ម៉ានីល៖ ប្រទេសហ្វីលីពីន កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតជីធំៗ រួមមានចិន និងរុស្ស៊ី ដើម្បីការពារការផ្គត់ផ្គង់ ព្រោះខ្លាចអ្នកនាំចេញមិនទទួលបានកិច្ចសន្យា ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឱ្យតម្លៃឡើងខ្ពស់។
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនសីស្កូ ធៀវ ឡូរ៉េល (Francisco Tiu Laurel) បានមានប្រសាសន៍ថា លោកនឹងជួបជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងម៉ានីល លោក ជីង គួន (Jing Quan) ដែលបានធានាថា ទីក្រុងប៉េកាំងនឹងមិនផ្អាកការនាំចេញឡើយ។ លោកបានបន្តថា ស្តុកជីរបស់ប្រទេសហ្វីលីពីន នៅមានគ្រប់គ្រាន់ ដើម្បីប្រើប្រាស់រហូតដល់ខែឧសភា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា លោកក៏កំពុងពិភាក្សាជាមួយឥណ្ឌា រុស្ស៊ី និងនិយាយជាមួយប្រទេសបេឡារុស ដើម្បីឱ្យបន្តលក់ជីឱ្យប្រទេសហ្វីលីពីន។
កសិករនៅទូទាំងពិភពលោក កំពុងប្រញាប់ប្រញាល់ស្វែងរកជី បន្ទាប់ពីច្រកសមុទ្រ ហ័រមូស (Hormuz) ត្រូវបានបិទមិនឱ្យដឹកទំនិញឆ្លងកាត់ ហើយបានធ្វើឱ្យតម្លៃហ្គាសកើនឡើងយ៉ាងគំហុក។ នៅអាស៊ីអាគ្នេយ៍ តម្លៃអ៊ុយរ៉េ បានកើនឡើងប្រហែល៤០ភាគរយ ចាប់តាំងពីការផ្ទុះសង្គ្រាម។
រោងចក្រផលិតជីអ៊ុយរ៉េមួយចំនួន នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស បានផ្អាកដំណើរការផលិតដោយសារការផ្គត់ផ្គង់ឧស្ម័នធ្លាក់ចុះ ខណៈពេលប្រទេសចិនក៏បានរឹតបន្តឹងលើការនាំចេញជី។ កង្វះខាតជីណាមួយនៅក្នុងប្រទេសហ្វីលីពីន អាចប៉ះពាល់ដល់ដំណាំស្រូវ ដែលជាអាហារចម្បងរបស់ប្រទេស ក៏ដូចជាប៉ះពាល់ដល់ការនាំចេញប្រេងដូង និងផ្លែចេកផងដែរ។
លោក ហ្វ្រេនសីស្កូ ធៀវ ឡូរ៉េល បានលើកឡើងថា ប្រទេសហ្វីលីពីនបានទិញជីប្រហែល៨៤ភាគរយនៃតម្រូវការជីរបស់ប្រទេសហ្វីលីពីនសម្រាប់ឆ្នាំនេះ ប៉ុន្តែមិនប្រាកដថា ជីទាំងអស់នោះនឹងត្រូវបានចែកចាយទេ។
លោកបានមានប្រសាសន៍ថា “គ្មានប្រទេសណាឈប់លក់ជីឱ្យយើងទេ ដូចជាប្រទេសចិន។ វាមិនមែនជាបញ្ហានៃការផ្គត់ផ្គង់ទេ។ វាជាបញ្ហានៃតម្លៃ។”
លោកបាននិយាយកាលពីដើមសប្តាហ៍នេះថា រដ្ឋាភិបាលហ្វីលីពីនក៏កំពុងពិចារណាដាក់កម្រិតតម្លៃលើអង្ករនាំចូលផងដែរ ដើម្បីរក្សាតម្លៃ និងអតិផរណាឱ្យស្ថិតក្នុងការត្រួតពិនិត្យ។
ចំណែកប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) បាននិយាយក្នុងពេលបំពេញទស្សនកិច្ចទៅកាន់ទីផ្សារស្បៀងអាហារនៅទីក្រុងម៉ានីល កាលពីសប្តាហ៍មុនថា យើងមានការផ្គត់ផ្គង់ស្បៀងអាហារ អង្ករ និងទំនិញចាំបាច់ទាំងអស់បានយ៉ាងល្អ។ ដូច្នេះ យើងកំពុងប្រាប់ប្រជាជនក្នុងប្រទេសរបស់យើងថា មិនចាំបាច់ស្តុកទុកទេ ហើយយើងក៏មិនខ្វះការផ្គត់ផ្គង់ស្បៀងអាហារដែរ៕
ចិននឹងមិនដាក់កម្រិតលើការនាំចេញជីទៅហ្វីលីពីនឡើយ ខណៈកំពុងពិភាក្សាជាមួយរុស្ស៊ី












