ញូវដែលី៖ ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចូលជីឈានមុខគេ កំពុងពិភាក្សាដើម្បីបង្កើនការទិញជីពីប្រទេសរុស្ស៊ី បេឡារុស និងពីប្រទេសម៉ារ៉ុក ខណៈពេលភាពតានតឹងនៅមជ្ឈិមបូព៌ា និងការរឹតបន្តឹងការនាំចេញជីរបស់ចិន កំពុងតែបង្ក ហានិភ័យនៃការផ្គត់ផ្គង់ មុនរដូវដាំដុះខាងមុខនេះ។
ឥណ្ឌា ដែលវិស័យកសិកម្មជាសសរគ្រឹះសេដ្ឋកិច្ច នាំចូលជីសំខាន់ៗ មានដូចជា ជីអ៊ុយរ៉េ ជីផូស្វាតឌីអាមីញ៉ូម និងផូតាស ព្រមទាំងឧស្ម័នធម្មជាតិ ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតជីអ៊ុយរ៉េ។
នៅតំបន់មជ្ឈិមបូព៌ា ការផ្គត់ផ្គង់ប្រហែលពាក់កណ្តាលនៃការនាំចូលផូស្វាតឌីអាមីញ៉ូម និងជីអ៊ុយរ៉េ របស់ឥណ្ឌា ដោយប្រទេសអារ៉ាប៊ីសាអូឌីត ជាអ្នកផ្គត់ផ្គង់ជីផូស្វាត ឌីអាមីញ៉ូម ធំបំផុត ខណៈពេលប្រទេសអូម៉ង់ ជាអ្នកផ្គត់ផ្គង់ជីអ៊ុយរ៉េធំជាងគេបង្អស់។
ប្រភពពីអ្នកស្គាល់បញ្ហានេះ បាននិយាយដោថា «យើងមានស្តុកជីច្រើនជាងឆ្នាំមុន ប៉ុន្តែប្រសិនបើសង្គ្រាមបន្តអូសបន្លាយយូរ ស្ថានភាពអាចកាន់តែតានតឹង»។ ឥណ្ឌាកំពុងទាក់ទងជាមួយរុស្ស៊ី និងប្រទេសផ្សេងទៀត ដើម្បីនាំចូលជីមកផ្គត់ផ្គង់បន្ថែមក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
លោកបន្ថែមថា ទោះបីជាក្រុមហ៊ុនឥណ្ឌានាំចូលជីដើម្បីបំពេញតម្រូវការរបស់ខ្លួនជាលក្ខណៈបុគ្គលក៏ដោយ ក៏ពួកគេចរចាជាសមូហភាពជាមួយអ្នកផ្គត់ផ្គង់ក្រៅប្រទេស ដោយសារវិស័យនេះមានការគ្រប់គ្រងយ៉ាងតឹងរឹង ហើយរដ្ឋាភិបាលផ្តល់ឧបត្ថម្ភធនលើការលក់រាយជូនកសិករ។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក រ៉ានដៀ ចៃស្វាល់ (Randhir Jaiswal) បាននិយាយថា ប្រទេសឥណ្ឌាមានវិធីសាស្ត្រចម្រុះក្នុងការនាំចូលជី ហើយបន្តរក្សាទំនាក់ទំនងជាមួយប្រទេសជាច្រើនក្នុងបញ្ហានេះ។ លោកបានបន្ថែមថា នាយកដ្ឋានជី បានចាប់ផ្តើមដេញថ្លៃជាមុន ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងទទួលបានការឆ្លើយតបយ៉ាងខ្លាំង។
