ញូវដែលី៖ ការផ្គត់ផ្គង់ជីរបស់ឥណ្ឌាកំពុងស្ថិតក្រោមសម្ពាធ បន្ទាប់ពីមានការរំខានដល់ផ្លូវដឹកជញ្ជូនថាមពល ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបង្កឱ្យមានការព្រួយបារម្ភអំពីទិន្នផលកសិផលធ្លាក់ចុះ និងធ្វើឱ្យតម្លៃម្ហូបអាហារឡើងខ្ពស់។
ប្រទេសឥណ្ឌា ដែលជាអ្នកប្រើប្រាស់ជីធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីប្រទេសចិន ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលទាំងវត្ថុធាតុដើម និងផលិតផលសម្រេច ដែលភាគច្រើនបានមកពីតំបន់ឈូងសមុទ្រ ដោយដឹកជញ្ជូនឆ្លងកាត់តាមច្រកសមុទ្រហ័រមុស (Hormuz) របស់ប្រទេសអ៊ីរ៉ង់។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ត្រា មូឌី (Narendra Modi) បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកបានចាត់វិធានការដើម្បីធានាការផ្គត់ផ្គង់ជីមិនឱ្យរាំងស្ទះ និងការពារកសិករពីផលប៉ះពាល់ណាមួយ។
ចំណែកអ្នកវិភាគបាននិយាយថា ជីនៅក្នុងស្តុកបច្ចុប្បន្ន គឺគ្រប់គ្រាន់សម្រាប់រដូវសាបព្រោះនាពេលខាងមុខ ប៉ុន្តែអាចមានការប្រែប្រួលប្រសិនបើសង្គ្រាមបន្តអូសបន្លាយ។
ប្រភេទជីអាសូតដូចជាជីអ៊ុយរ៉េ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅក្នុងប្រទេសឥណ្ឌា មានសារៈសំខាន់សម្រាប់កសិករ ដោយសារតែដំណាំស្បៀងអាហារធំៗជាច្រើន ជាពិសេសស្រូវ និងស្រូវសាលី។
ប្រទេសឥណ្ឌាប្រើប្រាស់អ៊ុយរ៉េជិត៤០លានតោនក្នុងមួយឆ្នាំ ដែលគាំទ្រដោយការឧបត្ថម្ភធនរបស់រដ្ឋាភិបាល ហើយការរំខានដល់ការផ្គត់ផ្គង់ អាចប៉ះពាល់ដល់ការដាំដុះ។
កសិករនៅក្នុងរដ្ឋ ប៉ុនចាប (Punjab) និងរដ្ឋ ហារីយ៉ាណា (Haryana) ស្ថិតភាគខាងជើងប្រទេសឥណ្ឌា ដែលជាតំបន់ផលិតគ្រាប់ធញ្ញជាតិសំខាន់ៗ បាននិយាយថា ពួកគេមិនទាន់ភួព្រយពេកទេ ខណៈរដូវបង្កបង្កើនផលដំណាំស្រូវវស្សា ឆ្នាំ២០២៦ នឹងចូលមកដល់នូវខែមិថុនាខាងមុខនេះ។ ជាធម្មតា កសិករឥណ្ឌាត្រូវចាប់ផ្តើមទិញអ៊ុយរ៉េសម្រាប់រដូវដាំដុំនេះ ចាប់ពីខែឧសភាតែម្តង។
បច្ចុប្បន្ន ការផ្គត់ផ្គង់ជីតាមរយៈសហគមន៍កសិករ ក៏ដូចជាឃ្លាំងជាគ្រប់គ្រងដោយអ្នកផលិត និងអ្នកចែកចាយជី ប៉ុន្តែពួកគេមានការព្រួយបារម្ភអំពីការប្រែប្រួលនាពេលអនាគតខាងមុខនេះ។
លោកប្រធានក្រុមកសិករនៅក្នុងរដ្ឋ ប៉ុនចាប បាននិយាយថា “យើងមិនដឹងថា តើជីក្នុងស្តុកនឹងប្រើបានរយៈពេលប៉ុន្មានទេ ប្រសិនបើសង្រ្គាមនៅតែអូសបន្លាយបន្ថែមទៀត។”
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌា បានឱ្យដឹងថា ប្រទេសឥណ្ឌាមានស្តុកជីអ៊ុយរ៉េ ប្រហែល៦,២លានតោន គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
