ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការពន្លឿនហិរញ្ញប្បទានបៃតងប្រកបដោយបរិយាបន្ននៅកម្ពុជា តាមរយៈការពង្រឹងស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់នឹងអាកាសធាតុ និងចីរភាព នៅទីស្នាក់ការកណ្តាលរបស់ធនាគារ (ARDB) នារាជធានីភ្នំពេញ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងលោកស្រី Kyunghee Jeong ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមធុរកិច្ចអាកាសធាតុ នៃធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកបច្ចេកទេសពីស្ថាប័នជាសមាជិក CMA តំណាងពី ARDB ក្រុមហ៊ុន Mekong Strategic Capital (MSC) អង្គការ Water.org និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងទៀត។
គោលបំណងនៃសិក្ខាសិលានេះ លើកកម្ពស់ការយល់ដឹងទូទាំងវិស័យអំពីហិរញ្ញវត្ថុបៃតង និងបរិយាបន្ន , ពង្រឹងចំណេះដឹងអំពីឱកាសហិរញ្ញប្បទានសម្រាប់ការកាត់បន្ថយ និងការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ , លើកកម្ពស់ការអភិវឌ្ឍគម្រោង ដែលអាចទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគមានធន់នឹងអាកាសធាតុ , បង្ហាញអំពីរចនាសម្ព័ន្ធ CCFF បណ្តាញហិរញ្ញប្បទានលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបាន និងក្របខ័ណ្ឌផ្តល់ឥណទាន , កាត់បន្ថយគម្លាតរវាងតម្រូវការ និងការផ្គត់ផ្គង់ហិរញ្ញប្បទានបៃតង និងជំរុញសកម្មភាពជាក់ស្តែង ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយ និងសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះដែរ សិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញពីអ្នកជំនាញមកពីភាគីពាក់ព័ន្ធសំខាន់ៗ ដែលមានសារៈសំខាន់សម្រាប់ការពង្រឹងប្រព័ន្ធអេកូហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងមានភាពធន់នឹងអាកាសធាតុនៅកម្ពុជា ដែលផ្តោតលើផ្នែកស្នូលចំនួនបួនរួមមាន៖
១.ការជំរុញហិរញ្ញប្បទានបៃតងសម្រាប់កំណើនប្រកបដោយចីរភាពនៅតំបន់ ដែលផ្តោតលើការអភិវឌ្ឍ និងអនុវត្តយន្តការហិរញ្ញប្បទានបៃតង និងការចូលរួមរបស់ភាគីពាក់ព័ន្ធ ដើម្បីជំរុញប្រព័ន្ធអេកូបៃតង និងចីរភាពក្នុងបរិបទតំបន់។
២. ការជំរុញការអភិវឌ្ឍប្រកបដោយភាពធន់នឹងអាកាសធាតុ និងបរិយាបន្ននៅកម្ពុជា ដែលផ្តោលើគំនិតផ្តួចផ្តើមហិរញ្ញប្បទានបៃតងរបស់ ARDB បង្ហាញពីយុទ្ធសាស្ត្រ កម្មវិធីសំខាន់ៗ និងគំនិតផ្តួចផ្តើម ដែលគាំទ្រភាពធន់នឹងអាកាសធាតុ បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
៣.ក្របខណ្ឌមគ្គុទ្ទេសក៍សិទ្ធិ និងការផ្តល់ឥណទានរបស់ CCFF៖ ផ្តល់ទិដ្ឋភាពទូទៅអំពីក្របខណ្ឌស្ថាប័ន អភិបាលកិច្ច បណ្តាញហិរញ្ញប្បទាន និងគោលបំណងរយៈពេលវែង សម្រាប់គាំទ្រការកាត់បន្ថយ និងការសម្របខ្លួននឹងអាកាសធាតុ ព្រមទាំងការណែនាំអំពីសិទ្ធិទទួលបាន តម្រូវការផលប៉ះពាល់អាកាសធាតុ ការការពារបរិស្ថាន និងសង្គម នីតិវិធីដាក់ពាក្យ និងកាតព្វកិច្ចតាមដាន និងរាយការណ៍សម្រាប់ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក (LFIs)។