លោកបន្តថា ទិន្នន័យរដ្ឋាភិបាលបង្ហាញថា បើប្រៀបធៀបនឹងឆ្នាំ២០២៥ ស្តុកជីរបស់ឥណ្ឌាបានកើនឡើងខ្ពស់ជាងមុន ដោយស្តុកជីអ៊ុយរ៉េ កើន១០,៧ភាគរយ និងស្តុកជីផូស្វាត ឌីអាមីញ៉ូម កើនឡើង១០៥ភាគរយ។ តម្រូវការជីកើនឡើងខ្លាំងក្នុងខែមិថុនា និងខែកក្កដា នៅពេលកសិករឥណ្ឌាចាប់ផ្តើមដាំដំណាំសំខាន់ៗ មានដូចជា ស្រូវ ពោត កប្បាស និងដំណាំសម្រាប់យកប្រេង។
លោកពន្យល់ថា មុនចូលរដូវក្តៅ ការដឹកជញ្ជូនជីអ៊ុយរ៉េ និងជីផូស្វាត ឌីអាមីញ៉ូម ជាច្រើនបានមកដល់ប្រទេសឥណ្ឌា ក្នុងអំឡុងត្រីមាសខែមីនា ដល់ខែឧសភា។ ទោះបីជាមិនទាន់មានការខ្វះខាតនៅពេលបច្ចុប្បន្នក៏ដោយ រដ្ឋាភិបាលកំពុងខិតខំជៀសវាងការខ្វះខាតណាមួយក្នុងរដូវដាំដុះខាងមុខនេះ។
ខណៈពេលមានការរំខាននៅមជ្ឈិមបូព៌ា ប្រទេសចិន ដែលជាអ្នកនាំចេញជីដ៏សំខាន់ ក៏កំពុងរឹតបន្តឹងការនាំចេញផងដែរ។ ឥណ្ឌាក៏មានគម្រោងទាក់ទងទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីស្វែងរកការផ្គត់ផ្គង់ជីបន្ថែម។
ចំណែកប្រភពមួយទៀត បាននិយាយថា៖ «យើងដឹងថា ការនាំចេញជីត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី ហើយបរិមាណអាចមានតិចតួច ប៉ុន្តែវានៅតែអាចជាជម្រើសបម្រុងបាន»។
ឥណ្ឌាមានការព្រួយបារម្ភខ្លាំងចំពោះជីអ៊ុយរ៉េ ដែលជាជីប្រើប្រាស់ចម្បងជាងគេ ដោយសារសង្គ្រាមអ៊ីរ៉ង់ បានប៉ះពាល់ដល់ការផ្គត់ផ្គង់ហ្គាស ដែលជាវត្ថុធាតុដើមសម្រាប់ផលិតជីប្រភេទអាសូត។ រដ្ឋាភិបាលឥណ្ឌាបានផ្គត់ផ្គង់ហ្គាសជាអាទិភាពដល់រោងចក្រផលិតជី ដោយធានាថា ពួកគេទទួលបានហ្គាសយ៉ាងហោចណាស់៧០ភាគរយ នៃការប្រើប្រាស់។
ប្រទេសកាតា គឺជាអ្នកផ្គត់ផ្គង់ហ្គាស ធំបំផុតទៅឥណ្ឌា ប៉ុន្តែការដឹកជញ្ជូនត្រូវបានរំខាន បន្ទាប់ពីអ៊ីរ៉ង់បានគំរាមវាយប្រហារលើនាវាណា ដែលឆ្លងកាត់ច្រកសមុទ្រ ហ័រមុស (Hormuz) ក្រោយមានភាពតានតឹងជាមួយអាម៉េរិក និងអ៊ីស្រាអែល។
មន្ត្រីឥណ្ឌាម្នាក់នៅទីក្រុងបុមបៃ បាននិយាយថា៖ «មុនពេលសង្គ្រាម មានជីអ៊ុយរ៉េគ្រប់គ្រាន់លើទីផ្សារពិភពលោក ដោយតម្លៃក្រោម៤២៥ដុល្លារ ក្នុងមួយតោន ប៉ុន្តែឥឡូវនេះ ការផ្គត់ផ្គង់មានភាពតឹងតែង ហើយតម្លៃបានកើនឡើងលើស
៦០០ដុល្លារ ក្នុងមួយតោន»៕








