ខេត្តត្បូងឃ្មុំ៖ នៅរដូវកាលប្រមូលផលផ្លែទុរេនក្នុងឆ្នាំ២០២៥នេះ តម្លៃទុរេនរបស់កសិករក្នុងខេត្តត្បូងឃ្មុំមិនមានស្ថិរភាពល្អនោះទេ ដោយសារនៅតែបន្តធ្លាក់ថ្លៃជាបន្តបន្ទាប់។
ជាក់ស្តែងម្ចាស់ចំម្ការទុរេនមួយកន្លែង ឈ្មោះ វុន ប៊ុនធឿន រស់នៅសង្កាត់វិហារហ្លូង ក្រុងសួងខេត្តត្បូងឃ្មុំ ជាអ្នកលក់បោះដុំផ្លែទុរេនទៅឈ្មួញបានថ្លៃប្រមាណ១៤ ០០០រៀល ខណៈការប្រមូលផលវគ្គដំបូងៗនៅពាក់កណ្តាលខែឧសភា លក់បានថ្លៃជិត២០ ០០០រៀលក្នុងមួយគីឡូក្រាម។
លោកបានឱ្យដឹងថា គិតមកដល់សប្តាហ៍ទី២ ខែមិថុនានេះ ការប្រមូលផលផ្លែទុរេនបានប្រហែលជាងប្រាំតោន និងនៅសល់ប្រហែលទុរេនបីតោនទៀតនឹងបញ្ចប់ការប្រមូលផលក្នុងវគ្គទីមួយ។ ចំណែកវគ្គទី២ គ្រោងចាប់ផ្តើមនៅដើមខែកក្កដាខាងមុខ លើដើមទុរេន៣០ដើម ឬស្មើនិងបរិមាណទុរេនប្រហែលពីរតោន។
លោកបន្តថា តម្លៃទុរេនកាលប្រមូលផលនៅពាក់កណ្តាលខែឧសភាកន្លងទៅ បោះដុំទៅឈ្មួញលក់បានថ្លៃចន្លោះពី១៧ ០០០រៀល ទៅ១៨ ០០០រៀលក្នុងមួយគីឡូក្រាម ហើយបើគិតមកដល់សព្វថ្ងៃនេះតម្លៃទុរេនបានបន្តធ្លាក់ចុះនៅ១៤ ០០០រៀល ហើយដល់ពេលប្រមូលវគ្គទី២ ចូលមកដល់តម្លៃទុរេនអាចធ្លាក់នៅត្រឹម១២ ០០០រៀលក្នុងមួយគីឡូក្រាម។
បើតាមកសិករដាំទុរេនខាងលើ, ក្នុងឆ្នាំ២០២៥នេះ តម្លៃទុរេនពូជម៉ាន់ថង ដែលលោកបានប្រមូលលក់ជាបន្តបន្ទាប់តាំងពីខែឧសភា រហូតដល់ខែមិថុនា បានតម្លៃទាបជាងឆ្នាំ២០២៤។ ការធ្លាក់ថ្លៃទុរេនស្រស់នៅលើទីផ្សារសព្វថ្ងៃនេះលោកយល់ថា មួយផ្នែកវាបណ្តាលមកពីការប្រែប្រួលអាកាសធាតុក្នុងរដូវទុរេនកំពុងប្រមូលផល និងម្យ៉ាងទៀតអាចមកពីកសិករនៅតាមតំបន់ធ្វើការដាំដុះទុរេនមានចំនួនកាន់តែច្រើន ទើបធ្វើឱ្យការផ្គត់ផ្គង់លើសពីតម្រូវការក្នុងស្រុកជាដើម។
លោក វុន ប៊ុនធឿន អះអាងថា នៅឆ្នាំ២០២៥នេះ ទោះបីតម្លៃទុរេនស្រស់មានការធ្លាក់ថ្លៃជាបន្តបន្ទាប់ពីជិត២០ ០០០រៀល មកនៅត្រឹមប្រមាណ១៤ ០០០រៀលក្នុងមួយគីឡូក្រាមក្តី សម្រាប់ខ្ញុំនូវតែទទួលបានប្រាក់ចំណេញ ព្រោះទុរេនឆ្នាំនេះផ្តល់ទិន្នផលច្រើន និងមានតម្លៃសេដ្ឋកិច្ចខ្ពស់ បើប្រៀបធៀបទៅនិងដំណាំផ្សេងទៀត។ តួយ៉ាងចាប់ពីថ្ងៃប្រមូលផលទុរេនលក់ដំបូងរហូតមកដល់ពេលនេះទទួលបានចំណូលសរុបពី៨០លានទៅ៩០លានរៀល។
ទន្ទឹមនឹងដំណាំទុរេនត្រូវបានប្រជាពលរដ្ឋធ្វើការដាំដុះច្រើននៅតាមតំបន់ ហើយធ្វើឱ្យចាល់នៅលើទីផ្សារក្នុងរដូវប្រមូលផល, កសិករ វុន ប៊ុនធឿន មើលឃើញថាប្រសិនជាផ្លែទុរេនស្រស់ក្នុងស្រុកអាចនាំចេញបានដោយផ្ទាល់ទៅកាន់ប្រទេសចិន កាន់តែឆាប់ គឺជារឿងល្អសម្រាប់លោក និងមិនធ្វើឱ្យទីផ្សារកកស្ទះនៅពេលប្រមូលផលម្តងៗ។
គួរជម្រាបជូនផងដែរថា លោក វុន ប៊ុនធឿន មានដាំទុរេនចំនួនបួនប្រភេទ មានដូចជាពូជ ម៉ាន់ ថង, ពូជឪខាក់, ពូជមូសាង ឃីង និងពូជ រី ៦ ហើយនៅក្នុងពូជទាំងបួននេះ សរុបមានទុរេនប្រមាណ៣០០ដើម និងបាននិងកំពុងផ្តល់ផលប្រមាណ២០០ដើម៕