគុភាព និងសុវត្ថិភាពល្អ យកទៅចិញ្ចឹមបន្តឆាប់ធំ និងមិនមានជំងឺ។ យើងធ្វើការផ្សាំកូនបង្កងឈ្មោល សម្រាប់ផ្គត់ផ្គង់ជូនដល់បងប្អូនវារីវប្បករយើង ដែលមានបំណងចង់ចិញ្ចឹមបង្កងសាច់។ ទន្ទឹមនិងនេះ កសិដ្ឋានយើងក៏ចិញ្ចឹមបង្កងសាច់ផងដែរដើម្បីបម្រើដល់អតិថិជននៅក្នុងប្រទេស»។
បើតាមម្ចាស់កសិដ្ឋានខាងលើ, នៅឆ្នាំ២០២៥សង្ឃឹមថា ការផ្សាំកូនត្រីប្រារបស់ខ្លួននឹងកើនឡើង៣០ភាគរយបើប្រៀបធៀបនិងឆ្នាំ២០២៤។ ដូច្នេះការផ្សាំកូនត្រីប្រារំពឹងថា នឹងកើនពី២,៥លានកូនទៅ៣លានកូន ខណៈការផ្សាំកូនត្រីប្រានៅឆ្នាំ២០២៤ បានតែជាង១លានកូន។ ដោយឡែកការផ្សាំកូនបង្កង និងការចិញ្ចឹមបង្កងសាច់ រកឃើញពីគន្លឹះដែលបង្កឱ្យមានបញ្ហាដល់ការលូតលាស់ ហើយនៅឆ្នាំកន្លងមកនេះ បានផលិតបង្កងសាច់បានប្រមាណ១តោន។
លោកបន្តថា ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ កសិដ្ឋានមុន្នី បានចូលរួមក្នុងវិស័យវារីវប្បកម្មនៅមានកម្រិត ដោយបានចូលរួមផ្តល់ការបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ដែលចាប់អារម្មណ៍វារីវប្បកម្ម។ ជាពិសេសសិស្សនិស្សិត ក្រុមវារីវប្បករ នៅខេត្តដទៃផ្សេងៗ បានអនុវត្តផ្ទាល់ និងបានរៀនសូត្រផ្ទាល់ទាំងលក្ខណៈបច្ចេកទេស គ្រប់គ្រងកសិដ្ឋាន បច្ចេកទេសចិញ្ចឹម គ្រប់គ្រងគុណភាពទឹក ការផ្តល់ចំណី ការប្រមូលផល និងការវេចខ្ចប់ យកទៅលក់នៅទីផ្សារ៕ ដោយ៖ ឡុង សារេត