(ភ្នំពេញ)៖ លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ទូកុងតឺន័រដំបូងផ្លែទុរេនរបស់ប្រទេសកម្ពុជា ដែលមានទម្ងន់ជាង១៧ តោន ត្រូវបានវេចខ្ចប់តាមស្ទង់ដារនាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
លោកបានឲ្យដឹងថា ការនាំចេញផ្លែទុរេនរបស់កម្ពុជាទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន បានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) សហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីវេចខ្ចប់ផ្លែទុរេន នាំចេញទៅទីផ្សាប្រទេសចិន។
លោកប្រធានមន្ទីរបានបន្ថែមទៀតថា នេះគឺជាលើកទី១ហើយ ដែលយើងទទួលបានការវិនិយោគពីក្រុមហ៊ុន អេចអេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) ដែលបានធ្វើការវិនិយោគលើដំណាំទុរេននេះ។ ជាក់ស្តែងកាលពីមុន កសិករ ដែលដាំដុះដំណាំទុរេននេះ ពុំទាន់មានទីផ្សារទូលំទូលាយនៅឡើយ ដោយគ្រាន់តែផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសថៃ។ ប៉ុន្តែ ពេលនេះយើងមានទីតាំងរោងចក្រ ដែលប្រមូលទិញផ្លែទុរេន និងវេចខ្ចប់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដោយបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាកសិករក្នុងខេត្ត សម្រាប់ដាំណាំប្រភេទនេះ ពោលងាយស្រួលក្នុងការលក់ ព្រមទាំងទទួលបានតម្លៃសមរម្យ ប្រកបដោយទំនុកចិត្តខ្ពស់ និងមានគុណភាព។
យោងតាមប្រធានមន្ទីរខាងលើ នេះគឺជាដំណើារការបង្កើតឱ្យមានរោងចក្រប្រមូលទិញផ្លែទុរេន និងវេចខ្ចប់នេះ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាកសិករអ្នកដាំទុរេន ក៏ដូចជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្ម ឱ្យឈានឆ្ពោះមួយកម្រិតទៀត។
តំណាងក្រុមហ៊ុន បានគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបន្តវេនពីសម្តេចតេជោ ហ៊ុន សែន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្តល់បរិយាកាសល្អ និងបានស្វះស្វែង ដើម្បីផ្តល់លទ្ធភាពដល់អ្នកវិនិយោគអាចនាំផ្លែទុរេនកម្ពុជា ចេញទៅលក់លើទីផ្សារចិនបាន។
លើសពីនេះ ក្រុមហ៊ុនដោយគ្រោងវិនិយោគលើដំណាំទុរេននេះ រាប់សិបតោនទៅកាន់ទីផ្សាប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង។
ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន៥,២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន៣,៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។
បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងត្រៀមរៀបចំដាក់ចេញគោលនយោបាយ ជំរុញខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជាពិសេសជំរុញការនាំចេញទៅក្រៅប្រទេស ក្នុងនោះខេត្តត្បូងឃ្មុំបច្ចុប្បន្នមានផ្ទៃដីដាំដុះដំណាំទុរេនទូទាំងខេត្ត សរុបប្រមាណ៩៥០ហិកតា ដែលអាចនាំចេញទៅកាន់ទីផ្សារអន្តជាតិ ហើយការបង្កើតឱ្យមានទីតាំងទទួលទិញ និងវេចខ្ចប់ផ្លែទុរេនក្នុងខេត្តត្បូងឃ្មុំនេះ នឹងកាន់តែជំរុញទីផ្សារទុរេនកម្ពុជាកាន់តែទូលំទូលាយថែមទៀត៕