ដោយ ញឹក សំអូន
តាកែវ៖ សហគមន៍កសិកម្មឧត្ដមសុរិយា មានផលិតស្រូវពូជផ្ការំដួល និងស្រូវពូជសែនក្រអូប ដោយ ចាប់ផ្ដើមតាំងពីឆ្នាំ២០១៧រហូតមក ហើយទទួលបានលទ្ធផលផ្លែផ្កាទាំងអស់នេះ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសបន្សុតពូជស្រូវពីខាងអង្គការដៃគូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ។
សហគមន៍នេះ មានទីតាំងស្ថិតនៅភូមិតាសូ ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានសមាជិកសរុប១៦៧នាក់ ប៉ុន្តែអ្នកផលិតស្រូវពូជមានចំនួន២៧នាក់ លើផ្ទៃដីទំហំផ្ទៃដី៩,៥ហិកតា។
ប្រធានសហគមន៍កសិកម្មឧត្ដមសុរិយា លោក គង់ មឿន បានឱ្យដឹងថា ជាបទពិសោធន៍កាលពីទើបតែចាប់ផ្ដើមផលិតដំបូងពុំសូវមានទីផ្សារនោះទេ ប៉ុន្តែរយៈពេលពីរឆ្នាំចុងក្រោយនេះ មានតម្រូវការទីផ្សារច្រើន ដោយធ្វើឱ្យកំណើននៃការផលិតមួយឆ្នាំបានរហូតដល់១៥តោន ទៅ១៧តោន បើធៀបទៅនឹងប្រាំពីរឆ្នាំមុនបានតែប្រាំទៅ ប្រាំមួយតោនប៉ុណ្ណោះ។
លោកបានបន្ថែមថា ជុំវិញលក្ខខណ្ឌរបស់សមាជិកដែលអាចចូលរួមផលិតស្រូវពូជនេះបាន គឺត្រូវគោរពតាមបច្ចេកទេសផលិត និងបច្ចេកទេសក្នុងការបន្សុតពូជស្រូវ។ ពួកគាត់ត្រូវទិញពូជពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (Cambodian Agricultural Research and Development Institute) ហៅកាត់ថា កាឌី យកទៅផលិត បន្ទាប់មកយកទៅចុះបញ្ចីដើម្បីអាចចែកទៅឱ្យសមាជិកក្នុងជួយផលិតជាបន្តបន្ទាប់ទៀត។ មួយវិញទៀតកសិករ ត្រូវប្ដូរពូជជារៀងរាល់ឆ្នាំ ប្រើប្រាស់ជីធម្មជាតិមិនអាចប្រើជីគីមីនោះទេ។ ពួកគាត់ត្រូវមានលេខកូដសម្គាល់ឈ្មោះ និងស្រែរបស់ពួកគាត់ ដើម្បីងាយស្រួលដល់សហគមន៍ និងអង្គការផ្សេងៗចុះទៅពិនិត្យ។
ប្រធានសហគមន៍រូបនេះ បានបន្ថែមថា ពូជស្រូវនេះដំបូងឡើយសហគមន៍បានទិញពីខាង “កាឌី” យកមកផលិតជាពូជចុះបញ្ជី ក្នុងមួយគីឡូក្រាម១០ ០០០រៀល ដើម្បីយកមកឱ្យសមាជិកសហគនម៍គាត់ផលិតជាពូជចុះបញ្ជី។ សម្រាប់តម្លៃដែលសមាជិកផលិតស្រូវពូជនេះ សហកមន៍នឹងទទួលទិញពីពួកគាត់វិញក្នុងតម្លៃសមរម្យមួយ ដែលភាគីកសិករ និងសហគមន៍បានចុះកិច្ចសន្យារួចរាល់មុនពេលចាប់ផ្ដើមផលិតពូជស្រូវនេះ។
លោក គង់ មឿន បានបញ្ជាក់ថា ចំពោះការធ្វើទីផ្សារលក់ស្រូវពូជនេះ គឺសហគមន៍ផ្សព្វផ្សាយតាមប្រពន្ធឌីជីថលដូចជា ហ្វេសប៊ុក យូធូប តេឡេក្រាម និងតាម App ចម្ការជាដើម។ ទីផ្សារមួយទៀត គឺសហភាពសហគមន៍កសិកម្មត្រាំកក់ ដែលជាទីផ្សារមួយក្នុងការប្រមូលទិញស្រូវពូជរបស់ពួកគាត់ដើម្បីលក់ចេញបន្ត។
លោក គង់ មឿន បានបញ្ជាក់ដូច្នេះថា “សហគមន៍កសិកម្មឧត្ដមសុរិយា បានជួយសមាជិកបានច្រើនដូចជា ជួយរកទីផ្សារពូជស្រូវឱ្យពួកគាត់ បើលក់ឱ្យឈ្មួញធម្មតាបានតែ១ ១០០រៀលនោះទេ ប៉ុន្តែបើលក់ឱ្យសហគមន៍បានមួយគីឡូក្រាមរហូតដល់២ ២០០រៀល”។
ប្រធានសហគមន៍កសិកម្មឧត្ដមសុរិយារូបនេះ នៅតែមានមហិតាក្នុងការកៀរគរកសិករឱ្យចូលរួមផលិតពូជស្រូវចំនួន៥០នាក់បន្ថែមដើម្បីបង្កើនការផលិតស្រូវពូជ និងពង្រីកផ្ទៃដីចំនួន ៣០ហិកតាទៀត៕