៤. ការបង្កើតតម្រូវការហិរញ្ញប្បទានក្នុងវិស័យទឹក ដែលធន់នឹងអាកាសធាតុ៖ លើកយកបទពិសោធន៍ និងមេរៀនពីការអនុវត្តគម្រោង ឬកម្មវិធីនានា ដើម្បីពង្រីកឱកាសហិរញ្ញប្បទានបៃតង និងលើកកម្ពស់ដំណោះស្រាយធន់នឹងអាកាសធាតុ ជាពិសេសក្នុងវិស័យទឹកស្អាត អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធទឹក។
លើសពីនេះទៀត សិក្ខាសាលាបានដើរតួនាទីជាវេទិកាសម្រាប់ការចែករំលែកចំណេះដឹង និងកិច្ចពិភាក្សារួម ដោយផ្តល់ឱកាសឱ្យអ្នកចូលរួមស្វែងរកវិធីសាស្ត្រផ្លាស់ប្តូរឆ្ពោះទៅរកហិរញ្ញវត្ថុបៃតង និងភាពធន់នឹងអាកាសធាតុ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាពិសេសលើកកម្ពស់សមត្ថភាពស្ថាប័ន ជំរុញការតម្រឹមតាមវិស័យ និងពន្លឿនការអនុវត្តហិរញ្ញវត្ថុបៃតងប្រកបដោយបរិយាបន្ននៅកម្ពុជា។
ប្រទេសកម្ពុជាកាន់តែមានភាពងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រួមមានគ្រោះរាំងស្ងួត ទឹកជំនន់ ភាពតានតឹងផ្នែកធនធានទឹក និងការកើនឡើងសីតុណ្ហភាព ដែលមានឥទ្ធិពលមិនសមាមាត្រលើសហគមន៍ជនបទ ផលិតកម្មកសិកម្ម និងសហគ្រាសធុនតូច និងមធ្យម។ បញ្ហាប្រឈមទាំងនេះទាមទារឱ្យមានការឆ្លើយតបនៅថ្នាក់ជាតិប្រកបដោយការសម្របសម្រួល ដែលរួមបញ្ចូលទាំងភាពធន់នឹងអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។
ដើម្បីឆ្លើយតបទៅនឹងហានិភ័យអាកាសធាតុដែលកំពុងកើនឡើងនេះកម្ពុជាកំពុងឈានចូលទៅក្នុងទសវត្សរ៍ដ៏សំខាន់មួយសម្រាប់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយនឹងការដាក់ស្នើឯកសាររួមចំណែកកំណត់ដោយជាតិ (NDC ៣.០) ទៅកាន់ UNFCCC ក្នុងឆ្នាំ២០២៥ កម្ពុជាបានប្តេជ្ញាចិត្តចំពោះគោលដៅកាត់បន្ថយ និងការសម្របខ្លួនដែលមានមហិច្ឆតា ដោយទាមទារការវិនិយោគប្រមាណ៣២,២ប៊ីលានដុល្លារអាមេរិក ក្នុងអំឡុងឆ្នាំ២០២៦ ដល់២០៣៥ ដើម្បីអនុវត្តវិធានការអាកាសធាតុចំនួន ១៦៣។
ដើម្បីសម្រេចបានគោលដៅទាំងនេះ ត្រូវការការចូលរួមយ៉ាងសកម្មពីវិស័យហិរញ្ញវត្ថុ ការកៀរគរមូលធនសាធារណៈ និងឯកជនការពង្រឹងយន្តការបរិយាបន្នហិរញ្ញវត្ថុ និងការរួមបញ្ចូលហានិភ័យអាកាសធាតុ និងភាពធន់ទៅក្នុងការអនុវត្តផ្តល់ឥណទាន។
វិស័យហិរញ្ញវត្ថុមានតួនាទីសំខាន់ក្នុងការកៀរគរធនធាន ដើម្បីគាំទ្រការកាត់បន្ថយ និងការសម្របខ្លួននឹងអាកាសធាតុ ខណៈធានាថាប្រជាជនងាយរងគ្រោះ និងសហគមន៍ដែលមិនទាន់ទទួលបានសេវាគ្រប់គ្រាន់ មិនត្រូវបានទុកចោល។ ដូច្នេះ ស្ថាប័នហិរញ្ញវត្ថុត្រូវការពង្រឹងសមត្ថភាពក្នុងការផ្តល់ហិរញ្ញប្បទានបៃតង ការគ្រប់គ្រងហានិភ័យអាកាសធាតុ និងការអនុវត្តការពារបរិស្ថាន និងសង្គម៕










