ដោយ ឡុង សារេត
ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកកម្ពុជា-ចិនលើកដំបូងក្នុងឆ្នាំ២០២៦បានបិទបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី២៩ ខែមីនា។ សម្រាប់យុវជនដែលមានចំណេះដឹងលើការឆុងកាហ្វេចង់ឃើញការរៀបចំកម្មវិធីបែប អន្តរជាតិបែបនេះបន្តទៀតរៀបចំនៅកម្ពុជាឱ្យបានជារៀងរាល់ឆ្នាំដើម្បីពលរដ្ឋក្នុងស្រុកដែលមានចំណេះដឹងលើការងារឆុងកាហ្វេអាចបង្កើនសមត្ថភាពកាន់តែប្រសើរថែមមួយកម្រិតទៀតនៅពេលអនាគត។
លោក កុសល និស្ស័យ ជាម្ចាស់ជ័យលាភីលេខ៣ពីការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា ចិនឆ្នាំ២០២៦ មកពីខេត្តកណ្តាល បានទទួលស្គាល់ថាកម្មវិធីប្រកួតសិល្បៈឡាតេអាតកម្ពុជា ចិននេះថាជាកម្មវិធីល្អ ព្រោះវាជួយឱ្យយុវជនក្នុងប្រទេសមានដែលមានចំណេះដឹងលើការឆុងកាហ្វេ រឹតតែមានសមត្ថភាពកាន់តែប្រសើរឡើងទៅលើការរចនារូប ឬការចាក់រូបលើកែវកាហ្វេ។
លោកបន្តថា ក្នុងនាមជាបេក្ខជនជាប់ចំណាត់ថ្នាក់លេខ៣ពីកម្មវិធីប្រកួតសិល្បៈឡាតេអាត បានផ្តល់នូវបទពិសោធន៍ល្អៗ អាចឱ្យខ្លួនឯកយកចំណេះដឹងក៏ដូចជាបទពិសោធន៍នេះទៅពង្រឹងសមត្ថភាពបន្ថែមដើម្បីចូលរួមនៅកម្មវិធីនៅពេលអនាគត។
លោក កុសល និស្ស័យ បានគូសបញ្ជាក់ថាបន្ថែមថា “ខ្ញុំចង់ឃើញកម្មវិធីនេះជារៀងរាល់ឆ្នាំ ។ប្រសិនបើមានអ្នករៀបចំកម្មវិធីឡើងបាន ខ្ញុំគិតថាយុវជនយើងកាន់តែមានគុណភាពខ្លាំងជាងនេះ ដោយសារគាត់បានចូលរួមក្នុងការប្រកួតស្ទើតែរាល់ឆ្នាំ។ដូចនេះ ការប្រកួតសិល្បៈឡាតេអាតពីមួយឆ្នាំទៅមួយឆ្នាំគាត់នឹងមានការអភិវឌ្ឍខ្លួនឯងកាន់តែខ្លាំង”។
លោក ហុយ ឆេងលី ម្ចាស់ជ័យលាភីលេខ២មកពីខេត្តមណ្ឌលគិរី បានឱ្យដឹងថាលោក បានចូលប្រឡូកនៅក្នុងវិស័យកាហ្វេតាំងពីឆ្នាំ២០២០ ប៉ុន្តែមិនសូវស៊ីជម្រៅខ្លាំងប៉ុន្មាននោះទេ ហើយទើបតែចាប់ផ្តើមជាក់លាក់នៅឆ្នាំ២០២៣ ហើយធ្លាប់បានចូលរួមប្រកួតស្នាដៃចាក់រូបលើកែវកាហ្វេម្តងនៅក្នុងកម្មវិធីដែលរៀបចំនៅក្នុងប្រទេស ប៉ុន្តែមិនទទួលបានពានរង្វាន់លើកទឹកចិត្តនោះទេ។
លោកបន្តថា “សម្រាប់ការចូលរួមប្រកួតប្រជែងសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិនឆ្នាំ២០២៦ជាមួយបេក្ខជនផ្សេងទៀត ខ្ញុំពុំដែលរំពឹងថាអាចទទួលបានជ័យលាភីលេខ២ដូចពេលនេះទេ ដោយសារបេក្ខជនចូលរួមប្រកួតសុទ្ធតែអ្នកមានសមត្ថភាពក្នុងការចាក់រូបលើកែវកាហ្វេ ហើយភាគច្រើនពួកគាត់រស់នៅទីក្រុងភ្នំពេញ ។ ដោយឡែកយើងវិញរស់នៅតាមជនបទមានពេលខ្លះការប្រើប្រាស់ឧបករណ៍នៅមានកម្រិតវាមិនទំនើបដូចហាងកាហ្វេបើកនៅក្រុងភ្នំពេញ”។តែទោះជាបែបនេះ នូវតែព្យាយាមរចនារូបភាពនៅលើកែវកាហ្វេជាប្រចាំ នៅពេលមានភ្ញៀវកំម្ម៉ង់កាហ្វេ”។
