ភ្នំពេញ៖ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមផ្តល់បទបាឋកថាខ្លី ក្នុងកម្មវិធីខួប១៥ឆ្នាំ នៃការកកេីត ក្រុមហ៊ុន អេមរុរ៉ាយស៍ (AMRU RICE)។
ឯកឧត្តមបណ្ឌិតប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អេមរុរ៉ាយស៍ ដែលបានចូលរួមក្នុងការកែច្នៃ និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារពិភពលោក ប្រកបដោយស្តង់ដារគុណភាពទទួលជាអន្តរជាតិ។
ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតប្រតិភូបានលេីកឡេីងពីចំណុចសំខាន់មួយចំនួនរួមមាន អង្ករកម្ពុជា គឺមិនមែនត្រឹមតែជាផលិតកសិកម្មនោះទេ ប៉ុន្តែជាអង្ករតំណាងឱ្យជីវភាពរស់នៅរបស់ប្រជាកសិករ ភាពខ្លាំងនៃសេដ្ឋកិច្ចកម្ពុជា និងមោទនភាពជាតិ។
លើសពីនេះ អង្ករខ្មែរមួយគ្រាប់ៗ បានបង្ហាញអំពីភាពអត់ធ្មត់ និងការតស៊ូរបស់ប្រជាកសិករខ្មែរ ពីវាលស្រែ ដល់រោងម៉ាស៊ីនកិនស្រូវ និងពីកំពុងផែកម្ពុជាដល់ទីផ្សារអន្តរជាតិ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមទៀតថា វិស័យស្រូវអង្ករ គឺជាវិស័យមួយទាមទារឲ្យមានការអត់ធ្មត់ ការខិតខំប្រឹងប្រែង ការតស៊ូ និងការបត់បែនតាមស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដែលតម្រូវឱ្យកសិករទាំងអស់ត្រូវតែគិតគូអំពីការធ្វេីកសិកម្ម ប្រកបដោយចីរភាព (Sustainable Agriculture) សំដៅធានានូវសន្តិសុខស្បៀង៕










