យុវជនជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍសហគមន៍កសិកម្មឱ្យរីកចម្រើន

image_2026-04-03_11-19-05 copy

ដោយ ញឹក សំអូន

កំពង់ឆ្នាំង៖ អ្នកស្រី រិទ្ធ ចន្ថា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម  បានលើកឡើងថា ការធ្វើកសិកម្មនៅក្នុងសហគមន៍ ដែលមានការចូលរួមពីយុវជន នឹងមានការអភិវឌ្ឍបានលឿន មានភាពរីកចម្រើន អាចរក្សាស្ថេរភាពស្បៀងអាហារនៅក្នុងសហគមន៍ និងប្រទេសជាតិ។

ដោយសារយុវជនមានឱកាសរៀនបានច្រើនជាងមនុស្សចាស់ ពួកគេអាចធ្វើដំណើរបានឆ្ងាយ មានចក្ខុវិស័យវែងឆ្ងាយ និងអាចរៀនស្វែងយល់ពីបច្ចេកវិទ្យាឌីជីថល។ អ្វីដែលសំខាន់ទៀតនោះ យុវជនអាចបន្តវេនពីមនុស្សចាស់បាន និងអាចដឹកនាំអភិវឌ្ឍន៍នៅក្នុងសហគមន៍របស់ពួកគេបានល្អទៀតផង។

យុវជនទាំងអស់ត្រូវងាកមកគិតដើម្បីផ្សារភ្ជាប់ខ្លួនជាមួយសហគមន៍កសិកម្ម ដែលជាផ្នែកមួយអាចជួយដល់សេដ្ឋកិច្ច ហើយក៏ជាកន្លែងផលិតស្បៀងអាហារដល់ប្រទេសរបស់ខ្លួនឯងផងដែរ។

អ្នកស្រីប្រធានក្រុមប្រឹក្សាភិបាលសហគមន៍បានលើកឡើងបែបនេះ រួចបន្តថា «ប៉ុន្តែនៅក្នុងសហគមន៍បើមិនមានកម្លាំងមនុស្សចាស់ជួយជំរុញយុវជនឱ្យស្រឡាញ់ខាងវិស័យកសិកម្ម នោះវិស័យកសិកម្មពិតពិបាកជាមិនខាន»។

ដើម្បីដឹកនាំសមាជិកសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម អ្នកស្រី រិទ្ធ ចន្ថា បានរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០​។ ផែនការនេះក៏មានទាក់ទងជាមួយនឹងការពង្រឹងសមត្ថភាពទៅដល់យុវជន ដើម្បីបណ្ដុះយុវជនឱ្យក្លាយជាអ្នកដឹកនាំ យុវជនអាចក្លាហានបញ្ចេញមតិយោបល់របស់ខ្លួននៅតាមកម្មវិធីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជួយលើកកម្ពស់ស្រ្តីឱ្យមានភាពក្លាហានអាចប្រកបរបរ អាជីវកម្មមួយច្បាស់លាស់ និងអាចរកបា្រក់ចំណូលផ្គត់ផ្គង់គ្រួសារបានក្នុងកម្រិតមធ្យម។

អ្នកស្រីបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៨ សហគមន៍នឹងមានដីមួយកន្លែង ដែលជាទីតាំងមួយសម្រាប់បណ្ដុះបណ្ដាលដល់យុវជននៅក្នុងសហគមន៍របស់ខ្លួន។

អ្នកស្រីបានផ្ញើសារទៅកាន់យុវជនទាំងអស់ថា ការធ្វើការងារជាមួយសហគមន៍ នឹងជួយបង្រៀនពួកគេឱ្យចេះការងារបានច្រើនទាំងរបៀបរស់នៅប្រចាំថ្ងៃ ការទំនាក់ទំនងមនុស្សជុំវិញខ្លួន និងចេះរៀបចំផែនការជីវិតរបស់ពួកគេ។

