ហាណូយ៖ យោងតាមអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានរបស់វៀតណាម បានឱ្យដឹងថា វិស័យកសិកម្មវៀតណាម បានរក្សាគន្លងអភិវឌ្ឍន៍វិជ្ជមានក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ទោះបីជាបរិបទសកល និងក្នុងស្រុកមានភាពស្មុគស្មាញក៏ដោយ ព្រោះក្រសួងបានអនុវត្តយ៉ាងសកម្មនូវដំណោះស្រាយ ដែលអាចបត់បែនបាន និងឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាប្រឈម ជំរុញផលិតកម្ម ស្ថិរភាពទីផ្សារ និងជំរុញការនាំចេញ។
គោលដៅវិស័យកសិកម្មរបស់វៀតណាម គឺដើម្បីសម្រេចបាននូវអត្រាកំណើនបួនភាគរយនៅឆ្នាំ២០២៥ ជាមួយនឹងចំណូលពីការនាំចេញប្រមាណ៦៤ ទៅ៦៥ពាន់លានដុល្លារ។ ចំណែកការនាំចេញសរុបសម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៥នេះ មានចំនួន៣៣,៨៤ពាន់លានដុល្លារ គឺកើនឡើងចំនួន១៥,៥ភាគរយ បើធៀបនឹងឆ្នាំ២០២៤។
គួរកត់សម្គាល់ថា ទំហំពាណិជ្ជកម្មវៀតណាម បានកើនដល់ទំហំទឹកប្រាក់ចំនួន៩,៨៣ពាន់លានដុល្លារ គឺកើនឡើងចំនួន១៦,៥ភាគរយ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការប្រកួតប្រជែងរបស់វៀតណាមក្នុងទីផ្សារកសិកម្មអន្តរជាតិ។
លោកអនុរដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមបានដាក់គោលដៅនាំចេញរបស់ខ្លួន ឱ្យកើនដល់ទំហំទឹកប្រាក់៧០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។
ត្រឹមឆមាសទីមួយនៃឆ្នាំ២០២៤ បង្ហាញឱ្យឃើញថា ផលិតកម្មស្រូវមានស្ថិរភាព និងមានផលិតសរុបចំនួន២២,៧លានតោន ដោយថយចុះពីចំនួន៤៣,៥លានតោន។ ចំណែកការនាំចេញអង្កររបស់វៀតណាមបានកើនដល់ ៩,១៨លានតោន។
អនុរដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់លើការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធនៃទីផ្សារនាំចេញ ដែលកាលពីឆ្នាំ២០២៤ សហរដ្ឋអាម៉េរិក និងប្រទេសចិន ចំណែកទីផ្សារនាំចេញស្ទើរតែស្មើគ្នា ដោយអាម៉េរិកមានចំនួន២១,៨ភាគរយ និងចិនមានចំនួន២១,៦ភាករយ។
ទោះបីជាយ៉ាងណាក៏ដោយ ទីផ្សារអាម៉េរិកបានកើនដល់៧,១៤ពាន់លានដុល្លារ ឬស្មើនឹង២១,១ ក្នុងរយៈពេលប្រាំមួយដំបូងនៃឆ្នាំ២០២៥នេះ ខណៈពេលទីផ្សាររបស់ប្រទេសចិន បានធ្លាក់ចុះមកត្រឹម៥,៩៤ពាន់លានដុល្លារ ឬស្មើនឹង១៧,៦ភាគរយ។ ការនាំចេញទៅកាន់ប្រទេសជប៉ុនបានកើនឡើងចំនួន៧,២ភាគរយ ក្នុងកំណើនទឹកប្រាក់ចំនួន២,៤៤ពាន់លានដុល្លារ។
ការអភិវឌ្ឍនេះត្រូវការការកែសម្រួលជាយុទ្ធសាស្រ្តក្នុងការពង្រីកទីផ្សារ និងការលើកកម្ពស់ពាណិជ្ជកម្មចំពោះមុខទំនិញសំខាន់ៗដូចជា កាហ្វេ អង្ករ ផ្លែឈើ ត្រីងៀត និងបង្គា គឺក្រសួងកសិកម្មវៀតណាមកំពុងតែខិតខំប្រឹងប្រែង ដើម្បីពង្រីកលទ្ធភាពទទួលបានទីផ្សារ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់វៀតណាមជាមួយប្រេស៊ីល ទាក់ទងនឹងការនាំចេញសាច់គោ និងសក្ដានុពលសម្រាប់ការពង្រីកការនាំចេញត្រីងៀត កាហ្វេ និងអង្ករ គឺជាចំណុចលេចធ្លោនាពេលថ្មីៗនេះ។
កំណើនក្នុងវិស័យកសិកម្មចំនួន៣,៨ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ បាននាំឱ្យផលិតផលសាច់ជ្រូករបស់វៀតណាមបជាប់ចំណាត់ថ្នាក់ទី៥ នៅទូទាំងពិភពលោក។ ដោយមានការរំពឹងទុកថា នឹងមានកំណើនបន្ថែមទៀត ក្នុងឆ្នាំ២០២៥នេះ ខណៈទិន្នផលសាច់សរុប ក្នុងឆ្នាំ២០២៤ បានកើនដល់ ៨,២៤លានតោន។ ចំណែកផលិតកម្មទឹកដោះគោ ដែលរំពឹងទុកគឺប្រហែល១,២៥លានតោន។
ចំណែកនៅក្នុងវិស័យជលផលវិញ ទិន្នផលត្រីប្រហែលពាក់កណ្តាលនៃការប៉ាន់ប្រមាណប្រចាំឆ្នាំ មានចំនួន៤,៦ លានតោន។ ទោះជាយ៉ាងណាក៏ដោយ អត្រាប្រែប្រួល គឺត្រឹមតែ៣,១ភាគរយប៉ុណ្ណោះទេ ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ទាំងក្នុងតំបន់ភាគខាងជើង និងភាគខាងត្បូង ដើម្បីសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំពី៩,៦ ដល់៩,៧លានតោន។ បើគិតត្រឹមក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ ចំណូលបានមកពីការនាំចេញពីផលិតផលជលផលមានចំនួន៥,១៦ពាន់លានដុល្លារ។
បើយោងតាមអ្នកតំណាងមកពីនាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ នៅឆ្នាំ២០២៥ បានឱ្យដឹងថា វិស័យកសិកម្មនឹងខិតខំប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍខ្សែសង្វាក់តម្លៃចាប់ពីផលិតកម្មរហូតដល់ការកែច្នៃ។ ទោះបីជាមានការប្រឈមផ្នែកសេដ្ឋកិច្ច និងនយោបាយនៅលើពិភពលោក និងក្នុងស្រុកក៏ដោយ ក្នុងគោលបំណងលើកកម្ពស់តម្លៃ និងធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែង និងពង្រីកទីផ្សារទាំងក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស៕