ភ្នំពេញ៖ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលធនាគារ ARDB ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យបណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសម្ដែងការគួរសម និងជូនទទួលសៀវភៅចំនួន៧០ក្បាល។
សៀវភៅទាំង៧០ក្បាលបែងចែកជាពីរប្រធានបទ គឺពុទ្ធោវាទ និង វចនវោហារ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ និងរក្សាសៀវភៅមួយចំនួន ក្នុងបណ្ណាល័យនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងការផ្ដល់សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានសមាគមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវ ដែលតែងតែស្រឡាញ់ និងចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបានជួយឧបត្ថម្ភការបោះពុម្ព នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ ទាំងអាណាចក្រ និងបន្តជួយគាំទ្រ នាពេលអនាគត៕