អ្នកស្រី  រិទ្ធ ចន្ថា ក៏បានលើកទឹកចិត្តយុវជនឱ្យផ្សារភ្ជាប់ខ្លួនឯងជាមួយសហគមន៍កសិកម្មឱ្យបានច្រើនដើម្បីទទួលបានចំណេះដឹងថ្មីៗ។

សូមជម្រាបថា សហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម បានទទួលវគ្គបណ្ដុះបណ្ដាលរបស់គម្រោង SEEDS ដែលជាគម្រោងរបស់សមាគម ខាំបូដ្រា (CamboDRRA)។ គម្រោងនេះ បានផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលយុវជន និងកសិករ ឱ្យចេះប្រើប្រាស់ប្រព័ន្ធឌីជីថលតាមរយៈទូរស័ព្ទដៃ។

អ្នកស្រីក៏បានកៀរគរយុវជន និងកសិករឱ្យចូលរួមវគ្គសិក្សាស្វែងយល់ពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល តាមរយៈទូរស័ព្ទស្មាតហ្វូន ដើម្បីផ្សព្វផ្សាយពីផលិផលកសិកម្ម៕


0936-19_37_0460_htx-khiet-tam-thuc-hien-100-co-gioi-hoa-khau-gieo-cay-anh-hd-171517
នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាឱ្យមានវិធានការរួម ដើម្បីរក្សាស្ថិរភាពផលិតកម្មស្រូវ និងទីផ្សារនាំចេញ

ហាណូយ៖ យោងតាមការចេញផ្សាយជាផ្លូវការរបស់រដ្ឋាភិបាល បានឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានអំពាវនាវឱ្យចាត់វិធានការសម្របសម្រួល ដើម្បីធានាបាននូវស្ថិរភាពផលិតកម្ម និងការលក់អង្ករ ចំពេលមានការវិវត្តស្ថានភាពក្នុងស្រុក និងពិភពលោក។ យោងតាមរបាយការណ៍ផ្លូវការ បានបង្ហាញថា សកម្មភាពផលិតកម្ម ពាណិជ្ជកម្ម និងការនាំចេញអង្ករ​របស់​វៀតណាម បានបន្តទទួលបានលទ្ធផលគួរឱ្យពេញចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ ការវិវត្តកាន់តែស្មុគស្មាញ និងមិនអាច​ប៉ាន់​ប្រមាណ​ទុកជាមុនបាន អាចជះឥទ្ធិពលដល់ការផ្គត់ផ្គង់តម្រូវការ និងតម្លៃអង្ករជាសកល។ ចំណែកនៅក្នុងស្រុក ការប្រមូលផលស្រូវនៅតំបន់ដីសណ្ដទន្លេមេគង្គ បាននាំឱ្យតម្លៃទិញស្រូវធ្លាក់ចុះ បើធៀបនឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥កន្លងមកនេះ។ តាមរយៈឯកសារនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន មានភារកិច្ចណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យតាមដាន​យ៉ាងដិត​ដល់នូវការវិវត្តនៃផលិតកម្ម កែលម្អសមត្ថភាពព្យាករណ៍ ពង្រឹងវិធានការទប់ស្កាត់សត្វល្អិតចង្រៃ និងឆ្លើយ​តប​យ៉ាង​សកម្មចំពោះលក្ខខណ្ឌអាកាសធាតុមិនល្អ ដើម្បីការពារដំណាំ និងរក្សាទិន្នផលឱ្យបានគ្រោងទុក ព្រមទាំងកាត់បន្ថយ​ថ្លៃ​ដើម​ផលិតផងដែរ។ ក្រសួងកសិកម្ម និងបរិស្ថាន ត្រូវសម្របសម្រួលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សមាគមម្ហូបអាហារ​វៀតណាម សមាគមឧស្សាហកម្មស្រូវ-អង្ករវៀតណាម និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងទំនាក់ទំនងរវាងអាជីវកម្ម និងកសិករ លើក​កម្ពស់ការទិញស្រូវប្រកបដោយបុរេសកម្ម ការកែច្នៃ និងការនាំចេញ និងធានាបាននូវធ្វើពាណិជ្ជកម្ម​អង្ករ​ប្រកប​ដោយ​ស្ថិរភាព។ ទន្ទឹមនឹងនេះ ក្រសួងសេដ្ឋកិច្ច […]

image_2026-04-03_09-15-21
សហរដ្ឋអាម៉េរិកសម្លឹងមើលលទ្ធភាពនាំចូលកសិផលទៅកាន់ទីផ្សារហ្វីលីពីន

