ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចេញបញ្ជាឱ្យអ្នកកាន់កាប់គ្រឿងចក្រកសិកម្មទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ថែរក្សាជំនួយរបស់រដ្ឋាភិបាល សម្រាប់ប្រើប្រាស់ឧបករណ៍ទាំងនេះ ដើម្បីគាំទ្រដល់ការប្រឹងប្រែងបង្កើនទិន្នផលស្បៀងអាហារឱ្យបានគ្រប់គ្រាន់តាមតម្រូវរបស់ប្រទេសជាតិ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន ដោយលើកឡើងថា “គ្រឿងយន្តកសិកម្មទាំងអស់ ដែលជាជំនួយរបស់រដ្ឋាភិបាលត្រូវតែប្រើប្រាស់ឱ្យបានល្អដើម្បីបង្កើនទិន្នផលកសិកម្ម”។
លោកបានណែនាំដល់ការិយាល័យនៅតាមបណ្តាខេត្តនៃទីភ្នាក់ងារស្តង់ដារឧបករណ៍កសិកម្មរបស់ក្រសួងកសិកម្ម ឱ្យបញ្ជូនរបាយការណ៍លម្អិត ស្តីពីការចែកចាយ និងការប្រើប្រាស់ត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ និងឧបករណ៍ផ្សេងៗទៀត ដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីនបានចែកឱ្យនាពេលកន្លងមក ដើម្បីឱ្យដឹងច្បាស់ថា គ្រឿងចក្រទាំងនោះនៅល្អ និងផ្តល់ផលប្រយោជន៍ដល់វិស័យកសិកម្ម។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាថា រាល់របាយការណ៍ត្រូវតែបង្ហាញពីស្ថានភាពរបស់គ្រឿងចក្រ ទីកន្លែងរក្សាទុក និងលទ្ធផលនៃការចូលរួមចំណែកលើកកម្ពស់ទិន្នផលកសិដ្ឋាននៅក្នុងប្រទេស។
លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន ដែលកាន់តំណែងជាប្រធានទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូណេស៊ី បានព្រមានថា ឧបករណ៍ដែលមិនទាន់បានប្រើប្រាស់ត្រូវបែងចាយឡើងវិញ ទៅកាន់តំបន់មានតម្រូវការតែច្រើន។
លោកបានមានប្រសាសន៍ថា “យើងនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកណា ដែលលក់គ្រឿងចក្រ ដោយផ្សំគំនិតជាមួយអ្នកអនុវត្តច្បាប់” ដោយសង្កត់ធ្ងន់ថា ការប្រើប្រាស់ខុសគោលដៅនឹងមិនត្រូវបានអត់ឱនឡើយ។
លោកបញ្ជាក់យ៉ាងច្បាស់ថា គ្រឿងចក្រមិនមែនជាជំនួយឥតគិតថ្លៃនោះទេ។ កសិករអាចជួលគ្រឿងចក្រក្នុងអត្រាតម្លៃប្រកួតប្រជែង ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់ការបង្កបង្កើនផល ដោយហាមមិនឱ្យប្រើប្រាស់ ដើម្បីធ្វើអាជីវកម្មជួលជាឯកជនឡើយ។
លោកបានមានប្រសាសន៍ថា “យើងកំពុងដើរលើផ្លូវត្រូវ ដោយបានជួយកាត់បន្ថយថ្លៃដើមរបស់កសិករ ប៉ុន្តែមិនមែនបណ្តោយឱ្យប្រើដោយសេរីទេ ដូច្នេះទើបធ្វើឱ្យកសិកម្មក្នុងស្រុកអាចបន្តរីកចម្រើនឡើងថែមទៀត។”
លោកបានរំឭកដល់កសិករថា កាលពីឆ្នាំមុន រដ្ឋាភិបាលបានផ្តល់កញ្ចប់ថវិកាចំនួន១០ទ្រីលានរូបីយ៉ា ឬស្មើនឹង ៦៣៧លានដុល្លារ សម្រាប់ទិញគ្រឿងចក្រកសិកម្ម រួមមានគោយន្ត ត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ ម៉ាស៊ីនស្ទូងស្រូវ និងម៉ាស៊ីនបូមទឹកជាដើម ដើម្បីលើកម្ពស់វិស័យកសិកម្មនៅក្នុងប្រទេសឥណ្ឌូណេស៊ីឱកាន់តែរីកចម្រើន និងពង្រឹងការបង្កបង្កើនផលសម្រាប់ទ្រទ្រង់សន្តិសុខស្បៀរបស់ប្រទេសជាតិ។
ប្រទេសឥណ្ឌូណេស៊ី មានជំនឿចិត្តខ្លាំងណាស់លើការធ្វើកសិកម្មដ៏រឹងមាំ នៅឆ្នាំក្នុង២០២៥ នៅពេលឈប់នាំចូលអង្ករ និងពោត ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងសន្តិសុខស្បៀងអាហាររបស់ឥណ្ឌូណេស៊ី។ កាលពីពាក់កណ្តាលឆ្នាំ២០២៥ អង្ករបម្រុងរបស់រដ្ឋបានឈានដល់កម្រិតខ្ពស់បំផុត គឺមានបរិមាណប្រហែលបួនលានតោន ដែលជួយធ្វើឱ្យទីផ្សារមានស្ថេរភាព និងគាំទ្រដល់តំបន់រងគ្រោះដោយគ្រោះមហន្តរាយ។
យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ទិន្នផលអង្កររបស់ឥណ្ឌូណេស៊ី នៅឆ្នាំ២០២៥ ត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ចំនួណ៣៤,៧៧លានតោន គឺកើនឡើងចំនួន១៣,៥៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដោយសារអាកាសធាតុអំណោយផល និងមានគោលនយោបាយគាំទ្រកសិកររបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី។ ចំណែកទិន្នផលពោតវិញ ក៏ត្រូវបានគេរំពឹងថានឹងឈានដល់ប្រហែលបួនលានតោន នៅចុងឆ្នាំ២០២៥ ដែលអាចធានាបាននូវការផ្គត់ផ្គង់ សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងសម្រាប់ផលិតចំណីសត្វ។
ឥណ្ឌូណេស៊ីពីមុន គឺធ្លាប់ជាប្រទេសនាំចូលអង្ករធំជាងគេបំផុតនៅលើពិភពលោក មុនពេលផ្លាស់ប្តូរគោលនយោបាយដោយជំរុញផលិតកម្មក្នុងស្រុក ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto)។
ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន៤,៥លានតោន កាលពីឆ្នាំមុន ខណៈពេលនៅឆ្នាំ២០២៥ បាននាំចូលក្នុងបរិមាជចំនួន៤,៧លានតោន។ ឥួឡូវនេះក្រុមហ៊ុននាំចូលរបស់រដ្ឋ កំពុងកាន់កាប់អង្ករប្រហែល៣,៧លានតោន៕










