អន្តរជាតិ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ពីទីក្រុងសៀងហៃ ប្រទេសចិនកាលពីថ្ងៃទី២១ ខែមេសា បានឱ្យដឹងថា ថ្នាក់ដឹកនាំផ្នែកទីផ្សាររបស់ក្រុមហ៊ុននាំចេញផ្លែឈើស្រស់របស់ប្រទេសចិន បាននិយាយថា “ទុរេនស្រស់ត្រូវបានទទួលការពេញនិយមកាន់តែច្រើនពីសំណាក់ជនជាតិចិន ដែលជាមានទ្រព្យសម្បត្តិ ចំណែកកសិករម៉ាឡេស៊ីវិញ ក៏អាចបង្កើនការនាំចេញផ្លែឈើបាន៣០ភាគរយថែមទៀត នៅឆ្នាំនេះ”។
រហូតមកដល់ពេលនេះ ប្រទេសវៀតណា ឡាវ ប្រទែសថៃ បាននាំមុខគេនៅក្នុងទីផ្សារទុរេនរបស់ប្រទេសចិន ប៉ុន្តែការនាំចេញទុរេនពីប្រទេសម៉ាឡេស៊ីបានកើនឡើងរហូតដល់១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កត្តទាំងនេះដោយសារអំណោយផលលើការដឹកជញ្ជូន និងការរក្សាបានគុណភាពកាន់តែល្អប្រសើរ។
ជាទូទៅ ទុរេនម៉ាឡេស៊ីត្រូវបានទុកឱ្យទុំតាមធម្មជាតិនៅលើដើម ដែលខុសពីពូជទុរេនថៃ និងទុរេនវៀតណាម។ ការណ៍នេះនាំឱ្យមានភាពទាក់ទាញកាន់តែខ្លាំងក្នុងចំណោមជនជាតិចិន។
យោងតាមក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ម៉ាឡេស៊ី តម្លៃនៃការនាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិន នៅចន្លោះខែសីហា និងខែធ្នូ ឆ្នាំ២០២៤ ទទួលបានប្រាក់ចំណូលជាង៥,៦លានដុល្លារ។
កាលពីឆ្នាំមុន ប្រទេសថៃបានគ្រប់គ្រងចំណែកទីផ្សារទុរេននៅក្នុងប្រទេសចិន ដែលទទួលបានប្រាក់ចំណូលជាង៦,៩៩ពាន់លានដុល្លារអាមេរិក ឬស្មើនឹង៥៧ភាគរយ តាមពីក្រោយដោយប្រទេសវៀតណាម។ដោយឡែកប្រទេសម៉ាឡេស៊ី និងហ្វីលីពីន បាននាំទុរេនទៅកាន់ទីផ្សារប្រទេសចិន បានត្រឹមតែ៣៨ភាគរយ ដែលមានទឹកប្រាក់សរុបចំនួន៣៨,២ លានដុល្លារអាមេរិក។
កាលពីឆ្នាំមុនេះ រដ្ឋមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ីកំពុងចាត់វិធានការជំរុញការដាំដុះទុរេន។ ក្នុងនេះ រដ្ឋកេឡាន់តាន់ (Kelantan)ដែលមានផ្ទៃដី៣ពាន់ហិកតា ត្រូវបានរៀបចំធ្វើចម្ការសម្រាប់ទុរេន ពូជមូសាងឃីង ដែលជាពូជទុរេនដ៏ល្បីល្បាញ និងភាគច្រើនដាំដុះនៅក្នុងប្រទេសម៉ាឡេស៊ី។
ក្រុមសហគមន៍របស់កសិករដាំទុរេន របស់ប្រទេសម៉ាឡេស៊ី បានលើកឡើងថា ការរឹតបន្តឹងរបស់ចិនចំពោះការនាំចូលផ្លែទុរេនស្រស់ពីប្រទេសថៃ និងប្រទេសវៀតណាម ក៏ជាកត្តាជួយបង្កើនតម្រូវការផ្លែទុរេនរបស់ម៉ាឡេស៊ី នៅក្នុងប្រទេសចិនផងដែរ៕