ការប្រើប្រាស់ជីរបស់កសិករឥណ្ឌាមានតម្រូវការជីខ្ពស់បំផុតក្នុងពេលបង្កបង្កើនផលស្រូវរដូវវស្សា ចាប់ពីខែមិថុនា ដល់ខែកញ្ញា ដែលអ្នកវិភាគនិយាយថា ស្តុកបច្ចុប្បន្នគួរតែអាចឆ្លើយតបឱ្យបានគ្រប់គ្រាន់ឡើយ។ ចំណែកអ្នកជំនាញខ្លះបានព្រមានថា ស្ថានការណ៍អាចនឹងកាន់តែអាក្រក់ ប្រសិនបើសង្គ្រាមនៅតែបន្តអូសបន្លាយ។
អតីតលេខាធិការសហព័ន្ធកសិកម្ម និងសុខុមាលភាពកសិករ នៅប្រទេសឥណ្ឌា បាននិយាយថា ការផលិតជីរបស់ឥណ្ឌា គឺប្រាកដជានឹងរងផលប៉ះពាល់ ដោយសារតែសង្គ្រាមអ៊ីរ៉ង់។ ដូច្នេះរដ្ឋាភិបាលគួរតែត្រៀមខ្លួនសម្រាប់ដោះស្រាយការខ្វះខាតជីអ៊ុយរ៉េ និងជីផ្សេងទៀត។
ឧស្ម័នធម្មជាតិ គឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ដំណើរការផលិតជីអ៊ុយរ៉េ ហើយប្រទេសឥណ្ឌានាំចូលប្រហែល៨៥ភាគរយ និងភាគច្រើននាំចូលពីតំបន់ឈូងសមុទ្រ។
រោងចក្រផលិតជីនៅក្នុងប្រទេសឥណ្ឌា នៅពេលនេះកំពុងទទួលបានប្រហែល៧០ភាគរយនៃតម្រូវការឧស្ម័នសម្រាប់ដំណើរការផលិតជី បន្ទាប់ពីការបញ្ជាទិញរបស់រដ្ឋាភិបាលកាលពីដើមខែមីនា ឆ្នាំ២០២៦នេះ។
តម្លៃជីនៅលើពិភពលោកបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយតម្លៃជីអ៊ុយរ៉េ និងតម្លៃឧស្ម័ននៅទូទាំងតំបន់អាស៊ីបានកើនឡើងយ៉ាងគំហុក។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ត្រា មូឌី បានមានប្រសាសន៍ថា ប្រទេសឥណ្ឌាបានចាត់វិធានការដើម្បីបង្កើនការផលិតជីក្នុងស្រុក និងធ្វើពិពិធកម្មប្រភពនាំចូល ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសមួយចំនួន។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌា បានស្នើឱ្យមន្ត្រីរបស់ខ្លួនធានាឱ្យបាននូវការផ្គត់ផ្គង់ជីប្រកបដោយសមធម៌ និងគ្មានការរំខាន។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បាននិយាយថា ប្រទេសឥណ្ឌាមានវិធីសាស្រ្តចម្រុះចំពោះការនាំចូលជី ដោយលោកបានបន្ថែមថា “យើងបន្តរក្សាទំនាក់ទំនងល្អជាប្រចាំជាមួយប្រទេសផលិតជីមួយចំនួន។”
យោងតាមប្រភពឧស្សាហកម្មជី នៅក្នុងប្រទេសឥណ្ឌា បានឱ្យដឹងថា ប្រទេសឥណ្ឌាកំពុងរៀបចំកិច្ចពិភាក្សាដើម្បីបង្កើនការទិញជីពីប្រទេសរុស្ស៊ី បេឡារុស និងម៉ារ៉ុក នៅពេលខាងមុខនេះ។
ទោះបីជាក្រុមហ៊ុនឥណ្ឌានាំចូលជីជាលក្ខណៈបុគ្គល ដើម្បីបំពេញតាមតម្រូវការរបស់ខ្លួនក៏ដោយ ក៏ពួកគេចរចាជាសមូហភាពជាមួយអ្នកផ្គត់ផ្គង់នៅក្រៅប្រទេស ដោយសារវិស័យនេះមានបទប្បញ្ញត្តិខ្ពស់ ហើយរដ្ឋាភិបាលឧបត្ថម្ភធនលើការលក់រាយដល់កសិករ៕








