បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ខែមិថុនាថ្មីនេះ បានបើកព្រឹត្តិការណ៍ “ផ្លែឈើបាត់ដំបង២០២៥” ដើម្បីផ្តល់ឱកាសដល់ម្ចាស់ចម្ការបានយកផលិតផលរបស់ខ្លួនមកដាក់តាំងលក់ជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលទានបានស្គាល់ឱ្យកាន់តែច្បាស់នូវបន្លែ ផ្លែឈើ និងផលិតនៅក្នុងស្រុកផ្សេងៗ ក្រោមការអញ្ចើញចូលជាអធិបតីភាពពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ។
ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៥នេះ គឺដើម្បីរៀបចំឱ្យបងប្អូនអ្នកដាំបន្លែ ផ្លែឈើ និងកសិផលផ្សេងៗទៀត បានយកមកតាំងបង្ហាញ និងលក់ជូនដល់ទទួលទាននៅក្នុងខេត្ត បានដឹងកាន់តែច្បាស់ ហើយសង្ឃឹមថាព្រឹត្តិការលើកទី១នេះ នឹងនាំមកនូវក្ដីសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់ចម្ការបានលក់ដូរបន្លែ ផ្លែឈើ និងផលិតផលរបស់ខ្លួន។
លោក បិត ហ៊ុន ម្ចាស់ចម្ការទុរេនសំឡូតចាស់ ដែលបាននាំយកផ្លែទុរេនចូលដាក់តាំង និងលក់នៅក្នុងព្រឹត្តិការណ៍ខាងលើបានឱ្យដឹងថា ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥នេះ មានអ្នកចូលរួមយ៉ាងច្រើនកុះករ និងបានជួយទិញផ្លែទុរេនខេត្តបាត់ដំបងបានច្រើននៅតាមស្តង់។ ជាក់ស្តែងនៅថ្ងៃទី១ លោកបានលក់អស់ផ្លែទុរេន៦០០គីឡូក្រោម ថ្ងៃទី២លក់បានជាងពីរតោន និងថ្ងៃទី៣ លក់បានជាងមួយតោន។
លោបាននិយាយថា នៅក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនានេះ លោកបានលក់ផ្លែទុរេន និងផ្លែសាវម៉ៅ ប្រមាណបីតោន ដែលដាំនៅក្នុងចម្ការរបស់ខ្លួន។
សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំ “ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥” រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង។ ព្រឹត្តិការណ៍នេះមានការតាំងលក់ផលិតផលភូមិ១ ផលិតផល១ ជាច្រើនស្តង់ បង្អែមផ្លែឈើចម្រុះ ដែលសុទ្ធសឹងជាស្នាដៃអ្នកបាត់ដំបងរួមជាមួយនឹងស្តង់លក់ផ្លែទុរេន សាវម៉ាវ មង្ឃុត ផ្លែប័រ ដូងខ្ទិះ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ម្នាស់ ម្រេច និងផលិតផលផ្លែឈើជាច្រើនប្រភេទ ដែលដាំដុះក្នុងខេត្ត។
ជាមួយគ្នានេះរដ្ឋបាលខេត្ត បានរៀបចំឱ្យមានប៊ូហ្វេទុរេន បាត់ដំបងរយៈពេលបី ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដែលរៀបចំនៅក្នុងរោងម៉ាស៊ីនត្រជាក់ ដោយបន្ថែមផ្លែឈើផ្សេងទៀត ដូចជាផ្លែមង្ឃុត សាវម៉ាវ និងផ្ដល់ជូនទឹកសុទ្ធដោយមិនគិតថ្លៃហើយសម្រាប់ផ្លែទុរេន គឺបកផ្ទាល់ដៃដោយម្ចាស់ចម្ការ៕