ដោយ នៅ ស៊ីវុត្ថា
សៀមរាប៖ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានអះអាងថា របរដាំដំណាំរួមផ្សំ ជាពិសេសដំណាំម្អម កំពុងក្លាយជាប្រភពចំណូលបន្ថែមដ៏សំខាន់សម្រាប់កសិករនៅក្រុងសៀមរាប ដោយសារដំណាំប្រភេទនេះ ងាយស្រួលដាំ មានទីផ្សារល្អ និងមានតម្រូវការខ្ពស់ជាប្រចាំពីសំណាក់អាជីវករ និងភោជនីយដ្ឋាន ដែលមានលក់គុយទាវ និងហ្វឺជាដើម។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដសៀមរាប ប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ប្រជាពលរដ្ឋរស់នៅតាមមាត់ទឹកស្ទឹកសៀមរាប ភាគច្រើនដាំដំណំាម្អម ជាពិសេសពលរស់រដ្ឋរស់នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។
ទោះជាយ៉ាងណា លោកថ្លែងថា ពលរដ្ឋដំណាំម្អមនេះ គ្រាន់តែសម្រាប់តម្រូវការទីផ្សារផ្គត់ផ្គង់តែក្នុងក្រុងសៀមរាមរាបប៉ុណ្ណោះ មិនទាន់មានលទ្ធភាពក្នុងការពង្រីកចែកចាយទៅកាន់ខេត្តផ្សេងនៅឡើយទេ មិនដូចនៅខេត្តស្វាយរៀង និងខេត្តព្រៃវែងទេ ដែលខេត្តទាំងពីរនេះ កសិករបានដំាដំណាំម្អមក្នុងដីចម្ការធំៗ សម្រាប់ធ្វើអាជីវកម្ម និងចែកចាយទៅកាន់ខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា។
ទោះបីជាយ៉ាងនេះក្តី លោកប្រធានមន្ញីរបានបញ្ជាក់ថា កសិករដាំដំណាំម្អម នៅក្នុងក្រុងសៀមរាបនេះ អាចទទួលបានផល និងចំណូលបន្ថែម ព្រោះការដាំដំណំម្អមនេះ មិនត្រូវការរើសទីតាំងឡើយ ឱ្យតែទីតាំងនោះមានទឹក និងសមស្រប គឺអាចដំាបានហើយ ។
អ្នកស្រី ជិន សារុំ ជាកសិករដាំម្អមបានឱ្យដឹងថា ម្អមគឺជាប្រភេទដំណាំវិលជុំ ដែលងាយស្រួលដាំដុះ និងអាចប្រមូលផលបានគ្រប់រដូវកាល។ អ្នកស្រីបានបញ្ជាក់ថា របរនេះអាចផ្ដល់ប្រាក់ចំណូលបន្ថែមជូនគ្រួសារចន្លោះពី៣០ម៉ឺន ទៅ៥០ម៉ឺនរៀលក្នុងមួយខែ ខណៈពេលតម្លៃលើទីផ្សារក្នុងឆ្នាំនេះក៏មានសភាពសមរម្យផងដែរ។
អ្នកស្រីបានឱ្យដឹងទៀតថា មូលហេតុដែលអ្នកស្រីជ្រើសរើសដាំម្អម ព្រោះអ្នកស្រីមើលឃើញថា បច្ចុប្បន្នដំណាំនេះ កំពុងមានតម្រូវការខ្ពស់សម្រាប់យកទៅធ្វើជាគ្រឿងផ្សំក្នុងមុខម្ហូបខ្មែរ ហើយដំណាំនេះទៀតសោតងាយស្រួលថែទាំ មិនសូវរើសដី និងមិនត្រូវការបច្ចេកទេសស្មុគស្មាញដូចដំណាំដទៃ។ ការដាំនេះដែរ អ្នកស្រីក៏អាចដាំបន្ថែមជាមួយដំណាំរួមផ្សំផ្សេងទៀតដូចជា ស្ពៃ, ត្រកួន, ខ្ទឹម និងជីគ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងក្រុងសៀមរាបផងដែរ។
អ្នកស្រី ជិន សារុំ បានឱ្យដឹងទៀតថា ក្នុងមួយថ្ងៃៗ អ្នកស្រីទទួលបានការកុម្ម៉ង់ពីអាជីវករតាមផ្សារនានា ចាប់ពី១០០បាច់ ទៅ៤០០បាច់ អាស្រ័យទៅតាមតម្រូវការជាក់ស្ដែង។ ទោះបីជាយ៉ាងណា ដោយសារតំបន់ដែលអ្នកស្រីរស់នៅប្រឈមនឹងការលិចទឹកក្នុងរដូវវស្សា ទើបអ្នកស្រីសម្រេចចិត្តដាំម្អមនេះតែក្នុងរដូវប្រាំងប៉ុណ្ណោះ។
កសិកររូបនេះក៏បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីទំនេរនៅជុំវិញផ្ទះ គួរងាកមកដាំដំណាំរួមផ្សំផ្សេងៗ ជាជាងការទុកដីឱ្យទំនេរចោល ព្រោះការធ្វើបែបនេះ មិនត្រឹមតែជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតជាប្រភពចំណូលបន្ថែម កាត់បន្ថយការនាំចូលបន្លែពីក្រៅ និងធានាបាននូវបន្លែសុវត្ថិភាពសម្រាប់បរិភោគទៀតផង៕












