ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន២៣៧នាក់។
នៅក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានេះ ដោយសារតែមន្រ្តីរាជការទាំងនេះកន្លងទៅបានបំពេញការងារលើសពី ១០ឆ្នាំ និងមិនធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមកនោះទេ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល,ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុកមន្ត្រីរាជការ បុគ្គលិកអប់រំ គ្រូបង្រៀន និងមន្ត្រីជាប់កិច្ចសន្យា ដែលសរុបអ្នកចូលរួមចំនួន២៥០នាក់។
នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារយ៉ាងសកម្ម ការលះបង់ពេលវេលា និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការនៅក្នុងស្រុកខ្សាច់កណ្តាល ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន មានជាអាទិ៍ ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។
ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូបានថ្លែងទៀតថា ការរៀបចំពិធីបំពាក់មេដាយនៅថ្ងៃនេះ គឺជាសក្ខីភាព នៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចការនឿយហត់ ជម្នះគ្រប់ឧបសគ្គយកអស់កម្លាំងកាយចិត្ត លះបង់ខ្ពស់ក្នុងគ្រប់កាលៈទេសៈ ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិនិងប្រជាជន។
លើសពីនេះឯកឧត្តមបណ្ឌិតបន្ថែមថា ការលះបង់ និងការប្តេជ្ញាចិត្តរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ដោយឆន្ទៈ មនសិការ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ សីលធម៌ គឺជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ ដែលបច្ចុប្បន្ន យុវជនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ការងារមនុស្សធម៌ និងការងារបរិស្ថាន។
ឯកឧត្តមបណ្ឌិតប្រតិភូផ្តល់អនុសាសន៍ថា ជាមន្រ្តីរាជការត្រូវតែមានការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ ដោយចុះជាប់ជាមួយប្រជាពលរដ្ឋក្នុងសហគមន៍នៅមូលដ្ឋាន ដើម្បីពិនិត្យតាមដាន និងស្តាប់នូវសំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋប្រកដោយយុត្តធម៌។ ជាមន្រ្តីរាជការត្រូវមានឆន្ទៈក្នុងការបម្រើប្រជាពលរដ្ឋ និងការសម្រេចចិត្តត្រូវផ្អែកលើកត្តា៣ សំខាន់គឺ (១)កត្តាវិចារវិទ្យា (២)កត្តាប្រវត្តិសាស្រ្ត និង(៣)កត្តាឡូស៊ិក។
ជាចុងក្រោយឯកឧត្តមបណ្ឌិតបានរំលឹកថា ការធ្វើជាមន្រ្តីរាជការត្រូវតែបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានល្អ ជាពិសេស ត្រូវតែបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន មានសុខសុវត្តិភាព និងស្ថេរភាពក្នុងសង្គម ។ ដូច្នេះ សូមបន្តខិតខំប្រឹងប្រែងពង្រឹងសាមគ្គីភាពផ្ទៃក្នុងកាន់តែរឹងមាំ ដើម្បីបម្រើប្រជាជន និងអភិវឌ្ឍន៍ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលឱ្យកាន់តែរីកចម្រើនផងដែរ៕












