ភ្នំពេញ៖ យោងតាមអ្នកជំនាញកសិកម្មបានបញ្ជាក់ថា ការដាំដុះដំណាំតាមគោលការណ៍បច្ចេកទេស និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាអាចរក្សាបាននិរន្តរភាពទីផ្សារ និងបង្កើនប្រាក់ចំណេញ សម្រាប់កសិករកម្ពជា។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ថ្មីៗនេះលោកបានដឹកនាំមន្រ្តីជំនាញ ជួបប្រជុំជាមួយកសិករដាំដុះដំណាំរំដេង និងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការចងក្រងជាសហគមន៍កសិកម្ម នៅភូមិជ្រៃតាសូ ឃុំអំពិលតាពក ស្រុកអូររាំងឪ ដែលមានការចូលរួមពីមន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ ប្រធានសហគមន៍ និងកសិករដាំរំដេង សរុប២២រូប ក្នុងនោះស្រី១២រូប។
លោក ហេង ពិសិដ្ឋ បានបញ្ជាក់ទៀតថា នៅក្នុងខេត្តត្បូងឃ្មុំមានបីឃុំ ដែលមានកសិករដាំរំដេងច្រើន មានផ្ទៃដីសរុបជាង១០០ហិកតា ហើយសព្វថ្ងៃនេះ ចំពោះទីផ្សាររំដេងវិញ កសិករមានឈ្មួញកណ្តាលចាំទទួលទិញបន្តចែកចាយលើទីផ្សារនៅទូទាំងប្រទេសផងដែរ។
កសិករដាំរំដេង បានរៀបរាប់ថា ក្នុងឃុំអំពិលតាពតឆ្នាំនេះ មានដាំដុះរំដេងលើផ្ទៃដីប្រមាណ៥០ហិកតា ដែលអាចផ្តល់ទិន្នផលប្រមាណពី២៥-៣០តោន ក្នុងមួយហិកតា។ តម្លៃរំដេងបច្ចុប្បន្នតម្លៃ២ ៥០០រៀល ទៅ៣ ០០០រៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឲ្យកសិករ មានសេចក្តីរីករាយ សង្ឃឹមថា នឹងទទួលបានចំណូលកាន់តែប្រសើរ។
តាមការរៀបរាប់របស់កសិករ ការដាំដុះដំណាំរំដេង ទោះបីមិនសូវជួបនូវហានិភ័យខ្ពស់ តែប្រឈមបញ្ហាមួយចំនួនដូចជា ពូជ ជំងឺផ្សិត លឿងស្លឹក សត្វល្អិតចង្រៃ និងបច្ចេកទេសប្រើប្រាស់ជី និងថ្នាំកសិកម្ម។
ដោយឡែក លោក ម៉េង ហ៊ាង កសិករដាំរំដេងលើផ្ទៃដីពីរហិកតា បានរៀបរាប់ថា រំដេង ជាដំណាំមានភាពធន់ខ្ពស់នឹងទឹក អាកាសធាតុ ងាយដាំ តែក៏រងហានិភ័យផងដែរ បើយើងមិនមានការរៀបចំ ឬថែទាំបានល្អប្រសើរទេនោះ។
កសិករខាងលើនេះបានដាំរំដេងលើផ្ទៃដីពីរហិកតា ប្រើប្រាស់កម្លាំងពលកម្មសម្រាប់ស្រោចស្រពតែម្នាក់គត់ ព្រោះគាត់បានរៀបចំប្រព័ន្ធស្រោចស្រពតំណក់ទឹក ភ្ជាប់ជាមួយប្រព័ន្ធសូឡាបូមទឹកស្រោចស្រព។
មិនខុសពីដំណាំផ្សេងៗ កាលណាប្រមូលផលជាន់គ្នា នឹងធ្វើឲ្យលើសពីតម្រូវការ ដែលនឹងប៉ះពាល់ដល់តម្លៃរំដេង។ តែដោយរំដេង ជាដំណាំអាចរក្សាទុកលើថ្នាលបាន វាក៏បង្កើតឱកាសឲ្យយើងរក្សាទុកវារង់ចាំរហូតដល់តម្លៃល្អប្រសើរមកវិញបាន។ ជាទូទៅ រំដេង អាចដាំបានប្រមាណ១០ ០០០គុម្ព ក្នុងហិកតា ស្មើនឹងប្រមាណ៤ទៅ៥តោន។
មន្រ្តីជំនាញបានបានណែនាំថា ការជ្រើសរើសពូជ ត្រូវរកមើលរំដេងក្នុងចម្ការ ដែលមានសុខភាពល្អ គ្មានជំងឺ សត្វល្អិតបំផ្លាញ រៀបចំដីសម្រាប់ដាំដុះឲ្យបានត្រឹមត្រូវ ហាលដីឲ្យបានមួយទៅពីរសប្តាហ៍មុនដាំ ដើម្បីគ្រង់គ្រងបាននូវសមាសភាពចង្រៃ ដូចជាស្មៅចង្រៃ សត្វល្អិតចង្រៃ ផ្សិតជាដើម។ ចំណែកបច្ចេកទេសប្រើប្រាស់ជីកសិកម្ម ស្របតាមតម្រូវការវដ្តលូតលាស់របស់ដំណាំ និងតួនាទីសារធាតុចិញ្ចឹមដូចជា អាសូត ផូស្វ័រ (និងប៉ូតាស្យូម។
បន្ថែមពីនេះកសិករត្រូវចងក្រងជាក្រុមផលិត ចូលរួមជាផ្នែកមួយរបស់សហគមន៍កសិកម្ម ដែលមានក្នុងមូលដ្ឋាន និងអនុវត្តផលិតកម្ម កសិកម្មតាមកិច្ចសន្យា (ទិញរួម អនុវត្តរួម លក់រួម) ដែលមានការគាំទ្រតាមរយៈកម្មវិធីគោលនយោបាយរបស់ រដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់វិស័យកសិកម្ម៕