ម៉ានីល៖ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិកនឹងដឹកនាំបេសកកម្មពាណិជ្ជកម្មទៅកាន់ប្រទេសហ្វីលីពីន នៅខែមេសា ឆ្នាំ២០២៦នេះ ដើម្បីពង្រីកលទ្ធភាពនាំចូលទៅកាន់ទីផ្សារហ្វីលីពីនសម្រាប់កសិករ អ្នកចិញ្ចឹមសត្វ និងអ្នកផលិតជនជាតិ​អាម៉េរិក រួមទាំងមន្ត្រីក្រសួងកសិកម្មសរុបយ៉ាងហោចណាស់៥៨នាក់ ដើម្បីស្វែងយល់ពីសក្តានុពលទីផ្សារហ្វីលីពីន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិកបានកត់សម្គាល់ថា ប្រទេសហ្វីលីពីន គឺជាទីផ្សារធំជាងគេទី១០ សម្រាប់ផលិតផល​កសិកម្ម និងម្ហូបអាហាររបស់សហរដ្ឋអាម៉េរិក ដែលជាមធ្យមមានតម្លៃ៣,៤ពាន់លានដុល្លារក្នុងការនាំចេញប្រចាំឆ្នាំ ក្នុង​រយៈ​ពេលប្រាំឆ្នាំកន្លងមកនេះ។ ក្រសួងបាននិយាយកាលពីថ្ងៃទី៣០ ខែមីនាថា បេសកកម្មដែលនឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ គឺដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ ដែលបានចរចាដោយ​ប្រធានាធិបតី​អាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីខែកក្កដា ឆ្នាំ២០២៥ ដោយបានបើកឱកាសថ្មីសម្រាប់ការ​នាំ​ចេញ​ផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសហ្វីលីពីន។ ស្ថានទូតអាម៉េរិកនៅទីក្រុងម៉ានីល កាលពីថ្ងៃទី១ ខែមេសា បានផ្សព្វផ្សាយបន្តនូវសេចក្តីប្រកាស​របស់ក្រសួង​កសិកម្ម​សហរដ្ឋអាម៉េរិក អំពីផែនការបំពេញទស្សនកិច្ចនេះ។ អនុរដ្ឋមន្ត្រីអាម៉េរិកទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម និងកសិកម្មបរទេស លោកស្រី មីសែល បេគើរីង (Michelle Bekkering) នឹងដឹកនាំគណៈប្រតិភូធុរកិច្ចកសិកម្ម សមាគមពាណិជ្ជកម្ម និងតំណាងមកពីក្រសួងកសិកម្មអាម៉េរិក​សរុប​ចំនួន៥៨នាក់ ដើម្បីស្វែងសក្តានុពលទីផ្សារកសិផលរបស់ប្រទេសហ្វីលីពីន។ លោកស្រីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងកសិកម្មសហរដ្ឋអាម៉េរិកប្តេជ្ញាធ្វើឱ្យកសិករ អ្នកចិញ្ចឹម​សត្វ និងកសិពាណិជ្ជករអាម៉េរិកទទួលបានទីផ្សាររឹងមាំ និងឱកាសសមស្របនៅបរទេស។ លោកស្រីបានមានប្រសាសន៍ទៀតថា […]

669594069_122124360429106786_2942915014175752039_n
ឯកឧត្តមបណ្ឌិត កៅ ថាច អបអរសាទរផលិតផលខ្មែរ ដែលត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេស​ណូវែលហ្សេឡង់  

