ហ្សាការតា៖ ក្រសួងកសិកម្មឥណ្ឌូណេស៊ី កំពុងលើកទឹកចិត្តដល់កសិកររបស់ខ្លួនឱ្យប្រើប្រាស់ពូជស្រូវណាអាចស៊ូទ្រាំនឹងគ្រោះរាំងស្ងួត ខណៈរដូវប្រាំងឆ្នាំ២០២៦ ត្រូវបានព្យាករណ៍ថា នឹងចូលមកដល់ឆាប់ជាងបណ្តាឆ្នាំមុនៗ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានណែនាំដល់រដ្ឋាភិបាលក្នុងតំបន់ទាំងអស់ឱ្យចាត់វិធានការបង្ការជាបន្ទាន់ រាប់ចាប់ពីការធ្វើផែនទីតំបន់ងាយរងគ្រោះដោយគ្រោះរាំងស្ងួត រហូតដល់ការពង្រឹងប្រព័ន្ធគ្រប់គ្រងព្រមាន។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសប្តាហ៍មុនថា កសិករត្រូវប្រើប្រាស់ពូជស្រូវណា ដែលស្រាលឆាប់ចេញផ្លែ និងធន់នឹងគ្រោះរាំងស្ងួត ឬពូជស្រដៀងគ្នាផ្សេងទៀត ដើម្បីរក្សាកម្រិតផលិតកម្មក្នុងគ្រោះរាំងស្ងួតមុនរដូវប្រាំងចូលមកដល់។
លើសពីនេះ ក្រសួងកសិកម្មកំពុងជំរុញការគ្រប់គ្រងទឹកឱ្យកាន់តែប្រសើរឡើងតាមរយៈប្រព័ន្ធធារាសាស្ត្រ ម៉ាស៊ីនបូមទឹក និងបំពង់ទឹក ក៏ដូចជាការពន្លឿនកាលវិភាគនៃការដាំដុះនៅក្នុងមជ្ឈមណ្ឌលផលិតកម្មស្រូវផ្សេងៗ។
ចំណែកទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានព្យាករណ៍ថា រដូវប្រាំងនឹងមកដល់ឆាប់ៗនេះ នៅតាមតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌូណេស៊ី រួមមានផ្នែកខ្លះនៃកោះស៊ូម៉ាត្រា កោះជ្វា កោះបាលី កោះនូសាតេងការ៉ា និងកោះកាលីម៉ាន់តាន់ ភាគខាងត្បូង និងភាគខាងកើត កោះស៊ូឡាវ៉េស៊ី កោះម៉ាលូគូ និងផ្នែកខ្លះនៃកោះប៉ាពួ នៃប្រទេសឥណ្ឌូណេស៊ី។
លោករដ្ឋមន្ត្រីបានព្រមានថា “លក្ខខណ្ឌអាកាសធាតុបែបនេះអាចបង្កឱ្យមានគ្រោះរាំងស្ងួតលើផ្ទៃដីកសិកម្ម ប្រសិនបើមិនបានគិតទុកជាមុន។”
ព្រមជាមួយគ្នានេះដែរ ប្រធានទីភ្នាក់ងារជំនាញរបស់ក្រសួងកសិកម្ម បានពន្យល់ថា ក្រសួងបានបង្កើតពូជស្រូវល្អៗជាច្រើនប្រភេទ ដែលអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌគ្រោះរាំងស្ងួត។ ពូជទាំងនេះត្រូវបានបង្កើតឡើង ដើម្បីស្ថិរភាពផលិតកម្មស្រូវរបស់ឥណ្ឌូណេស៊ី ចំពេលការផ្គត់ផ្គង់ទឹកមិនទាន់គ្រប់គ្រាន់ ដូច្នេះការប្រើប្រាស់ពូជស្រូវអាចសម្របខ្លួនទាំងនេះ គឺជាយុទ្ធសាស្ត្របច្ចេកវិទ្យាដ៏សំខាន់មួយ ដើម្បីពង្រឹងភាពធន់នៃប្រព័ន្ធផលិតកម្មស្រូវនៅក្នុងពេលមានប្រែប្រួលអាកាសធាតុ។
លោកបានសង្កត់ធ្ងន់ថា “យើងកំពុងលើកទឹកចិត្តឱ្យទទួលយកពូជស្រូវល្អ ដែលធន់នឹងគ្រោះរាំងស្ងួតឱ្យបានកាន់តែទូលំទូលាយ ជាពិសេសនៅតំបន់ងាយរងគ្រោះដោយគ្រោះរាំងស្ងួត ដើម្បីធានាថាផលិតកម្មស្រូវជាតិនៅតែមានស្ថិរភាព និងពង្រឹងសន្តិសុខស្បៀង។”
តាមរយៈទីភ្នាក់ងារអ្នកជំនាញនេះ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បន្តជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពង្រឹងភាពធន់នៃវិស័យកសិកម្ម ក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ រួមទាំងការអភិវឌ្ឍពូជស្រូវល្អ ដែលមានលក្ខណៈបន្ស៊ាំ និងការអនុវត្តបច្ចេកទេសកសិកម្មសមស្រប៕










