កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ីគ្រោងពង្រីកកិច្ចសហការលើកម្មវិធីដាំម្នាស់ពូជ អឹមអេស១៦ (MS16) ដោយសហការជាមួយភ្នាក់ងារក្រោមបង្គាប់ក្រសួងកសិកម្ម និងសន្តិសុខស្បៀង រួមទាំងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មម៉ាឡេស៊ី និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀតផងដែរ។
លោក ឡុកម៉ាន អះម៉ាដ (Luqman Ahmad) អគ្គលេខាធិការរងទទួលបន្ទុកអភិវឌ្ឍន៍ បានមានប្រសាសន៍ថា ការពង្រីកដាំដុះនេះត្រូវបានធ្វើឡើងបន្ទាប់ពីគម្រោងសាកល្បងអនុវត្តដោយជោគជ័យនៅក្នុងរដ្ឋមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី។
រហូតមកដល់ពេលនេះ រដ្ឋជាច្រើនរបស់ម៉ាឡេស៊ី រួមទាំងរដ្ឋ ចូហោ (Johor) និងរដ្ឋសេឡាំងគ័រ (Selangor) បានអនុវត្តកិច្ចសហប្រតិបត្តិការដាំម្នាស់ពូជអឹមអេស១៦ ហើយពួកគេបានបង្ហាញពីភាពជោគជ័យគួរពេញចិត្ត។
លោកបានមានប្រសាសន៍ថា “រហូតមកដល់ពេលនេះ ដំណាំម្នាស់ប្រភេទពូជអឹមអេស១៦ ជាង ១០ ០០០ដើម ត្រូវបានដាំដុះនៅក្នុងរដ្ឋជាច្រើន ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រាំពីរហិកតា ហើយគម្រោងនេះមានសក្តានុពលក្នុងការជួយរដ្ឋាភិបាលធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហារ ដែលមានសុវត្ថិភាព”។
លោក ឡុកម៉ាន អះម៉ាដ បានថ្លែងថា ពូជម្នាស់នេះ នឹងត្រូវការពេលប្រហែលមួយឆ្នាំដើម្បីប្រមូលផលផ្លែ។ គម្រោងនេះរួមបញ្ចូលដំណាំរយៈពេលខ្លី មានដូចជាដំឡូងជ្វា ដែលអាចប្រមូលផលបានក្នុងរយៈពេលប្រហែលបីខែ ដើម្បីបង្កើតប្រាក់ចំណូលពីផលិតផលដំណាំវិលជុំ។
លោកបានមានប្រសាសន៍ដូច្នេះថា ម្នាស់ស្ថិតក្នុងចំណោមដំណាំយុទ្ធសាស្ត្រ ដែលយើងចង់ផ្សព្វផ្សាយ។ ទោះបីជាយ៉ាងណា យើងក៏ដាំដំឡូងជ្វាគួបផ្សំផងដែរ ព្រោះវាអាចប្រមូលផលបានច្រើនដងក្នុងមួយឆ្នាំ។ ចំណែកម្នាស់ដាំក្នុងគម្រោងនៅរដ្ឋកេឡាន់តាន់ (Kelantan) ដែលដាំសាកល្បងខ្នាតពាណិជ្ជកម្មដំបូងគេសម្រាប់ពូជម្នាស់ អឹមអេស១៦ ដោយរំពឹងថា នឹងចាប់ផ្តើមប្រមូលផលនៅចុងឆ្នាំ២០២៦នេះ។
ចំណែកប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មម៉ាឡេស៊ី ឱ្យដឹងថា តម្លៃលក់ដុំម្នាស់ពូជអឹមអេស១៦ ដែលផលិតចេញពីចម្ការនៅក្នុងរដ្ឋនេះ ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃ៣,៥០រីងហ្គីត ឬស្មើនឹងប្រមាណ០,៧៤ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកលក់រាយមានតម្លៃចន្លោះពី១០ ទៅ១៥រីងហ្គីត ឬប្រហែល២,១១ដុល្លារ ទៅ៣,១៧ដុល្លារ ក្នុងមួយគីឡូក្រាម ដោយអាស្រ័យលើទំហំ និងគុណភាពរបស់វា។
លោកបានអះអាងថា ទម្ងន់នៃម្នាស់ពូជអឹមអេស១៦ គឺចន្លោះពី១,៥គីឡូក្រាម ទៅ២,៥គីឡូក្រាម ដែលបង្ហាញពីសមត្ថភាពផលិតទិន្នផលម្នាស់ប្រកបដោយគុណភាពខ្ពស់ និងមិនចាំបាច់ពឹងផ្អែកលើការនាំចូលពីក្រៅប្រទេសច្រើនពេក។
លោកបានបន្ថែមថា “វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មម៉ាឡេស៊ី នឹងបន្តណែនាំពូជថ្មីពីមួយពេលទៅមួយពេល ហើយខ្ញុំមានទំនុកចិត្តថា ភ្នាក់ងារកាន់តែច្រើននឹងចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ”។
គំនិតផ្តួចផ្តើមនេះត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយ ដើម្បីពង្រឹងផលិតកម្មផ្លែឈើក្នុងស្រុក និងគាំទ្រភាពធន់នៃការផ្គត់ផ្គង់ស្បៀងអាហារ។
ពូជម្នាស់ថ្មី អឹមអេស១៦ របស់ប្រទេសម៉ាឡេស៊ី គឺជាម្នាស់កូនកាត់ថ្មី ដែលផ្តល់ទិន្នផលខ្ពស់ ព្រមទាំងធន់នឹងជំងឺរលួយឫសបង្កឡើងដោយបាក់តេរី។ ពូជម្នាស់កូនកាត់នេះ ដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មម៉ាឡេស៊ី ដោយបង្កាត់គ្នាគ្នារវាងពូជ ចូសាភីន (Josephine) និងពូជម្នាស់អូស្ត្រាលី ហើយម្នាស់ផ្អែមនេះមានទម្ងន់ពី១,៥ ទៅ២,៥គីឡូក្រាម ហើយកំពុងត្រូវបានពង្រីកការដាំដុះនៅទូទាំងប្រទេសម៉ាឡេស៊ី។ ម្នាស់នេះមានភាពធន់នឹងជំងឺ ហើយត្រូវគេរំពឹងថា នឹងជំរុញផលិតកម្មម្នាស់ក្នុងស្រុកប្រកបដោយនិរន្តរភាព៕