លោក កែន ណាល់ ម្ចាស់ជ័យលាភីលេខ១ មកពីខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ពាក់ព័ន្ធកាហ្វេ លោកមានបទពិសោធន៍៨ឆ្នាំ ហើយទាក់ទងនិងសិល្បៈឡាតេអាតនេះលោកបានចូលចិត្តតាំងពីធ្វើការលើកដំបូង តាមរយៈកម្មវិធីបង្ហាញនៅតាមទូរទស្សន៍ ក៏ដូចជានៅតាមបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗ។
បើតាមលោក កែន ណាល់, ការចូលរួមប្រកួតសិល្បៈឡាតេអាតលើកដំបូងនេះ លោកមិនធ្លាប់រំពឹងថាទទួលបានជ័យលាភីលេខ១នោះទេ គឺមានចិត្តត្រឹមតែចង់ចូលរួមទទួលយកអារម្មណ៍មួយទាក់ទងនិងការប្រកួតប្រជែងពិតៗនៅលើផ្នែកឡាតេអាត ដោយសារលោកធ្លាប់មានបទពិសោធន៍ខ្លះលើសិល្បៈឡាតេអាតនេះ។
លោក កែន ណាល់ បន្តថា “នៅស្រុកយើងសិល្បៈឡាតេអាតមិនទាន់មានការរីកចម្រើនដូចបណ្តាប្រទេសផ្សេងៗនៅលើពិភពលោកទេ ។ តែនៅថ្ងៃខាងមុខខ្ញុំគិតថា បើយើងមានការរៀបចំកម្មវិធីប្រកួតប្រជែងបែបនេះជារៀងរាល់ឆ្នាំ វានឹងជួយដល់សិល្បៈឡាតេអាត មានការរីកលូតលាស់បន្ថែមទៀត។ ដូចនេះក្មេងៗជំនាន់ក្រោយ អាចនិងមានការបណ្តុះបណ្តាលលើសិល្បៈចាក់រូបលើកែវកាហ្វេ មានកាន់តែច្រើនថែមទៀត និងអាចមានឱកាសចូលរួមប្រកួតនៅខាងក្រៅប្រទេសថែមទៀត”។
អ្នកស្រី គ្រុយ ស្រីនាង គណៈកម្មការដាក់ពិន្ទុក្នុងកម្មវិធីប្រកួតសិល្បៈឡាតេអាត (ឆុងកាហ្វេ) មានប្រសាសន៍ថា “សម្រាប់បេក្ខជនចូលរួមប្រកួតបានជ័យលាភី ទទួលបាន អត្ថប្រយោជន៍ច្រើនគួរសម ហើយខ្ញុំលឺថា អ្នករៀបចំកម្មវិធីនេះនឹងជញ្ជូនពួកគាត់ទៅស្វែងយល់នៅប្រទសចិនទៅលើវគ្គឆុងកាហ្វេថែមទៀត។ ដូចនេះជាឱកាសល្អសម្រាប់អ្នកទទួលបានជ័យលាភី”។
អ្នកស្រីបន្តថា “សម្រាប់បេក្ខជនដែលជាប់ចំណាត់ថ្នាក់លេខ១ដល់លេខ៣ គាត់អាចជាអ្នកជំនាញឆុងកាហ្វេមួយតំណាងឱ្យស្រុកខ្មែរ ក្នុងជំនាញចាក់រូបលើកាហ្វេ។ លើសពីនេះនៅថ្ងៃខាងមុខគាត់អាចនឹងចូលរួមការប្រកួតនៅខាងក្រៅប្រទេសផងដែរ”។
សូមជម្រាបជូនថា នៅក្នុងពិធីបិទព្រឹត្តិការណ៍ “ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦” ឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា គឺជាព្រឹត្តិការណ៍ដ៏មានសំខាន់មួយដើម្បីជំរុញដល់ការផ្លាស់ប្តូរ វប្បធម៌ទទួលទានកាហ្វេ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មសំខាន់ៗ រវាងកម្ពុជា-ចិន ក៏ដូចជាការគាំទ្រដល់ការអភិវឌ្ឍរួមបញ្ចូលគ្នានៃខ្សែ ច្រវាក់ឧស្សាហកម្មកាហ្វេល្បីៗក្នុងស្រុក ការបង្ហាញទេពកោសល្យរបស់ យុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈឆុងកាហ្វេក្នុងកម្រិតអន្តរជាតិ។ តាមរយៈ ព្រឹត្តិការនេះ នឹងផ្តល់ឱកាសដល់អ្នកវិនិយោគិនចិនបង្កើននូវកិច្ចទំនាក់ ទំនងជាមួយអាជីវកម្មក្នុងស្រុក អ្នកចែកចាយក្នុងស្រុក និងអ្នកជំនាញ ឧស្សាហកម្មបានជួបពិភាក្សាគ្នា និងជំរុញព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្នុង គោលដៅរួមដូចខាងក្រោម៖
១) លើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍តាមរយៈការពង្រឹងសមត្ថភាព របស់អ្នកជំនាញផ្នែកឆុងកាហ្វេនៅកម្ពុជា និងការពង្រឹងសេវាកម្មម្ហូប អាហារនិងភេសជ្ជៈនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ។
២)ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់វិស័យកាហ្វេនៅកម្ពុជាក្នុងការអភិវឌ្ឍត ភ្ជាប់ពីផលិតកម្មកាហ្វេក្នុងស្រុករហូតដល់ការកែច្នៃ និងការបម្រើសេវា កម្មកាហ្វេ ដើម្បីបង្កើនភាពទាក់ទាញអ្នកវិនិយោគិនពីប្រទេសចិន។
៣)ជាវេទិការផ្លាស់ប្តូរទេពកោសល្យដ៏ប៉ិនប្រសព្វរបស់យុវជនកម្ពុជាលើ ជំនាញវិជ្ជាជីវៈផ្នែកឆុងកាហ្វេក្នុងកម្រិតអន្តរជាតិ និងកិច្ចការងារ សប្បុរសធម៌ដែលឆ្លុះបញ្ចាំងពីស្មារតីទទួលខុសត្រូវសង្គមក្នុងវិស័យធុរ កិច្ចទេសចរណ៍។
៤)ការពង្រឹងទំនាក់ទំនងកម្ពុជា-ចិន តាមរយៈការប្រើប្រាស់វប្បធម៌កាហ្វេ ជាការរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យ ទេសចរណ៍។
៥)ប្រែក្លាយព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ក្រសួងទេសចរណ៍កម្រិតអន្តរជាតិ។
៦)បង្កើនបណ្តាញទំនាក់ទំនងរបស់អ្នកជំនាញឧស្សាហកម្មទេសចរណ៍ ដែលចង់ផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងក្នុងអាជីវកម្មកាហ្វេ។
៧)ការចុះអនុស្សារណៈយោគយល់គ្នាលើគម្រោងក្នុងនោះមាន៖ បង្កើតសួនកសិកម្មកាហ្វេដែលមានបច្ចេកវិទ្យាខ្ពស់ ដើម្បីជំរុញកំណើនឧស្សាហកម្ម កាហ្វេទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការនាពេលអនាគត, អភិវឌ្ឍន៍មូលធនមនុស្សកម្ពុជាឱ្យមានជំនាញស្របតាមស្តង់ដាអន្តរជាតិ,សហការជាមួយស្ថានប័នបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចដែលមានសក្តានុ ពលផ្នែកម្ហូបអាហារ និងភេសជ្ជៈ (F&B) ដូចជាសណ្ឋាគារ និងរមណីយដ្ឋាន One Park ដើម្បីប្រែក្លាយជាទីតាំងបណ្តុះបណ្តាលក្នុងទីក្រុង និងជាមជ្ឈមណ្ឌល សម្រាប់ធ្វើតេស្តទទួលស្គាល់វិញ្ញាបនបត្រផ្នែកឆុងកាហ្វេ Coffee Latte Barista កម្រិតអន្តរជាតិ៕








