ហាណូយ៖ ការនាំចេញត្រីទីឡាព្យាក្រហមរបស់វៀតណាម ទៅកាន់ប្រទេសអ៊ីស្រាអែល កាន់តែអំណោយផល បន្ទាប់ពីក្រសួងសុខាភិបាលអ៊ីស្រាអែល បានឯកភាពចំពោះការដាក់ឈ្មោះជាវិទ្យាសាស្ត្រ របស់ប្រទេសវៀតណាម។
យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសអ៊ីស្រាអែល កាលពីដើមខែមីនា ឆ្នាំ២០២៦ បានបញ្ជូនលិខិតផ្លូវការមួយច្បាប់ពីក្រសួងសុខាភិបាល អ៊ីស្រាអែល ទៅកាន់ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដោយបញ្ជាក់ពីការទទួលយកឈ្មោះវិទ្យាសាស្ត្រសម្រាប់ ត្រីទីឡាព្យាក្រហម ស្របតាមសំណើរបស់ភាគីវៀតណាម។
ការឯកភាពនេះត្រូវបានចាត់ទុកថា ជាករណីលើកលែងមួយក្នុងការអនុវត្តបទប្បញ្ញត្តិច្បាប់ អ៊ីស្រាអែល ដែលមានគោលបំណងសម្រួលដល់ការនាំចេញត្រីទីឡាព្យាក្រហមពីប្រទេសវៀតណាមទៅកាន់ប្រទេសអ៊ីស្រាអែល។
យោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល ឈ្មោះវិទ្យាសាស្ត្ររបស់ត្រីទីឡាព្យាក្រហម ត្រូវតែបង្ហាញឱ្យច្បាស់លាស់នៅលើវិញ្ញាបនបត្រនាំចេញសម្រាប់ការដឹកជញ្ជូនម្តង ចូលទៅកាន់ទីផ្សារអ៊ីស្រាអែល។
ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅអ៊ីស្រាអែល បានវាយតម្លៃថា ការវិវត្តនេះបានជួយលុបបំបាត់ឧបសគ្គ បើកទីផ្សារ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមក្នុងការចាប់យកឱកាស និងជំរុញការនាំចេញត្រីទីឡាព្យាក្រហមទៅកាន់អ៊ីស្រាអែល ព្រមទាំងអាចបង្ហាញពីភាពរឹងមាំនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអាហារសមុទ្រទ្វេភាគីរវាងប្រទេសទាំងពីរ។
ការនាំចេញត្រីទីឡាព្យារបស់ប្រទេសវៀតណាម រួមទាំងត្រីទីឡាព្យាក្រហមផងដែរ បានកើនឡើងយ៉ាងខ្លាំង។ យោងតាមសមាគមអ្នកនាំចេញ និងផលិតផលអាហារសមុទ្រវៀតណាម បានឱ្យដឹងថា ក្នុងខែមករា ដើមឆ្នាំ២០២៦នេះ ការនាំចេញត្រីទីឡាព្យារបស់ប្រទេសវៀតណាម មានទឹកប្រាក់សរុប១៥លានដុល្លារ គឺកើនឡើងចំនួន៣៤ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥៕










