ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអបអរសាទរចំពោះផលិតខ្មែរ ដែលត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសណូវែលហ្សេឡង់ នាពេលថ្មីនេះៗ។
ភ្ជាប់ជាមួយឃ្លីមវីដេអូ បង្ហោះផ្សាយលើផេកផ្លូវការរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅប្រទេសណូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត បានសរសេរសារនៅហ្វេសប៊ុកផ្ទាល់ខ្លួនថា «សូមអបអរសាទរដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៃប្រទេសណូវែលហ្សេឡង់ ដែលបានសម្របសម្រួលឱ្យមានអត្ថិភាពផលិតផលខ្មែរនៅលើទឹកដីចុងខាងត្បូងបំផុតនៃផែនដី ជាពិសេស អង្ករខ្មែរ និងស្រាបៀ ហនុមាន (Hanuman Beer)។ សង្ឃឹមថា នឹងមានផលិផលខ្មែរកាន់តែច្រើននាំចូលទៅទឹកដីKiwi។ “ការជួយទិញផលិតផល និងកសិផលខ្មែរ គឺជួយលើកស្ទយជីវភាពកសិករខ្មែរ”»។
ចំណែកនៅប្រទេសណូវែលហ្សេឡង់ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះឃ្លីបវីដេអូ នៅលើបណ្តាញទំនាក់ទំនងសង្គមអមជាមួយខ្លឹមសារថា លោក គួយ ម៉ៃឃល ប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសណូវែលហ្សេឡង់ និងសហការី បានចូលរួមទទួល និងបើកទូកុងទីន័រនៃការនាំចូលស្រាបៀហនុមានដំបូងបំផុត ដោយក្រុមហ៊ុន អេកលី (Ecly Limited) នៅក្នុងប្រទេសនូវែលហ្សេឡង់។
ផេកផ្លូវការរបស់ប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសណូវែលហ្សេឡង់ បានបន្តទៀតថា លទ្ធផលជាផ្លែផ្កានេះបានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់សភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសណូវែលហ្សេឡង់ និងជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការធុរកិច្ចក្រុមហ៊ុននៅប្រទេសនូវែលហ្សេឡង់ និងអ្នកផលិតនៅប្រទេសកម្ពុជា ក្នុងការចុះកិច្ចព្រមព្រៀងនាំយកផលិតផលខ្មែរដ៏មានគុណភាពទាំងនេះ មកចែកចាយ និងដាក់លក់នៅលើទីផ្សារប្រទេសណូវែលហ្សេឡង់ ដែលជាជំហានដ៏វិជ្ជមានមួយក្នុងការលើកកម្ពស់កិត្យានុភាពផលិតផល «Made in Cambodia»។
កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយសហការី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក អេរិក លី (Erik Ly) ប្រធានក្រុមហ៊ុន អេកលី នៅទីក្រុងអូក្លិន ប្រទេសនូវែលហ្សេឡង់។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។
ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សាផ្តោតលើវឌ្ឍនភាពនៃផលិតផលខ្មែរ៖ ក្រុមហ៊ុន អេកលី ដែលមានឃ្លាំងស្តុកទំនិញ និងបណ្តាញចែកចាយដ៏រឹងមាំ បាននិងកំពុងនាំចូលចែកចាយផលិតផលសក្តានុពលពីកម្ពុជា រួមមាន អង្ករខ្មែរ និង ស្រាបៀរហនុមាន ទៅក្នុងទីផ្សារណូវែលហ្សេឡង់។
យុទ្ធសាស្ត្រពង្រីកការនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីផែនការបន្តសិក្សានាំចូលផលិតផលកសិកម្មផ្សេងៗទៀត ពីកម្ពុជាជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងពង្រីកវត្តមានទំនិញខ្មែរឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសណូវែលហ្សេឡង់
ឯកឧត្តមបណ្ឌិត អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានវាយតម្លៃខ្ពស់ និងកោតសរសេីចំពោះអ្នកវិនិយោគិនខ្មែរកាត់ចិន ព្រមទាំងបានថ្លែងអំណរគុណ និងកោតសរសេីដល់លោក អេរិក លី ដែលបានដើរតួនាទីជាស្ពានសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការនាំយកផលិតផលខ្មែរមកកាន់ទីផ្សារអន្តរជាតិ តាមរយៈហេដ្ឋារចនាសម្ព័ន្ធឃ្លាំងទំនិញ និងបទពិសោធន៍ចែកចាយផលិតផលចំណីអាហារប្រកបដោយវិជ្ជាជីវៈ៕








