ភ្នំពេញ៖ ព្រឹត្តិការណ៍ “ការប្រកួតសិល្បៈកាហ្វេឡាតេអាតជើងឯក កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦” (Cambodia – China 2026 1st Coffee Latte Art Championship CLA)” បានប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ -២៩ ខែមីនា នៅសណ្ឋាគារ OAKWOOD ONE PARK និងបានបិទបញ្ចប់ប្រកបដោយជោគជ័យ នារសៀលថ្ងៃទី២៩ ខែមីនានេះ ក្រោមអធិបតីភាពឯកឧត្តម ឱក តារារិទ្ធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីឯកឧត្តម បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក Johnny Mo នាយកប្រតិបត្តិអង្គការ CICC-YDD ព្រមទាំងតំណាងក្រុមហ៊ុនគីរីកាហ្វេ សណ្ឋាគារ OAKWOOD ONE PARK ក្រុមហ៊ុន BESTA រួមនិងដៃគូឧបត្ថមជាច្រើនទៀត។
ព្រឹត្តិការណ៍នេះ ជាការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់វិស័យកាហ្វេនៅកម្ពុជាក្នុងការអភិវឌ្ឍតភ្ជាប់ពីផលិតកម្មកាហ្វេក្នុងស្រុករហូតដល់ការកែច្នៃ និងការបម្រើសេវាកម្មកាហ្វេ ដើម្បីបង្កើនភាពទាក់ទាញអ្នកវិនិយោគិនពីប្រទេសចិន និងជាវេទិកាផ្លាស់ប្តូរទេពកោសល្យដ៏ប៉ិនប្រសព្វរបស់យុវជនកម្ពុជាលើ ជំនាញវិជ្ជាជីវៈផ្នែកឆុងកាហ្វេក្នុងកម្រិតអន្តរជាតិ និងកិច្ចការងារសប្បុរសធម៌ដែលឆ្លុះបញ្ចាំងពីស្មារតីទទួលខុសត្រូវសង្គមក្នុងវិស័យធុរកិច្ចទេសចរណ៍ ព្រមទាំងការពង្រឹងទំនាក់ទំនងកម្ពុជា-ចិន តាមរយៈការប្រើប្រាស់វប្បធម៌កាហ្វេ ជាការរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យទេសចរណ៍៕