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអបអរសាទរចំពោះផលិតផលខ្មែរ ដែលត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេស​ណូវែលហ្សេឡង់ នាពេលថ្មីនេះៗ។ ភ្ជាប់ជាមួយឃ្លីមវីដេអូ បង្ហោះផ្សាយលើផេកផ្លូវការរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា​ នៅប្រទេស​ណូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត បានសរសេរសារនៅហ្វេសប៊ុកផ្ទាល់ខ្លួនថា «សូមអបអរសាទរដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា​ នៃប្រទេស​ណូវែលហ្សេឡង់​ ដែលបានសម្របសម្រួលឱ្យមានអត្ថិភាពផលិតផលខ្មែរនៅលើទឹកដីចុងខាងត្បូងបំផុតនៃផែនដី​ ជាពិសេស​ អង្ករខ្មែរ​ និងស្រាបៀ​ ហនុមាន ​(Hanuman Beer)។ សង្ឃឹមថា​ នឹងមានផលិផលខ្មែរកាន់តែច្រើននាំចូលទៅទឹកដីKiwi។ “ការជួយ​ទិញផលិតផល​ និងកសិផលខ្មែរ​ គឺជួយលើកស្ទយជីវភាពកសិករខ្មែរ”»។ ចំណែកនៅប្រទេស​ណូវែលហ្សេឡង់ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះឃ្លីបវីដេអូ នៅលើបណ្តាញទំនាក់ទំនងសង្គមអមជាមួយខ្លឹមសារថា លោក គួយ ម៉ៃឃល ប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសណូវែលហ្សេឡង់ និងសហការី បានចូលរួមទទួល និងបើកទូកុងទីន័រនៃការនាំចូលស្រាបៀហនុមានដំបូងបំផុត ដោយក្រុមហ៊ុន អេកលី (Ecly Limited) នៅក្នុងប្រទេសនូវែលហ្សេឡង់។ ផេកផ្លូវការរបស់ប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសណូវែលហ្សេឡង់ បានបន្តទៀតថា លទ្ធផលជាផ្លែផ្កានេះបានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់សភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសណូវែលហ្សេឡង់ និងជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការធុរកិច្ចក្រុមហ៊ុននៅប្រទេសនូវែលហ្សេឡង់ និងអ្នកផលិតនៅប្រទេសកម្ពុជា […]

photo_2026-04-09_18-36-43 (3)
តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ “រួមគ្នាផលិតរួមគ្នាប្រើផលិតផលជាតិ”

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ លោក ឈិន ឌីណា ប្រធាននាយកដ្ឋាន ឌីជីថលនៃធនាគារ ARDB បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ “រួមគ្នាផលិតរួមគ្នាប្រើផលិតផលជាតិ”។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា រួមនិងម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើនរូបទៀត។ បើយោងតាម ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹង ការរៀបចំពិព័រណ៍ផលិតផលខ្មែរលើកទី៣ ក្រោមប្រធានបទ រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិនេះឡើង ក្នុងគោលបំណងជួយជំរុញសមត្ថភាពផលិតក្នុងស្រុកឱ្យកាន់តែប្រសើរឡើងថែម ទៀត បន្ទាប់ពីមានការគាំទ្រពីសំណាក់ប្រជាជននូវទូទាំងប្រទេស ហើយការគាំទ្ររបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនេះជាកត្តាដ៏សំខាន់មួយក្នុងការផ្តល់កំម្លាំងចិត្តដល់អាជីវករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកមានទឹកចិត្តក្នុងការដាក់តាំងបង្ហាញ និងផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួន។ ជាក់ស្តែងក្នុងថ្ងៃនេះមានសហគ្រាសផលិតនៅក្នុងស្រុកជាង៣០០នៅទូទាំងប្រទេសចូលរួមដាក់តាំងបង្ហាញផលិតផល។ លើសពីនេះគឺជាយន្តការបន្ថែមសម្រាប់បង្កើនស្មារតីជាតិឱ្យប្រជាជននៅទូទាំងប្រទេសប្រើប្រាស់ផលិតផលជាតិឱ្យកាន់តែច្រើនឡើង […]

កាលវិភាគផ្សព្វផ្សាយ