ប៉ារីស៖ សង្គ្រាមនៅមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ ប័រមូស (Hormuz )ដែលជាច្រកយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្មពិភពលោក កំពុងបង្កការរំខានយ៉ាងខ្លាំងដល់លំហូរពាណិជ្ជកម្មនៅលើពិភពលោក។
ជាលទ្ធផល ការដឹកជញ្ជូនស្បៀងអាហារមួយចំនួនបានជាប់គាំង ដូចករណីផ្លែប៉ោមបារាំងដែរ។ កុងតឺន័រជាង២៥០ទូ និងមានផ្លែប៉ោមសរុបប្រហែល៥ ០០០តោន ដែលកំពុងជាប់គាំងនៅលើផ្ទៃសមុទ្រ ដោយមានតម្លៃប៉ាន់ស្មានចន្លោះពីប្រាំបី និង៩,២លានដុល្លារ។
បន្ថែមលើស្ថានភាពនេះ គឺការចំណាយជាច្រើនសម្រាប់ក្រុមហ៊ុនដឹកជញ្ជូន ដែលជាប់ទាក់ទងនឹងហានិភ័យសង្រ្គាម រួមទាំងកុងតឺន័រ ដែលមានស្រាប់នៅលើផ្ទៃទឹកសមុទ្រ។
ប្រធានទំនាក់ទំនងសាធារណៈនៃសមាគមដាំប៉ោមរបស់បារាំង បានពន្យល់ថា ការដឹកជញ្ជូន និងថ្លៃថែទាំផ្លែប៉ោមនៅលើកប៉ាល់ត្រូវចំណាយប្រាក់រហូតជាងមួយលានដុល្លារ ដែលជាការចំណាយបន្ថែមរបស់បារាំង។ បន្ថែមលើការចំណាយបន្ថែមទាំងនេះ គឺជាបញ្ហានៃការធានារ៉ាប់រងហានិភ័យនៃសង្រ្គាម គ្របដណ្តប់ទាំងការបាត់ទំនិញ ឬ ការចំណាយខ្ពស់ពេក។
ប្រឈមមុខនឹងឧបសគ្គទាំងនេះ ប្រតិបត្តិករកំពុងព្យាយាមស្វែងរកជម្មើសថ្មី ដោយអ្នកនាំចេញផ្លែប៉ោមបារាំងកំពុងស្វែងរកមធ្យោបាយដើម្បីដឹកជញ្ជូនកុងតឺន័ររបស់ពួកគេ ប៉ុន្តែត្រូវការពេលប្រហែលដប់ថ្ងៃទើបធ្វើដំណើរទៅដល់ដៅអាស៊ី។
តាមការវាយតម្លៃសម្រាប់ទីផ្សារផ្លែប៉ោមឆ្នាំ២០២៥-២០២៦ – ខែមីនាជាធម្មតាជាខែដ៏សំខាន់សម្រាប់ការប្រើប្រាស់ផ្លែប៉ោម ដែលមើលទៅមិនគួរឱ្យមានសង្ឃឹមសោះ ព្រោះរហូតមកដល់ពេលនេះ ការប្រើប្រាស់ផ្លែប៉ោមនៅតែបន្តធ្លាក់ចុះចាប់តាំងពីដើមរដូវប្រមូល។
កម្រិតតម្លៃទាំងនេះជះឥទ្ធិពលផ្ទាល់លើការប្រើប្រាស់ ហើយសង្គ្រាមនៅមជ្ឈិមបូព៌ាក៏កំពុងបង្កការព្រួយបារម្ភផងដែរ។ ជាពិសេស តម្លៃថាមពលកំពុងតែឡើងខ្ពស់ ដូច្នេះពាណិជ្ជករត្រូវចំណាយបន្ថែមទៀតដែរ៕














