ប៉េកាំង៖ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីកសិករចិញ្ចឹមជ្រូកបានពង្រីកផលិតកម្មសាច់ជ្រូកយ៉ាងគំហុក ដែលជាទំនិញធំបំផុតតែមួយ នៅក្នុងសេដ្ឋកិច្ច ដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវឱ្យមានស្បៀងអាហារគ្រប់គ្រាន់។
តម្លៃជ្រូកនៅប្រទេសចិនកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០១០ ដោយសារការផលិតហួសកម្រិតនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ពិភពលោក បានបន្ថែមទៅលើសម្ពាធអតិផរណា ដែលកំពុងរីករាលដាលលើសេដ្ឋកិច្ច។
យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាកសិកម្ម សៀងហៃ បានឱ្យដឹងថា តម្លៃជ្រូករស់បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៩,៥៩យន់ ឬស្មើនឹង១,៤ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ និងទាបជាងថ្លៃដើមផលិតកម្ម។
បើយោងតាមទិន្នន័យផ្លូវការប្រចាំសប្តាហ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំណែកតម្លៃសាច់ជ្រូកមានតម្លៃ២២យន់ ឬស្មើ៣,១៨ដុល្លារ ក្នុងមួយគីឡូក្រាម គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១។
សាច់ជ្រូក ដែលជាអាហារចម្បង និងជាទំនិញសំខាន់នៅក្នុងទំនិញរបស់ចិន ដែលបង្កើតជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន គឺជាទំនិញដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចមួយ ដែលលោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាពគ្រប់គ្រាន់នៃអាហារកាន់តែច្រើន។
ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងជម្នះនឹងបញ្ហាជ្រូក បន្ទាប់ពីការលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកជាច្រើនឆ្នាំ ឱ្យពង្រីកផលិតកម្ម ដែលនាំឱ្យមានសមត្ថភាពថ្មី រហូតដល់សាងសង់អគារកសិដ្ឋានចិញ្ចឹមជ្រូកមានកម្ពស់ជាច្រើនជាន់។
តម្លៃសាច់ជ្រូកបានបន្តធ្លាក់ចុះ ទោះបីជាក្រសួងកសិកម្ម និងគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បាននិយាយថា ខ្លួននឹងទិញសាច់ជ្រូកមកក្លាស្សទុកសម្រាប់ទុនបម្រុងរបស់រដ្ឋ ដើម្បីស្រោចស្រង់តម្លៃកុំឱ្យធ្លាក់ចុះខ្លាំងពេក។
ដោយសារកសិកររងសម្ពាធផ្នែកហិរញ្ញវត្ថុកាន់តែខ្លាំង អាជ្ញាធរកំពុងបង្កើនយុទ្ធនាការស្តារផលិតកម្មជ្រូកឡើងវិញ ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយដើម្បីដោះស្រាយវិបត្តិអតិផរណា។
អ្នកវិភាគកសិកម្ម និយាយថា វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលកសិករបានធ្វើអ្វីគ្រប់យ៉ាងតាមតែអាចធ្វើទៅបាន ដើម្បីបង្កើនផលិតកម្ម ហើយពីរបីឆ្នាំក្រោយមក បែរជាប្រាប់ពួកគេឱ្យកាត់បន្ថយការចិញ្ចឹមទៅវិញ។
ហ្វូងជ្រូករាប់លានក្បាលត្រូវបានសម្លាប់ចោល បន្ទាប់ពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកក្នុងឆ្នាំ២០១៨ ដែលធ្វើឱ្យមន្ត្រីជាន់ខ្ពស់និយាយថា វាជាកិច្ចការផ្នែកនយោបាយដ៏សំខាន់ ដើម្បីបង្កើនផលិតកម្មក្នុងឆ្នាំ២០១៩។ ប៉ុន្តែសេចក្តីបង្គាប់ជាផ្លូវការក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ បានដើរថយក្រោយក្នុងទិសដៅផ្សេង ហើយផែនការរយៈពេលប្រាំឆ្នាំថ្មីរបស់ចិន ដែលបានចាប់ផ្តើមជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០២៦ នៅឯកិច្ចប្រជុំសភាប្រជាជនចិន បានសង្កត់ធ្ងន់លើតម្រូវការ ពង្រឹងច្បាប់កំណត់លើផលិតកម្មជ្រូក។
អ្នកវិភាគរូបនេះបាននិយាយថា រហូតមកដល់ពេលនេះ ការអនុវត្តច្បាប់មិនតឹងតែងនៅឡើយ ប៉ុន្តែលោករំពឹងថានឹងមានវិធីសាស្ត្រតឹងរ៉ឹងពីរដ្ឋាភិបាលចិនជាក់ជាមិនខាន។
ឧស្សាហកម្មនៅក្នុងប្រទេសចិន រាប់ចាប់ពីកាហ្វេរហូតដល់រថយន្តអគ្គិសនី ត្រូវបានកំណត់លក្ខខណ្ឌកាន់តែខ្លាំងឡើង ចំពោះអ្វីដែលគេហៅថា បដិវត្តន៍ ឬការប្រកួតប្រជែងតម្លៃហួសហេតុ ដែលជាផ្នែកមួយនៃសម្ពាធអតិផរណា ស្របពេលមានតម្រូវការពីអ្នកប្រើប្រាស់នៅខ្សោយពេក៕
















